ខេត្តឧត្តរមានជ័យ ៖ មនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់នឹងស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បានបង្កដោយខ្លួនឯង បើកបរគោយន្តកន្ត្រៃធ្លាក់ពីលើផ្លូវ ចូលទៅក្នុងប្រឡាយក្រឡាប់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែមិនានេះ ។ ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវចុះពីលើភ្នំដងរ៉ែក ស្ថិតនៅចង្កេះភ្នំ ក្នុងភូមិជប់គគី ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះក្រឡាប់គោយន្តកន្ត្រៃទី១-ឈ្មោះ ធៀប ធិន ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកបរគោយន្តរងរបួសស្រាល ទី២-ឈ្មោះ ធៀប ទ្រាត ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ ទី៣-ឈ្មោះ រិត ត្រេត ភេទស្រីអាយុ៣០ឆ្នាំ រងរបួសធ្ងន់ និង៤- ឈ្មោះ ធិន ស្រីហម ភេទស្រី រងរបួសធ្ងន់ ជនរងគ្រោះទាំង៤នាក់ រស់នៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
ប៉ូលិសផ្នែកចរាចរណ៍ស្រុកបន្ទាយអម្ពឹលបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបើកបរគោយន្តកន្ត្រៃទៅមាត់ច្រកតំបន់ជប់គគី ដោយមានគោលបំណងទិញសម្ភារប្រើប្រាស់ និងទំនិញផ្សេងៗទៀត ខណៈពេលធ្វើដំណើរត្រឡប់មកវិញ ហើយបើកបរក្នុងល្បឿនយ៉ាងលឿនបានជ្រុលចង្កូតធ្លាក់ពីលើផ្លូវ ក្រឡាប់បណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលនាំទៅធ្វើការសង្គ្រោះនៅឯខេត្តបូរិរាំប្រទេសថៃ ៕
ចែករំលែកព័តមាននេះ