ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តព្រៃវែង​ប្រាប់​ពី​វិធីសាស្ត្រ​ធ្វើ​ស្រូវប្រាំង​ឱ្យ​បាន​ទិន្នផល​ខ្ពស់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក សរ គ្រុយ ជាក​សិករ​នៅ​ភូមិ​ស្គរ​ដាច ឃុំ​តា​កោ ស្រុក​ពោធិ៍​រៀង បាន​​​ប្រាប់​កោះសន្តិភាព​ថា ការ​ធ្វើស្រែ​ប្រាំង​មិនមែន​ជា​ការងារ​ដែល​ងាយស្រួល​នោះ​ទេ…

ខេត្តព្រៃវែង ៖ លោក សរ គ្រុយ ជាក​សិករ​នៅ​ភូមិ​ស្គរ​ដាច ឃុំ​តា​កោ ស្រុក​ពោធិ៍​រៀង បាន​​​ប្រាប់​កោះសន្តិភាព​ថា ការ​ធ្វើស្រែ​ប្រាំង​មិនមែន​ជា​ការងារ​ដែល​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​វា​ក៏​មិន​ពិបាក​ណាស់ណា​ដែរ បើ​យើង​ដឹង​ពី​របៀប​ធ្វើ​និង​វិធី​ទប់ស្កាត់​បញ្ហា ហើយ​ក៏​ទទួល​បាន​ទិន្នផល​ខ្ពស់​ថែម​ទៀត​ផង ជា​ពិសេស​បើ​យើង​អាច​ដឹង​ពី​តម្លៃ​ហាងឆេង​ស្រូវ​នៅ​លើ​ទីផ្សារ​ទៀត​គឺ​រឹតតែ​ល្អ ។

លោក សរ គ្រុយ បាន​ប្រាប់​ពី​បទ​ពិសោធន៍​ដែល​គាត់​ធ្លាប់​ជួប​ប្រទះ ក្នុង​ការ​ធ្វើ​ស្រូវប្រាំង​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ថា ក្រោយ​ពី​ភ្ជួរ​រាស់​ដី​និង​ព្រោះ​គ្រាប់ពូជ​រួច ស្រូវ​ចាប់ផ្តើម​ចេញ​ពន្លក បញ្ហា​ដែល​ជួប​ប្រទះ​មុនគេ​គឺ​ខ្យង​ស៊ី​ស្រូវ បើ​យើង​មិន​កម្ចាត់​វា​ចោល​ទេ ខ្យង​នឹង​ស៊ី​ដើម​ស្រូវ​អស់ ។ ដើម្បី​កម្ចាត់​ខ្យង គេ​ត្រូវធ្វើ​ចង្អូរ​បង្ហូរទឹក​ចេញពី​ក្នុង​ស្រែ​ឱ្យ​អស់ បើ​ក្នុង​ស្រែ​គ្មាន​ទឹក ថ្ងៃ​ក្តៅ​ខ្យង​មិន​អាច​រស់នៅ​បាន​ទេ វា​នឹង​ងាប់​ឬរ​ត់ទៅ​រក​កន្លែង​ផ្សេង​ដែល​មានទឹក ។ ប៉ុន្តែ​គេ​ក៏​អាច​ប្រើ​វិធីសាស្ត្រ​ម្យ៉ាងទៀត​ដែរ គឺ​នាំ​គ្នា​ដើរ​រើស​ប្រមូល​ខ្យង​ចេញពី​ក្នុង​ស្រែ​ឱ្យ​អស់ ទាំង​ខ្យង​ហើយ​និង​ពង​របស់​វា ។

សម្រាប់​ដំណាក់កាល​ទី​២ គឺ​នៅ​ពេល​ដើម​ស្រូវ​ចាប់ផ្តើម​លូតលាស់ ចេញ​ស្លឹក​ខ្ចី​ខៀវ​ស្រងាត់ បញ្ហា​ប្រឈម​គឺ​រឿង​សត្វល្អិត​និង​ជំងឺ​ក្រា​ស៊ី ។ បើ​យើង​ធ្វេសប្រហែស​តែ​បន្តិច​ត្រឹមតែ​២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ វា​នឹង​ធ្វើ​ឱ្យ​ស្លឹក​ស្រូវ​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ចុង ដើម​ក្រិន​លូតលាស់​មិន​រួច ។ ដំណាក់កាល​នេះ គេ​ត្រូវ​ដាក់​ទឹក​បញ្ចូល​ស្រែ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កុំឱ្យ​សត្វល្អិត​កើត​មាន​ច្រើន ហើយ​ត្រូវ​ប្រើ​ថ្នាំ​បាញ់​បង្ការ​ភ្លាម​ៗ បើសិនជា​ពិនិត្យ​ឃើញ​ថា ស្រូវ​បម្រុង​កើត​ជំងឺ​ក្រា​ស៊ី ។ បញ្ហា​ស្មៅ​ក៏​ដូច​គ្នា​ដែរ គេ​មិន​ត្រូវ​ទុក​ឱ្យ​ស្មៅ​ដុះ​ច្រើន​ជាង​ស្រូវ​នោះ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​ស្រូវ​អន់​ហើយ​ទិន្នផល​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នុះ​ដែរ ។

ចំណែក​ដំណាក់កាល​ចុង​ក្រោយ គឺ​នៅ​ពេល​ដែល​ស្រូវ​ចេញ​ដង្ហើម​និង​ចាប់ផ្តើម​ដាក់​គ្រាប់ ភាគច្រើន​ដើម​ស្រូវ​នឹង​កើត​ជំងឺ​ម្យ៉ាងទៀត​ឈ្មោះថា ជំងឺ​បាក់​កកួរ​ស្រូវ ។ ជំងឺ​នេះ​បើ​តាម​អ្នកជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត បាន​អះអាង​ថា វា​កើតឡើង​ដោយសារ​តែ​ការ​ប្រើ​ជី ដែល​មាន​សារធាតុ​អា​ហ្សូ​ត​ខ្ពស់​ពេក ។ ដូច្នេះ​ដំណោះស្រាយ គឺ​យើង​ត្រូវ​ប្រើ​ជី​បំប៉ន​ប្រភេទ​ណា ដែល​មាន​កម្រិត​អា​ហ្សូ​ត​តិច​បំផុត ប៉ុន្តែ​បើ​ជ្រុល​កើត​ជំងឺ​នេះ​ហើយ យើង​គ្រាន់តែ​បញ្ឈប់​ការ​ប្រើ​ជី​ដែល​មាន​ជាតិ​អា​ហ្សូ​តទៅ នោះ​ជំងឺ​នេះ​នឹង​បាត់​ទៅ​វិញ ហើយ​ដើម​ស្រូវ​ក៏​ត្រឡប់​ទៅ​ជា​ល្អ​ប្រសើរ​វិញ​ដែរ ។

ដោយឡែក ប្រជា​កសិករ​ជា​ច្រើន​ទៀត​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​បញ្ជាក់​ដែរ​ថា ក្រៅពី​វិធីសាស្ត្រ​ខាងលើ​នេះ វិធីសាស្ត្រ​ជ្រើសរើស​ពូជស្រូវ​ក៏​សំខាន់​ដែរ ។ យើង​ត្រូវ​ជ្រើស​យក​ពូជស្រូវ​ណា​ដែល​ធន់​នឹង​ជំងឺ ធន់​នឹង​អាកាសធាតុ និង​ប្រើ​រយៈពេល​ដាំ​ដុះ​ខ្លី ជា​ពិសេស​គឺ​ប្រព័ន្ធ​ធារាសាស្ត្រ​តែ​ម្តង បើ​មានទឹក​គ្រប់គ្រាន់​យើង​អាច​ធ្វើ​ស្រូវ​បាន​ដល់​ទៅ​៣​ដង​ក្នុង​១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ