ម្ចាស់រថយន្ដប្រហែលជាមានអារម្មណ៍មិនល្អ នៅពេលមិនបានប្តូរប្រេងម៉ាស៊ីនរាល់ធ្វើដំណើរបានរយៈចម្ងាយ៣.០០០ម៉ាយម្តង (១ម៉ាយស្មើជាង១,៦គីឡូម៉ែត្រ)។ នេះជាការចាំបាច់មួយសម្រាប់រថយន្ដកាលពីជំនាន់ឆ្នាំ១៩៧០ប៉ុណ្ណោះ តែពេលនេះ វាបានផ្លាស់ប្តូរអស់ហើយ ។
សព្វថ្ងៃនេះ ម៉ាស៊ីនរថយន្តស៊េរីថ្មីៗ ត្រូវបានផលិតឡើងដោយភ្ជាប់មកជាមួយនូវភាពធន់ដែលមិនចាំបាច់ឲ្យយើងប្តូរប្រេងម៉ាស៊ីនញឹកញាប់ដូចកាលពីមុនទេ ។ និយាយបែបនេះ មានន័យថា វាមានការកកិតគ្នាតិចបំផុត ដោយមិនចាំបាច់ត្រូវការប្រេងជួយជាសំខាន់ដូចពីមុនឡើយ ។ ពិតណាស់ ប្រេងម៉ាស៊ីនវាសំខាន់ តែវាមិនសូវជាសំខាន់ខ្លាំងឲ្យយើងឆាប់ប្តូរសម្រាប់ម៉ាស៊ីនរថយន្តថ្មីឡើយ ។
រថយន្តទំនើបភាគច្រើនមានបំពាក់មកជាមួយនូវប្រដាប់ស្ទង់ដឹងពីរយៈពេលនៃការបើកបររបស់អ្នកដឹងថា អ្នកបើករថយន្តនោះញឹកញាប់ឬអត់ និងដឹងពីវដ្តសីតុណ្ហភាពក្នុងម៉ាស៊ីន ដែលទាំងអស់នេះបូកចូលគ្នាបានជាសញ្ញាប្រាប់ឲ្យអ្នកប្តូរប្រេងម៉ាស៊ីន ។
លុះត្រាតែអ្នកបើករថយន្តញឹកញាប់ ហើយឆ្ងាយៗក្នុងសីតុណ្ហភាពក្តៅ ទើបអ្នកត្រូវប្តូរប្រេងម៉ាស៊ីនមុនពេលកំណត់ ។ ចំពោះការបើកបរធម្មតា មិនគួរប្រញាប់ពេកទេ ចាំដល់ពេលសញ្ញាលោតប្រាប់ពីការប្តូរប្រេង គឺជាពេលវេលាត្រឹមត្រូវណាស់ ព្រោះវាដល់ពេលត្រូវប្តូរ ហើយប្រេងម៉ាស៊ីននោះមានភាពរាវ និងបាត់បង់នូវសមត្ថភាពកាត់បន្ថយការកកិតរបស់ម៉ាស៊ីន ។ វាក្លាយទៅជារាវជាងមុន ដោយសារតែការបំបែកនូវម៉ូលេគុលតាមរយៈកម្តៅ និងសម្ពាធ ។ ចំណែកប្រេងម៉ាស៊ីនសព្វថ្ងៃនេះ មានភាពធន់ជាងមុន ព្រោះវាជាប្រេងដែលឆ្លងកាត់ការលាយផ្សំពីសារធាតុផ្សេងៗទៀតក្នុងរោងចក្រ ។
និយាយពីរឿងកម្តៅរបស់ម៉ាស៊ីនដែលធ្វើឲ្យប្រេងម៉ាស៊ីនឆាប់ខូចវិញ គឺមិនសូវជាកើតមានឡើងទេ ។ នេះក៏ដោយសារតែយើងមានកុងទ័រមើលកម្តៅបង្ហាញនៅនឹងមុខស្រាប់។ យើងកម្រឃើញអ្នកបើករថយន្តណាឈប់នៅកណ្តាលផ្លូវចាក់ទឹកណាស់ ព្រោះតែគេបានដឹងមុនតាមរយៈកុងទ័រ ។ លើកលែងតែម្ចាស់រថយន្ដមិនចាប់អារម្មណ៍ពិនិត្យមើលកុងទ័រដែលបង្ហាញនៅលើតាប្លូនោះ ។
តែយ៉ាងណា ដំបូន្មាននេះបានតែសម្រាប់រថយន្តទំនើបមួយចំនួនដែលទើបផលិតថ្មីៗប៉ុណ្ណោះ។ ចំណែកនៅស្រុកយើងវិញ យើងគួរតែធ្វើតាមអ្នកជំនាញប្រាប់វិញល្អជាង ព្រោះតែស្រុកយើងមានអាកាសធាតុក្តៅ ហើយសម្បូរធូលីច្រើនគួរសមនៅតាមផ្លូវ។ ម្យ៉ាងទៀត យើងក៏មិនសូវមានរថយន្តថ្មីចេញពីរោងចក្រដែរ ខណៈរថយន្ដធ្វើដំណើរតាមដងផ្លូវរាល់ថ្ងៃភាគច្រើនគឺរថយន្ដមួយទឹក ៕
ចែករំលែកព័តមាននេះ