ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៅស៊ូ​ជា​ដំណាំ​កសិឧស្សាហកម្ម ត្រូវ​បាន​ប្រជាពលរដ្ឋ​ដាំ​នៅ​ក្រុងប៉ៃលិន​ច្រើន​ហិ​កតា

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ស្ទើរ​គ្រប់​ប្រភេទ ដូច​ជា​ពោតក្រហម ដំឡូង​មី តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ជា​ពិសេស​អ្នកខ្លះ​ប្រកប​របរ​ដាំ​ដើម​កៅស៊ូ ដែល​ជា​ដំណាំ​កសិឧស្សាហកម្ម​ផង​ដែរ ដើម្បី​លក់​ឱ្យ​ឈ្មួញ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ស្ទើរ​គ្រប់​ប្រភេទ ដូច​ជា​ពោតក្រហម ដំឡូង​មី តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ជា​ពិសេស​អ្នកខ្លះ​ប្រកប​របរ​ដាំ​ដើម​កៅស៊ូ ដែល​ជា​ដំណាំ​កសិឧស្សាហកម្ម​ផង​ដែរ ដើម្បី​លក់​ឱ្យ​ឈ្មួញ តម្រូវ​តាម​ទីផ្សារ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ លី រស់នៅ​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា លោក​បាន​ដាំ​ដើម​កៅស៊ូ​ចំនួន​៣៥​ហិ​កតា ក្នុង​ចម្ការ​របស់​ខ្លួន នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ហើយ​អាច​ប្រមូល​ផល​បាន​ជាង​២០​ហិ​កតា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​ហើយ ។

លោក​បន្ត​ថា តម្លៃ​ទីផ្សារ​ជ័រកៅស៊ូ​រហូត​មក​ដល់​បច្ចុប្បន្ន​ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម​ថ្លៃ​២០​បាត (​ប្រាក់​ថៃ​) ហើយ​ឆ្នាំ​នេះ​លោក​ប្រមូល​ផល​ជ័រកៅស៊ូ​បាន​ជាង​១០០​តោន ។ លោក​បន្ត​ថា ក្នុង​១​រដូវ​ៗ​អាច​ប្រមូល​ផល​បាន​រយៈពេល​១០​ខែ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ចម្ការ​របស់​លោក​ផ្អាក​សិន ប្រហែលជា​កន្លះ​ខែ​ទៀត​នឹង​ចាប់ផ្តើម​ប្រមូល​ផល​សារ​ជា​ថ្មី​ឡើង​វិញ ។

លោក​បញ្ជាក់​ថា កាលពីមុន​ឈ្មួញ​ទិញ​ជ័រកៅស៊ូ​ក្នុង​១​គីឡូក្រាម​ថ្លៃ​រហូត​១០០០០​រៀល ក្រោយមក​ទៀត តម្លៃ​ទីផ្សារ​ហាក់ដូចជា ធ្លាក់​ចុះ​ទាប​ដល់​១​គីឡូក្រាម​លក់​បាន​ត្រឹមតែ​ជាង​១០​បាត​ប៉ុណ្ណោះ ។ តែ​នៅ​ចុងឆ្នាំ​២០១៦​ឡើងថ្លៃ​បាន​២ ទៅ​៣​ខែ​ដែរ​ក៏​ធ្លាក់​ថ្លៃ​ទៅ​វិញ ដោយ​មាន​ឈ្មួញ​ថៃ និង​វៀតណាម ចូល​មក​ទិញ​ដល់​ចម្ការ ។ ទោះបី​យ៉ាងណា​ក៏​ដោយ​ក៏​គ្មាន​អ្វី​ល្អ​ជាង​ការ​ដាំ​ដើម​កៅស៊ូ​នោះ​ទេ បើសិនជា​ថែទាំ​ដូច​ដំណាំ​តា​ង៉ែ​ន នោះ​នឹង​ប្រមូល​ផល​បាន​ច្រើន ។ ជាក់ស្តែង​បន្ទាប់​ពី​លោក​ប្រមូល​ផល​រួច​កន្លង​មក ដោយ​កាត់ថ្លៃ​កម្មករ​រួច ក្នុង​១​ខែ​នៅ​សល់​ប្រាក់​ចំនួន​៥០០០​ដុល្លារ បើសិនជា​កៅស៊ូ​ដាក់​ថ្នាំ ដាក់​ជី ស្រោច​ទឹក ដូច​ដំណាំ​ផ្សេង​ៗ នោះ​នឹង​មាន​ជ័រ​កាន់តែ​ច្រើន អាច​ប្រមូល​លក់​បាន​ប្រាក់​កាន់តែ​ច្រើន​ផង​ដែរ ។ លោក​ចង់ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដាំ​ដំណាំ​ផ្សេង​ៗ និង​កៅស៊ូ​ឱ្យ​បាន​ច្រើន​ចៀសវាង​នាំ​គ្នា​សម្រុក​ដាំពោត​ក្រហម ដាំដំឡូង​មី ព្រោះ​ផល​ចំណេញ​បាន​ទៅ​លើ​តែ​ឈ្មួញកណ្តាល​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ដាំ​ដំណាំ​កៅស៊ូ បាន​ជាង​១៥០០​ហិ​កតា ហើយ​រហូត​មក​ដល់​ពេល​នេះ​តម្លៃ​ជ័រកៅស៊ូ​មានការ​ឡើងថ្លៃ​បន្តិច​វិញ ដោយ​ឈ្មួញ​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​២០​បាត (​ប្រាក់​ថៃ​) ហើយ​ទិន្នផល​ក៏​មានការ​កើនឡើង​ដែរ ព្រោះ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ជាប់​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ