ខេត្តព្រៃវែង ៖ ដើមរាំងដ៏ធំមួយដើមត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកពារាំងស្ទាក់ចាប់បាន កាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ០៨ ត្រង់ចំណុចខាង លិចគល់ស្ពានស្នាយពល ស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ខណៈដែលក្រុម ឈ្មួញបានដឹកតាមម៉ូតូរ៉ឺម៉កបម្រុងលោតឆ័ត្រឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម។ បើតាមលោក ស៊ឹម កុសល អធិការនគរបាលស្រុកពារាំងបានឲ្យដឹងថា គល់រាំងដែលស្ទាក់ចាប់បាននេះ គឺត្រូវបានក្រុម ឈ្មួញដឹកតាមម៉ូតូរ៉ឺម៉ក ចេញពីស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ហើយឆ្លងកាត់តាមបណ្តោយផ្លូវជាតិ លេខ០៨ ដែលគោលបំណងបម្រុងយកទៅលក់នៅប្រទេសវៀតណាម។
ប៉ុន្តែត្រូវបានកម្លាំងរបស់លោក ស្ទាប់ចាប់ឃាត់ទាន់ពេលវេលាទាំងយប់នៅចំណុចខាងលើ ហើយយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក។ ដោយឡែកអ្នកបើកបររ៉ឺម៉កពេលដែលឃើញកម្លាំងសមត្ថកិច្ចនៅពីមុខ រូបគេបានឈប់រ៉ឺម៉ក រួចលោតចុះរត់ចូលព្រៃគេចខ្លួនបាត់ស្រមោលទាំងយប់ផងដែរ។ លោកអធិការបញ្ជាក់ថា លុះដល់ថ្ងៃទី០៧ មីនានេះ ទើបសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យមន្ត្រីជំនាញជលផលចាត់ការបន្តតាមនីតិវិធី។
ចំណែកលោក មុត ខេមរា នាយសង្កាត់រដ្ឋបាលជលផលស្រុកពារាំងបានប្រាប់ថា ចំពោះដើមរាំងមួយគល់ដ៏ធំដែល មន្ត្រីនគរបាលស្រុកពារាំងឃាត់នោះ ពីបទ ដឹកជញ្ជូនឈើប្រភេទឈើព្រៃលិចទឹកជា លក្ខណៈពាណិជ្ជកម្ម គ្មានលិខិតអនុញ្ញាត។ ហើយបន្ទាប់ពីឃាត់បានសមត្ថកិច្ចបានប្រគល់ឲ្យមក សង្កាត់រដ្ឋបាល រួចលោកបានជួលឡានទៅស្ទូចយកមកដាក់ដាំនៅក្នុងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះហើយដែរ៕
ចែករំលែកព័តមាននេះ