ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​ទំនិញ​បន្លែ​ផ្លែ​ឈើ​ត្រី​សាច់​ចូល​មក​តាម​ច្រករបៀង​ដូច​ហែ​កឋិន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​បាន​ធ្វើការ​រិះគន់​ដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត ស្វាយ​រៀង​យ៉ាង​ខ្លាំង​ដោយ​បាន​បណ្តោយ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្រប់​ប្រភេទ ដូច​ជា​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ ពោះគោ ពោះជ្រូក គ្រឿងក្នុង​សត្វ ស៊ុត…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​បាន​ធ្វើការ​រិះគន់​ដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្ត ស្វាយ​រៀង​យ៉ាង​ខ្លាំង​ដោយ​បាន​បណ្តោយ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្រប់​ប្រភេទ ដូច​ជា​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ ពោះគោ ពោះជ្រូក គ្រឿងក្នុង​សត្វ ស៊ុត គ្រឿង​កំប៉ុង​ជិត​ហួស​ថ្ងៃ​កំណត់ តាម​ច្រករបៀង​មួយ​ចំនួន​ក្នុង​ខេត្ត មិន​ដែល​ឃើញ​មាន​មន្ត្រី​កាំកុងត្រូល​ជំនាញ​ចុះ​មក​ពិនិត្យ​អ្វី​នោះ​ឡើយ​។ បើ​តាម​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​តាម​ច្រករបៀង​មួយ​ចំនួន​នៅ ក្រុង​បា​វិត និង​ច្រករបៀង​មួយ​ចំនួន​ទៀត​មាននៅ​ច្រករបៀង​សំ​យោង ឃុំ​សំ​យោង ស្រុក​កំពង់​រោ​ទិ៍ និង​ច្រក​តំបន់​បាត្រាស់ ឃុំ​ដូង ស្រុក​រមាស​ហែក ច្រក​ទ្វេរ​ភាគី​បុស​មន ស្រុក​រំដួល​ជាដើម មាន​ឈ្មួញ​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ជា​គ្រឿង​កំប៉ុង បន្លែ​ផ្លែ​ឈើ ត្រី​សាច់ ស៊ុត គ្រឿងក្នុង​សត្វ​ដោយ​រលូន​ដោយ​សង្ស័យ​ថា​មានការ​បើកភ្លើង​ខៀវ​ពី លោក ផឹង និល មេ​កាំកុងត្រូល​ខេត្តស្វាយរៀង និង​កូនចៅ​ចាំ​ប្រមូល​សំណែន​ពី​ឈ្មួញ​ដឹក​ទំនិញ​ទាំងនោះ យ៉ាង​ត្រជាក់​សាច់​ពុំ​មានការ​រំខាន​ពី​មន្ត្រី​កាំកុងត្រូល​នោះ​ឡើយ​។ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ច្រករបៀង​ខ្លះ​មិន​ដែល​ឃើញ​មាន​វត្តមាន​មន្ត្រី​កាំកុងត្រូល​ប្រចាំការ​នៅ​ទីនោះ​ទេ​ឃើញ​មាន​តែ​កម្មករ​ឈរ​ចាំ​រាប់​ក្បាល​ម៉ូតូ និង​ក្បាល​រថយន្ត​ដឹក​ទំនិញ​យ៉ាង​រំភើយ​ទៅ​វិញ មិន​ដែល​ពិនិត្យ​អ្វី​សោះ​ឲ្យ​តែ​មាន លុយ​បង់គ្រប់​ចំនួន​ទៅ​គឺ​រួច​ស្រេច​ទៅ​ហើយ​។

ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​នៅ តាម​ច្រករបៀង​មួយ​ចំនួន​ក្នុង​ខ​ត្ត​ស្វាយ​រៀង ក៏​មាន​ឈ្មួញ​ជន ជាតិ​វៀតណាម​ជា​ច្រើន​នាក់ បាន​នឹង​កំពុង​ដឹក​ជញ្ជូន​ទំនិញ​ដូច​ស្រមោច​ជញ្ជូន​ស្ករ​ជា​ច្រើន​ប្រភេទ នាំ​ចូល​មក​លក់​នៅ​តាម បណ្តា​ទីផ្សារ​មួយ​ចំនួន​ក្នុងភូមិ​សាស្ត្រ នៃ​ទឹកដី​ខេត្តស្វាយរៀង​។ ហើយ​គេ​សង្ស័យ​ថា រាល់​មុខទំនិញ ទាំង​អស់នោះ​ពុំដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​រក​សារធាតុ ដែល​ច្បាប់​ហាមឃាត់ នោះ​ទេ គឺ​និយាយ​ជា​រួម​ចូល​ម៉ា​សេរី​គ្មាន​ការ​រំខាន​ពី​សំណាក់​មន្ត្រី​ជំនាញ​នោះ​ឡើយ​។ ប្រភព​បន្ត​ថា បញ្ហា​ទំនិញ ដែល​ត្រូវ​បាន​ឈ្មួញ​ធ្វើការ​នាំ​ចូល គឺ​កើត​មាន​ច្រើន​នៅ​វេលា​ទៀប​ភ្លឺ (​ចន្លោះ​ពី​ម៉ោង​៥​ទៅ​ម៉ោង​៦​ព្រឹក​) ដោយ​ដឹក​ជា​លក្ខណៈ​ម៉ូតូ ឬ​ម៉ូតូ​រ៉ឺ​ម៉ក ដោយ​មាន​ទ្រុង​ដាក់​ទំនិញ យ៉ាង​ងាយស្រួល​ពុំ​ចាំបាច់​មាន​រថយន្ត​ដឹក​ជញ្ជូន​បន្ត​នោះ​ទេ គឺ​ដឹក​យក​ទៅ​ដាក់​ឱ្យ​ម៉ូយ​នៅ​តាម​ស្តង់ ឬ​តាម​ទីផ្សារ​នានា ជា​ពិសេស​នៅ​ក្រុង​បា​វិត​។ ហើយ​បន្ត​យក​មក​ដល់​ផ្សារ​មួយ​ចំនួន​នៅ​ក្នុង ក្រុង​ស្វាយ​រៀង​ផង​ដែរ ហើយ​ក៏​មាន​ពួក​ឈ្មួញ​ខ្លះ​បាន​បន្ត​ដឹក​ម្ហូបចំណី​..​ទំនិញ​ផ្លែ​ឈើ​ទាំងនោះ ទៅ​ដាក់​នៅ​តាម​បណ្តា​អាហា​ដ្ឋា​ន ភោជនីយដ្ឋាន និង​កាស៊ីណូ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា នា​ពេល​កន្លង​មក​នៅ​តាម​ច្រករបៀង​ដែល​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​នូវ​ផ្លែ​ឈើ បន្លែ ត្រី​សាច់​គ្រឿងក្នុង​សត្វ​ផ្សេង​ៗ​នោះ​តែងតែមាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​ដែល​ច្បាប់​បាន​ហាមឃាត់​មិន​ឱ្យ​ប្រើ​លើ​មុខម្ហូប​ចំណីអាហារ ឬ​ប្រើ​មាន​ចំនួន​កម្រិត​កំណត់​លើ​បន្លែ ផ្លែ​ឈើ ឬ​សាច់សត្វ​ហើយ​ជា​លទ្ធផល​គឺ​បាន​រក​ឃើញ​នូវ​សារធាតុ​ថ្នាំ​បាញ់​សត្វល្អិត​នៅ​លើ​ស្លឹក​គូឆាយ និង​មើម​ខ្ទឹម​ហើយ​មន្ត្រី​ជំនាញ​ទាំងនោះ​ក៏​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ដល់​ពួក​ឈ្មួញ​ឱ្យ​ដឹង​អំពី​ផល​ប៉ះពាល់ នៃ​សារធាតុ​គីមី​ដែល​ច្បាប់​ហាមឃាត់​ចំពោះ​សុខភាព​របស់​អ្នក​បរិភោគ​។ ក៏​ប៉ុន្តែ​មហាជន​នៅ​តែ​ដាក់​ការ សង្ស័យ​ថា ពេល​ខ្លះ​គេ​ឃើញ​មន្ត្រី​កាំកុងត្រូល​ដាក់​ត្រួតពិនិត្យ​ហើយ​មាន​ថត​ចុះ​ផ្សាយ​ពី​សកម្មភាព ចុះ​ត្រួតពិនិត្យ ក៏​ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយមក​គេ​ឃើញ​មន្ត្រី​កាំកុងត្រូល​ដដែល​ទៅ​ដាក់​កុងត្រូលជជុះ​ឈ យក​លុយ​ពី​ឈ្មួញ​យ៉ាង​រំភើយ​មិនដឹង​ថា លោក​មេ​កាំកុងត្រូល​ដឹង ឬ​យ៉ាងណា​ទេ​។

ហើយ​នេះ​ក៏​ជា​ការ​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ដែល​បាន​ចេញ​ទាំង​សារា​ចរណ៍ ណែនាំ​ឈប់​ឲ្យ​មនុស្ស​សត្វ​ចេញចូល និង​ដឹក​ទំនិញ​គ្រប់​ប្រភេទ​តាម​ច្រករបៀង ក៏​ប៉ុន្តែ​មន្ត្រី​កាំកុងត្រូល​បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ឈរជើង​តាម​ច្រករបៀង​ផ្គើន​ប្រសាសន៍​សម្តេច​ក្រឡាហោម​មិន​ខ្ចី​អើពើរ​ឡើយ​។ ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ​ក៏​សំណូមពរ​មន្ត្រី​ជំនាញ​កាំកុងត្រូល ខេត្តស្វាយរៀង ពិសេស​លោក ផឹង និល ជា​ប្រធាន​សាខា​កាំកុងត្រូល​ដ៏​មាន​អំណាច​មេត្តា​ចុះ​ត្រួតពិនិត្យ បន្លែ​ផ្លែ​ឈើ គ្រឿងក្នុង​សត្វ​គោ បេះដូង​គោ ជ្រូក គ្រឿងក្នុង​មាន់​ទា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អ្នក​បរិភោគ​ដោយ​ពួក​គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សង្ឃឹម និង​ទុកចិត្ត​លើ​មន្ត្រី​ជំនាញ​កាំកុងត្រូល ខេត្តស្វាយរៀង​នេះ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​ទៅ​លោក ផឹង និល ដែល​ជា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៨​នេះ បាន​ទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​៕
https://youtu.be/ntLy1p8LtG8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ