ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដេច​កែង​រូស សាន សៅ​យ៉ា​ន់ បាត់​យូរ​លេចមុខ​នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខាង​ប្រើ​កែង​រូស​សាន សៅ​យ៉ា​ន់ ដែល​បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​ម្ដងទៀត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ​ប៉ុន្តែ​មិនមែន​ធ្វើ​ជា​កីឡាករ​ដូច​មុន​ទេ​គឺ​ធ្វើ​ជា​មន្ត្រី​អាជ្ញាកណ្ដាល​និង​ចៅក្រម​នៅ​ទីនោះ​។ ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ អតីត​អ្នក​ប្រដាល់​ដែល​បាន​ក្លាយជា​កីឡាករ​លេចធ្លោ​នៅ​ក្នុង​ទស​វត្សឆ្នាំ​១៩៩០​ដោយសារ​ប្រើ​កែង​រូស​សាន សៅ​យ៉ា​ន់បាន​ប្រាប់​ថា លោក​ពិតជា​មានចិត្ត​រំភើប​យ៉ាង​ខ្លាំង​ដោយសារ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរអនុញ្ញាត​ឱ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​អាជ្ញាកណ្ដាល…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខាង​ប្រើ​កែង​រូស​សាន សៅ​យ៉ា​ន់ ដែល​បាន​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​បាន​បង្ហាញ​ខ្លួន​សា​ជា​ថ្មី​ម្ដងទៀត​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​បឹង​ស្នោ​ប៉ុន្តែ​មិនមែន​ធ្វើ​ជា​កីឡាករ​ដូច​មុន​ទេ​គឺ​ធ្វើ​ជា​មន្ត្រី​អាជ្ញាកណ្ដាល​និង​ចៅក្រម​នៅ​ទីនោះ​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ អតីត​អ្នក​ប្រដាល់​ដែល​បាន​ក្លាយជា​កីឡាករ​លេចធ្លោ​នៅ​ក្នុង​ទស​វត្សឆ្នាំ​១៩៩០​ដោយសារ​ប្រើ​កែង​រូស​សាន សៅ​យ៉ា​ន់បាន​ប្រាប់​ថា លោក​ពិតជា​មានចិត្ត​រំភើប​យ៉ាង​ខ្លាំង​ដោយសារ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរអនុញ្ញាត​ឱ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​អាជ្ញាកណ្ដាល ចៅក្រម និង​ទទួល​ស្គាល់​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​ទៀត​ផង ។ តាម​ពិត​លោក​មាន​ក្ដី​ស្រមៃ​ចង់​មក​បម្រើ​ការងារ​នៅ​ក្នុង​សហព័ន្ធ​កីឡាប្រដាល់​ជា​យូរ​មក​ហើយ ប៉ុន្តែ​គ្មាន​ឱកាស​ទាល់​តែ​សោះ ទើបតែ​ថ្មី​ៗ​កន្លង​មកនេះ​លោក​បាន​ជួប​លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ឯ​ខេត្តបន្ទាយ​មាន​ជ័យ ដោយ​ក្ដី​សន្ដោស​ប្រណី​លោក​ឧត្តមសេនីយ៍​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​មក​ធ្វើ​ជា​មន្ត្រី​អាជ្ញា និង​ចៅក្រម​នៅ​​សង្វៀន​​ទូរទស្សន៍បាយ័ន​តែ​ម្ដង ។

លោក​ប្រាប់​ថា ការ​មក​បម្រើ​ការងារ​ក្នុង​តួនាទី​ជា​អាជ្ញាកណ្ដាល​ចៅក្រម​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​ក្នុង​១​ស​ប្ដា​ហ៍​៣​ថ្ងៃ​គឺ​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ក្នុង​១​ថ្ងៃ​២០​ដុល្លារ ដូច្នេះ​៣​ថ្ងៃ​បាន៦០​ដុល្លារ​ដែរ ។ លោក​បាន​ធ្វើ​ដំណើរ​មក​ពីខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​សុក្រ ហើយថ្ងៃអាទិត្យ​ត្រូវ​ត្រឡប់​ទៅ​វិញ​ពេល​យប់​ដើម្បីបង្ហាត់​សិស្ស ។ លោក​ថា ចំពោះ​ប្រាក់​កម្រៃដែល​លោក​ទទួល​បាន​ពី​ការងារ​នេះ វា​មិនច្រើន​ហើយ​ក៏​មិន​តិច​ដែរ អាច​ជួយ​សម្រួលជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​ខ្លះ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​លោក​សប្បាយ​ចិត្តនឹងធ្វើ​ការងារ​នេះ ដោយសារ​ការងារ​នេះ​ធ្វើឱ្យ​គេ​នឹកឃើញ​លោក​ឡើង​វិញ​ព្រោះការ​បាត់​មុខ​មួយ​រយៈ​យូរ​យ៉ាងនេះ​ធ្វើ​ឱ្យ​អ្នក​ធ្លាប់
គាំទ្រ​លោក​មួយ​ចំនួន​ភ្លេចមុខ​លោក​បាត់​ទៅ​ហើយ​។

អតីត​អ្នក​ប្រដាល់​ល្បី​ដែល​មាន​រហស្សនាមថា ​ស្ដេច​កែង​រូស​សាន សៅ​យ៉ា​ន់ បាន​រៀប
រាប់​ពី​ប្រវត្តិ​របស់​ខ្លួន​ថា លោក​បាន​ឈាន​ជើង​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្លេ​៉ះ ពោល​គឺ​នៅ​ពេល​លោក​បញ្ចប់​ការ​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​៩ ។

គ្រាន់តែ​ឈាន​ជើង​ចូល​ប្រឡូក​នៅ​ក្នុង​ពិភព​កីឡាប្រដាល់​បាន​១​ឆ្នាំ នៅ​ឆ្នាំ​២០០១​លោក​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​ដណ្ដើម​ពានរង្វាន់​ជើងឯក​ទូ​ទាំង​ប្រទេស​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​រាជធានី​ភ្នំពេញ​ដោយ​លោក​ប្រកួត​តំណាង​ឱ្យ​ក្លិប​យោធភូមិ​ភាគ​ទី​៥ និង​បាន​យកឈ្នះ​កីឡាករ នួន បូ​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​បាន​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​បំផុត​នោះ នៅ​ត្រង់​លោក​ពូកែ​ប្រើ​ស្នៀត​កែង​រូស មិន​ថា​គូប្រកួត​ខ្លាំង​ប៉ុនណា​នោះ​ទេ​ឱ្យ​តែ​មក​ជួប​លោក​ម្ដង​ៗ តែងតែ​ទទួល​នូវ​ភាព​ឈឺ​ចាប់​ដោយសារ​ស្នៀត​កែង​រូស​នេះ​ជា​រឿយ​ៗ ។ កាល​ជំនាន់​នោះ កីឡាករ​ប្រដាល់​កម្ពុជា មិន​ទាន់​មានឱកាស​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដូច​សព្វ​ថ្ងៃនេះ​ទេ បើសិនជា​មាន​ដូច​ពេល​នេះ​វិញ​មិនដឹង​ជា​ល្អមើល​យ៉ាងណា​នោះ​ទេ ព្រោះ​អី​ពួក​គេ​សុទ្ធតែ​ខ្លាំង​ៗ​ទាំងអស់ រាល់​ការ​ប្រកួត​ម្ដង​ៗមុន​នឹង​រក​ឃើញ​ចាញ់​ឈ្នះ​សុទ្ធតែ​មាន​របួស​រៀងខ្លួន​។

សាន សៅ​យ៉ា​ន់ បន្ត​ថា ក្រោយមកលោក​បាន​ធ្វើ​ឱ្យ​នួន បូ​រ៉ា ខកចិត្ត​ម្ដងទៀត​នៅ​ពេល​ជួប​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​M150​ក្នុង​ឆ្នាំ​២០០២​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដដែល​ដោយ​លោក​បាន​យកឈ្នះ​នួន បូ​រ៉ា​ដោយ​ពិន្ទុ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ប៉ុន្តែ​នៅ​ពេល​លោក​ឡើង​ដល់​ទម្ងន់​៦០​គីឡូក្រាម​ថ្វីដៃ​ប្រកួត​ចាប់ផ្ដើម​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ​រហូត​ដល់​ឆ្នាំ​២០០៤​ លោក​បាន​សម្រេចចិត្ត​ឈប់​ឡើង​សង្វៀន​ប្រកួត​ចាប់ពី​ពេល​នោះ​មក​។

មក​ទល់​ពេល​នេះ​លោក​មាន​អាយុ​៣៧​ឆ្នាំហើយដោយ​បាន​រៀប​ការ​ប្រពន្ធ​នៅ​ក្នុង​ឆ្នាំ​២០០៤​និង​មានកូន​៤​នាក់​ប្រុស​៣​ស្រី​១​។ កូនប្រុស​ទី​២​ឈ្មោះ​ឆុង វិសាល អាយុ​៩​ឆ្នាំ ត្រូវ​បាន​លោក​បណ្ដុះបណ្ដាល​ឱ្យធ្វើ​ជា​កីឡាករ​ប្រដាល់​ស្នង​តំណែង​លោក​រហូត​មក​ទល់​ពេល​នេះ​ប្រកួត​បាន​៥​ដង​ហើយ ។ សព្វថ្ងៃ​លោក​បាន​បើក​ក្លិប​ប្រដាល់​មួយ​ដែល​មាន​ឈ្មោះ​ថា​«​សៅ​យ៉ា​ន់នាគា​»​មាន​សិស្ស​ហ្វឹកហាត់​ជា​ប្រចាំ​ចំនួន​១៥​នាក់ និង​បង្ហាត់​ដោយ​រូប​លោក​ផ្ទាល់​តែ​ម្ដង ។

លោក​បញ្ជាក់​ថា ក្លិប​ប្រដាល់​របស់​លោក​ទើបតែ​មានការ​ទទួលស្គាល់​ដោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​ឆ្នាំ​២០១៧​នេះ​ប៉ុណ្ណោះ​។

សព្វ​ថ្ងៃនេះ​ទោះបី​កូនសិស្ស​ទាំងអស់​ពេល​ហាត់​រួច​ត្រឡប់​ទៅ​ហូប​បាយ​ផ្ទះ​របស់​ពួក​គេ​វិញ​មែន តែ​ក្លិប​របស់​លោក​នៅ​មានការ​ខ្វះខាត​សម្ភារ​ហ្វឹកហាត់​មួយ​ចំនួន ធ្វើ​ឱ្យ​លោក​ជួប​ការ​លំបាក​ខ្លះ​ៗ​ដែរ តែ​ដោយសារ​តែ​មានចិត្ត​ស្រឡាញ់​វិស័យ​កីឡាប្រដាល់ និង​ចង់ឱ្យ​ក្មេង​ៗ

ទាំងនោះ​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន ក៏​ដូច​ជា​រួមចំណែក​ថែរក្សា​ក្បាច់គុន​បុរាណ​ខ្មែរ​ឱ្យ​បាន​គង់វង្ស​តទៅ​ទៀត ទើប​លោក​សុខចិត្ត​ចំណាយ​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​បង្ហាត់​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ