ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម ខៀវ កាញ​រិ​ទ្ធ ផ្ដល់​អំណោយ​សប្បុរសធម៌​ជូន​លោកតា​អាយុ​១០០ឆ្នាំ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក ឈៀង វណ្ណៈ អនុប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក ឈៀង វណ្ណៈ អនុប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន នាំ​យក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម ខៀវ កាញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ទៅ​ប្រគល់​ដល់​ដៃ​លោកតា សំ សុខ អាយុ​១០០​ឆ្នាំ ដែល​កំពុង រស់នៅ​ជាមួយ​កូនស្រី​ឈ្មោះ សំ ផុ​ន អាយុ​៦៨​ឆ្នាំ ជា​អ្នក​មើលថែ តែ​ការ​រស់នៅ​របស់​ពួក​គាត់​ទាំង​ពីរ​នាក់ គឺ​អាស្រ័យ​លើ​ចៅ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​មាន​ទីលំនៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។ ពិធី​ប្រគល់​អំណោយ​នេះ មានការ​ចូលរួម​ពី​អាជ្ញាធរ​លោក​មេ​ភូមិ និង​លោកស្រី​ជំទប់​ទី​២ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ផង​ដែរ​។ លោក ឈៀង វណ្ណៈ បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​អាន​សារព័ត៌មាន កោះសន្តិភាព បាន​ផ្សាយ​ពី​ទុក្ខ​លំបាក របស់​លោកតា ដែល​មាន​អាយុ​ជាង​១​សតវត្ស ( កើត​ខែកុម្ភៈ ឆ្នាំ​១៩១៨) ឯកឧត្តម ខៀវ កាញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មាន​សេចក្តី​អាណិតអាសូរ ចំពោះ​លោកតា ដែល​អាច​នៅ​ចង​ចាំ និង​អាន​អក្សរ​បាន​។ 

តែ​ដោយសារ​មាន​ជីវភាព​ខ្វះខាត លោកតា​បាន​សុំ​សប្បុរ​ជន មេត្តា​ជួយ​គាត់​បាន​ហូប​ឆ្ងាញ់ ក្នុង​ជីវិត​ចុង​ក្រោយ​ផង​។ ហេតុនេះ​ហើយ ឯកឧត្តម ខៀវ កាញ​រិ​ទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន តាម​រយៈ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង បាន​ឧ​ប​ត្ថ​ម​ជូន​លោកតា សំ សុខ អាយុ​១០០​ឆ្នាំ និង​កូនស្រី​អាយុ​៦៨​ឆ្នាំ នូវ​ទឹកប្រាក់​ចំនួន​១​លាន​រៀល អង្ករ​៥០​គីឡូក្រាម និង​ថ្នាំ​ទ្រទ្រង់​សុខភាព​១​ដប​។ ក្រោយ​ពី​បាន​ទទួល​អំណោយ ដ៏​ថ្លៃថ្លា​របស់​ឯកឧត្ដម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោកតា សំ សុខ បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ និង​ជូនពរ ចំពោះ​ឯកឧត្តម និង​ក្រុម​គ្រួសារ សូម​ជួប​ប្រទះ តែ​សេចក្តីសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ជុំ ពៅ ជំទប់​ទី​២ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ក៏​បាន​ថ្លែងអំណរគុណ ដល់​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ព្រមទាំង​បុត្រ​ធីតា សូម​ជួប​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំ​ឃ្លៀងឃ្លាត​ឡើយ​។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ លោក មណ្ឌល កែវ ទីប្រឹក្សា​ផ្នែក​ព័ត៌មាន របស់​ស្ថានីយទូរទស្សន៍ អាស៊ី​អាគ្នេយ៍ និង​ក្រុម​គ្រួសារ បាន​នាំ​យក​នូវ​ទឹកប្រាក់​ចំនួន​៣៥​ម៉ឺន​រៀល ទៅ​ប្រគល់​ផ្ទាល់​ដៃដល់​លោកតា សំ សុខ ដល់​លំនៅ​ដ្ឋា​ន​ផង​ដែរ​។ ដោយ​លោក​បាន​បញ្ជាក់​ថា ទឹកប្រាក់​៣៥​ម៉ឺន​រៀល​នេះ បាន​មក​ពី​អំ​ប្រុស ចៅ ស៊ី​រ៉ា រស់នៅ មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ចំនួន​៥០​ដុល្លារ ស្មើ និង​២០​ម៉ឺន​រៀល បងប្រុស ឡុ​ង ហុ​ក អាជីវករ​ទួល​គោក និង​បងស្រី ហេង ចំណាន ទឹកប្រាក់​ចំនួន​១០​ម៉ឺន រ​រៀល រួម​និង​រូប​លោក​ផ្ទាល់ ទឹកប្រាក់​៥​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ