ស្ទាក់​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ​គ្រឿងញៀន​ជាង​៤​គីឡូក្រាម


ខេត្តព្រះវិហារ ៖ សេចក្តី​រាយ​ការ​ជាបឋម​ពី​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៣ មីនា ២០១៨ កម្លាំង​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ គ្រឿងញៀន​មួយ​ករណី នៅ​កណ្តាល​ព្រៃ​ឆ្ងាយ​ពី​ទី​រួម​ខេត្តព្រះវិហារ​។ ជនសង្ស័យ​ឈ្មោះ ប៊ី គិ​ន​ខាន់​ចាន់​ថា ហៅ​ស៊ី​យង់ ជនជាតិ​ឡាវ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទីលំនៅ​ភូមិ​គីឡូ​លេខ​១៤ ស្រុក​បា​ចៀង ក្រុង​ប៉ាក់​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ សមត្ថកិច្ច​បង្ក្រាប និង​ចាប់​បាន​សារធាតុ​ញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​គីឡូក្រាម និង​សារធាតុ​ញៀន​ប្រភេទ​យ៉ា​ម៉ា (​ថ្នាំ​ក្រ​វី​ធ្វើ​ឲ្យ​សប្បាយ​) ចំនួន​១​ម៉ឺន​គ្រាប់​។

  នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មីនា នេះ ជនសង្ស័យ និង វត្ថុ​តាង​សារធាតុ​ញៀន​ប្រមាណ ជាង​៤​គីឡូក្រាម​នោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កំពុង​ដឹក​ចេញពី​ក្នុង​ព្រៃ​មក​កាន់​ទីរួមខេត្ត និង​បន្ត​មក​ក្រសួងមហាផ្ទៃ រាជធានី​ភ្នំពេញ​។ ដោយ​យោង​ទៅ​លើ​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកនាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ក្រោម​ការ​ណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

លទ្ធផល​ជាក់ ស្តែង​ករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ឆ្លង​ដែន​ដោយ​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ មីនា ២០១៨ នៅ​ចំណុច​ភូមិ​កំពង់ព្រះ​ឥន្ទ ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្តព្រះវិហារ (​ព្រំប្រទល់​ឡាវ ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់​តាម​ដង​ទន្លេ​ល្ពៅ​) ដែល​សមត្ថកិច្ច​បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ​។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៊ី គិ​ន​ខាន់​ចាន់​ថា ហៅ​ស៊ី​យង់ នេះ​នៅ​កន្លែង​កើតហេតុ រួម​ទាំង​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន ម៉េ​តំ​ហ្វេ​តា​មីន​គ្រាប់ WY ចំនួន​១០.០០០​គ្រាប់ ម៉េ​តំ​ហ្វេ​តា​មីន ICE​ទម្ងន់ ៤.០០០​ក្រាម (៤​គីឡូក្រាម​)៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ