ខេត្តព្រៃវែង ៖ នៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ គេសង្កេតឃើញថា នៅលើកំណាត់ផ្លូវជាតិលេខ១១ ក្នុងស្រុកពាមរក៌ មានការកកស្ទះចរាចរជារៀងរាល់ថ្ងៃ ជាពិសេសនៅចំណុចចាប់ពីខាងមុខខ្លោងទ្វាវត្តបន្លិចប្រាសាទ រហូតដល់វិទ្យាល័យពាមរក៌ ចំងាយមួយគីឡូម៉ែត្រ ពេលស្ទះម្តងៗរយៈពេលរាប់ម៉ោង ព្រោះគ្មានអ្នកជួយធ្វើចរាចរនោះទេ ។
ប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានឲ្យដឹងថា ផ្លូវជាតិលេខ១១នេះ ក្រុមហ៊ុនចិនកំពុងតែធ្វើការជួសជុល និងពង្រីកផ្លូវឲ្យធំជាមុន ដោយធ្វើចាប់ពីចំណុចរង្វង់មូលទីប្រជុំជនអ្នកលឿង រហូតដល់ផ្លូវជាតិលេខ៧ ត្រង់ចំណុចផ្លូវកែងថ្នល់ទទឹង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយគេឈូសធ្វើម្តងមួយចំហៀង ទុកផ្លូវមួយចំហៀងសម្រាប់ធ្វើដំណើរ ។ ប្រពភពដដែលនេះបានបន្តទៀតថា ពេលចាប់ផ្តើមធ្វើមុនដំបូង គឺមិនសូវមានការកកស្ទះប៉ុន្មានទេ ដោយក្រុមអ្នកធ្វើផ្លូវនោះ គេមានមនុស្ស និងវិទ្យុទាក់ទងសម្រាប់ធ្វើចរាចរនៅចុងផ្លូវ និងដើមផ្លូវ ពេលខាងដើមផ្លូវ បើកឲ្យរថយន្តចេញមក នៅចុងផ្លូវគេឃាត់មិនឲ្យរថយន្តចុងផ្លូវចេញទៅទេ ព្រោះផ្លូវតូចបើបើកឲ្យទៅមកបញ្ច្រាសគ្នានាំឲ្យស្ទះ ហើយការធ្វើបែបនេះគឺបានជួយសម្រួលមិនឲ្យមានការកកស្ទះយូរនោះឡើយ ។
ប៉ុន្តែអំឡុងពេលមួយសប្ដាហ៍ចុងក្រោយនេះ អ្នកបិទអ្នកបើកនៅដើមផ្លូវចុងផ្លូវនោះ មិនដឹងទៅណាអស់ទេ ឃើញតែអ្នកធ្វើផ្លូវគិតតែពីធ្វើ ឯអ្នកដំណើរនាំគ្នាបើកទាំងទៅទាំងមកបញ្ច្រាសគ្នាព្រោះគ្មានអ្នកឃាត់ ពេលមានរថយន្តធំមកដល់ម្តងៗ ធ្វើឲ្យស្ទះជាប់គាំងទៅមុខក៏មិនរួចថយក្រោយក៏មិនកើត ទាល់តែអ្នកដំណើរខ្លះប្រញ៉ាប់ទ្រាំស្ទះយូរមិនបាន ក៏នាំគ្នាចុះពីរថយន្តចេញធ្វើចរាចរ និងប្រើពេលរាប់ម៉ោងទម្រាំរើរួចផុតស្ទះម្តងៗ ។
ដោយឡែកខាងអាជ្ញាធរស្រុកពាមរក៌វិញ បានឲ្យដឹងដែរថា ចំណុចទីតាំងខាងលើនេះគឺពិតជាមានការកកស្ទះជាញឹកញាប់មែន ដោយសារក្រុមអ្នកធ្វើផ្លូវគេបើកឲ្យអ្នកដំណើរឆ្លងកាត់ទាំងទៅ និងមកបញ្ច្រាសគ្នា លើផ្លូវដែលមានទំហំតូច ជាពិសេសពេលមានរថយន្តធំៗបើកមកដល់ម្តងៗ ។ តែទោះជាបែបនេះក្តី ការធ្វើផ្លូវនេះ នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់ផង ហើយបើបងប្អូនណាមានការប្រញាប់ចង់ទៅទីរួមខេត្ត ឬទៅភ្នំពេញ និងខេត្តកំពង់ចាមក្តី បើចេញពីតំបន់អ្នកលឿង សូមបើកវាងតាមផ្លូវជាតិលេខ១ បត់ចូលតាមផ្សារកំពង់សឹង កាត់ទីរួមស្រុកបាភ្នំ ហើយចាក់ឡើងតាមផ្លូវទំនប់បឹងស្នេហ៍ មកឡើងផ្លូវជាតិលេខ១១វិញ នៅត្រង់ចំណុចផ្លូវកែងស្នេហ៍ គឺមិនមានកកស្ទះចរាចរនោះទេ ៕
ចែករំលែកព័តមាននេះ