ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ខេត្ត​រឿង​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​ចាប់​ត្រាក់ទ័រ​១​គ្រឿង

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អភិបាលស្រុក​បរិបូ​ណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​ប្រតិកម្ម​ជាមួយ​លោក គិត គ​ន្ធា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូ​ណ៍​យ៉ាង​ខ្លាំង ដែល​បាន​លួច​ដោះ​លែង​ត្រាក់ទ័រ​ពីរ​គ្រឿង…

ខេត្តកំពង់ឆ្នាំង ៖ អភិបាលស្រុក​បរិបូ​ណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​ប្រតិកម្ម​ជាមួយ​លោក គិត គ​ន្ធា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូ​ណ៍​យ៉ាង​ខ្លាំង ដែល​បាន​លួច​ដោះ​លែង​ត្រាក់ទ័រ​ពីរ​គ្រឿង នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែមីនា ដែល​អាជ្ញាធរ​ឃុំ ស្រុក និង​សមត្ថកិច្ច​ខំ​ចាប់​បាន​នៅ​ព្រឹក​ថ្ងៃ​១៤ ខែមីនា ក្នុង​ពេល​ដែល​គេ​បាន​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍​។ ករណី​ខាងលើ​នេះ​លោក សាំង គឹ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដោយ​មានការ​ឯកភាព​ពី​គណៈ​បញ្ជាការ​ឯកភាព ស្រុក​បរិបូ​ណ៍ ក្រុមប្រឹក្សា​ឃុំ​ឆ្នុកទ្រូ បាន​សហការ​ជាមួយ​កងរាជអាវុធហត្ថ ប្រចាំការ​ក្នុង​ឃុំ​ឆ្នុកទ្រូ ចុះ​ទៅ​ចាប់​បាន​ត្រាក់ទ័រ​ពីរ​គ្រឿង​របស់​លោក សំ ប៊ុ​ន​ធឿ​ន ដែល​បាន​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ​អស់​ប្រមាណ​ជាង​មួយ​ហិ​កតា ដោយ​គ្មាន​ច្បាប់​អនុញ្ញាត អ្វី​ឡើយ ហើយ​ការ​ឈូស​ឆាយ​ពី​មុន​មក​មាន​ច្រើន​ជាង​នេះ​។

នៅ​ពេល​ចាប់​បាន​ត្រាក់ទ័រ​ទាំង​ពីរ​គ្រឿង ខាងលើ​នេះ លោក​អភិបាលស្រុក​បរិបូ​ណ៍ និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​បញ្ជា​ឲ្យ​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូរណ៍ ដើម្បី​ទាក់ទង​មន្ត្រី​ជំនាញ​ជលផល​ចុះ​មក​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា​នេះ លោក​មេឃុំ​បានឃើញ​ត្រាក់ទ័រ​ទាំង​២​គ្រឿង និង​ចុះ​ទៅ​ដល់​ឃុំ​ឆ្នុកទ្រូ​វិញ​។ ពេល​នោះ​លោក​ក៏​បាន​សួរ​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​គេ​ឆ្លើយ​ថា គេ​បាន​បញ្ជូន​ត្រាក់ទ័រ​នោះ​ទៅ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រួច​ហើយ​។ ជាមួយនឹង​ការ​ចោទប្រកាន់​ខាងលើ លោក គិត គ​ន្ធា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូ​ណ៍​បាន​ឲ្យ​ដឹង​ថា​៖ ការ​ដោះ​លែង​ត្រាក់ទ័រ​នេះ​គឺ​មាន​បញ្ជា​ពី​លោក មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្តកំពង់ឆ្នាំង​។ លោក​អត់​ដឹង​ទេ ព្រោះ​មេ​បញ្ជា​ឲ្យ​ដោះ​លែង​។ ជាមួយ​គ្នា​ដែរ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា លោក​បាន​ឲ្យ​មន្ត្រី​របស់​លោក ចុះ​ទៅ​ពិនិត្យ​មើល តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា​នេះ ចុះ​ទៅ​មិន​ទាន់​ដល់​ផង ស្រាប់តែ​ឮ​ថា គេ​ដោះ​លែង​បាត់​ទៅ​ហើយ​។

លោក​ថា ការ​ដោះ​លែង​បែប​នេះ​វា​ខុស​នឹង​ច្បាប់​។ យ៉ាងនេះ​ក្តី​លោក​នឹង​ឲ្យ​មន្ត្រី​របស់​លោក​ចុះ​ស្រាវជ្រាវ​ក្នុង​រឿង​នេះ​។ ប៉ុន្តែ​រឿង​នេះ ពិតមែន​លោក​នឹង​សុំ​យោបល់​ថ្នាក់លើ​មិន​ឲ្យ​បុគ្គល​ដែល​បំផ្លិចបំផ្លាញ​ព្រៃឈើ​លិច​ទឹក​របស់​រដ្ឋ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​ដោយ​ងាយស្រួល​នោះ​ឡើយ​។ ទាក់ទង​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក សាក់ សា​រ៉ាង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង យើង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ សុំ​ការ​បំភ្លឺ​ដែរ តែ​ទូរស័ព្ទ​មិន​ចូល​ឡើយ​។ ដោយឡែក ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូ​ណ៍ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ ស្រុក ខិតខំ​ចាប់​ត្រាក់ទ័រ​ប្រព្រឹត្ត​បទល្មើស​នេះ​ទាំង​លំបាក បែរជា​កូន​អង្គភាព​មួយ​សោះ​ហ៊ាន​ដោះ​លែង​ត្រាក់ទ័រ​ល្មើសច្បាប់​ដោយ​អត្ត​នោ​ម័ត មិន​សួរនាំ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​មួយ​ម៉ាត់​សោះ គឺ​ដូច​ជា​ជ្រុល​ពេក​ហើយ គឺ​គេ​មិនមែន​ជា​អ្នក​ទៅ​ចាប់​សោះ បែរជា​ហ៊ាន​ដោះ​លែង​ទាំង​បំពាន​ច្បាប់​ដូច្នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ