ប្រទេសរុស្ស៊ី ៖ ក្នុងសុន្ទរកថាប្រចាំឆ្នាំនៅមុខសភារុស្ស៊ី ដែលផ្តោតជាពិសេសលើបញ្ហាសេដ្ឋកិច្ច សង្គមកិច្ច និងយោធា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានលើកយ៉ាងវែងពីអាវុធថ្មីពុំអាចទប់ទល់បានទំនើបៗ រហូតដល់នាវាមុជទឹកជំនាន់ថ្មីទាំងឡាយដែលប្រទេសលោកផលិតពិសេសប្រព័ន្ធមីស៊ីលរំលងទ្វីបនុយក្លេអ៊ែរ SARMAT ។
សេចក្តីថ្លែងការណ៍នេះរបស់លោកពូទីន ធ្វើឡើងខណៈសល់ពេល២សប្តាហ៍ទៀតដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលលោកសង្ឃឹមដណ្តើមបានជោគជ័យបន្តអាណត្តិថ្មីមួយទៀតរហូតដល់ឆ្នាំ២០២៤ ។
ក្នុងសុន្ទរកថានេះ លោកពូទីន ចំណាយពេលដល់ជិត១ម៉ោងរៀបរាប់ពីបណ្តាអាវុធទំនើបប្រើបច្ចេកវិទ្យាខ្ពស់ចុងក្រោយទាំងឡាយជាមួយការបញ្ចាំងរូបភាព ព្រមទាំងវីដេអូបង្ហាញទៀតផង ។ លោកបង្ហាញពីមីស៊ីលបណ្តែតប្រភេទថ្មីៗជាមួយការបាញ់បានឆ្ងាយបំផុតរត់លឿនជាងសំឡេងឆ្ងាយ បណ្តានាវាមុជទឹកនុយក្លេអ៊ែរធុនតូចៗរហូតដល់អាវុធកម្មរស្មីឡាស៊ែ ។
លោកពូទីន ថ្លែងថា មានមនុស្សខ្លះគេពុំចង់និយាយជាមួយយើងឡើយ ហើយក៏មានមនុស្សដែលពុំចង់ស្តាប់យើងដែរ ។ ប៉ុន្តែពេលនេះចូរលោកអ្នកស្តាប់យើង ។ លោកថា អាវុធថ្មីទាំងនេះឆ្លើយតបចំពោះសកម្មភាពយោធារបស់សហរដ្ឋអាេមរិក ដែលចង់ដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់ខ្លួននៅអឺរ៉ុបខាងកើត និងនៅកូរ៉េខាងត្បូង ហើយទើបប្រកាន់យកលទ្ធិយោធាថ្មី ដែលឱ្យអាមេរិកមានអាវុធនុយក្លេអ៊ែរធុនតូចថ្មីៗ ។
ទោះបីលោកពូទីន អះអាងថា ពុំគំរាមកំហែងអ្នកណា ហើយពុំគ្រោងប្រើវាសម្រាប់ការវាយលុកក្តី ក្រុងវ៉ាស៊ីនតោនវាយតម្លៃថា ប្រធានាធិបតីរុស្ស៊ីពុំមានឥរិយាបថជាតួអង្គពិភពលោកចម្បងមួយឡើយ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី HEATHER NAUERT ថ្លែងថា លោកប្រធានាធិបតីពូទីន អះអាងពីអ្វីដែលរដ្ឋាភិបាលអាមេរិកដឹងចាប់តាំងពីយូរមកហើយ ។
លោកស្រីបន្តថា រុស្ស៊ីបានពង្រីកប្រព័ន្ធអាវុធបង្កអស្ថេរភាពទាំងឡាយចាប់តាំងពីជាង១០ឆ្នាំមកហើយ ដែលរំលោភបំពានដោយផ្ទាល់រាល់កាតព្វកិច្ច ព្រមទាំងសន្ធិសញ្ញានានា ។ លោកស្រីលើកជាឧទាហរណ៍សន្ធិសញ្ញា INF ស្តីពីអាវុធនុយក្លេអ៊ែររយៈមធ្យម ដែលចុះហត្ថលេខាដោយលោករ៉ូណាល់ រីហ្គេន និងលោកមីខាអុីលហ្គ័របាឆូវ កាលពីឆ្នាំ១៩៨៧ ។
យោងតាមរដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោកស័រហ្គេយ ឆយហ្គួ ថា អាវុធរុស្ស៊ីទាំងឡាយពេលនេះមានអានុភាពលើសរាល់ប្រព័ន្ធការពារប្រឆាំងមីស៊ីលដែលមាន ។ ប្រព័ន្ធការពារប្រឆាំងមីស៊ីលទាំងនេះជាមួយអាវុធថ្មីៗរបស់រុស្ស៊ីមានច្រឡោះប្រហោងហើយ ។
ក្រៅពីការថ្កោលទោសរបស់ក្រសួងការបរទេសអាមេរិក ខាងយោធាអាមេរិកក៏មាន
ទស្សនៈស្រដៀងគ្នា ចំពោះការអួតអាងទាំងឡាយរបស់ប្រធានាធិបតីរុស្ស៊ី ។
អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកស្រី DANA WHITE ថ្លែងថា អាវុធទាំងនេះ ត្រូវបានផលិតចាប់តាំងពីយូរមកហើយ ។ យើងពុំមានការភ្ញាក់ផ្អើលឡើយចំពោះសេចក្តីថ្លែងការណ៍នេះ ហើយអាមេរិកអាចប្រាកដក្នុងចិត្តថា យើងរៀបចំខ្លួនពេញលេញអស់ហើយ។ ដោយគិតដល់អាវុធរុស្ស៊ីទាំងនេះទើបយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មីរបស់សហ
រដ្ឋអាមេរិកត្រូវបានចេញផ្សាយកាលពីដើមខែកុម្ភៈ ។
ក្នុងសុន្ទរកថារបស់លោកប្រធានាធិបតីរុស្ស៊ីក៏សន្យាផងដែរកែលម្អកម្រិតជីវភាពរបស់ប្រជាជនរុស្ស៊ី ហើយកាត់បន្ថយកម្រិតនៃភាពក្រីក្ររយៈពេល៦ឆ្នាំខាងមុខនេះ ។ លោកផ្តោតជាពិសេសលើភាពចាំបាច់កែលម្អសុខុមាលភាពរបស់ប្រជាជន ហើយវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ និងសុខាភិបាល ដើម្បីចៀសវាងកុំឱ្យរុស្ស៊ីមានការយឺតយ៉ាវដែលលោកថានោះជាសត្រូវសំខាន់របស់លោក ៕
ចែករំលែកព័តមាននេះ