ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករម្នាក់​ប្រ​កប​មុខ​របរ​ដាំបន្លែ​តែ​១ឆ្នាំ​ អាច​រក​ប្រាក់​​សង​ធនាគារ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​គ្មាន​មុខរបរ​និង​ការងារ​ប្រចាំ​ថ្ងៃ​ច្បាស់លាស់​ទេ ពិតជា​លំបាក​ក្នុង​ការ​រស់នៅ​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ​ខ្លាំង​ណាស់ ។ ដូច​ជា​កសិករ​ម្នាក់​ឈ្មោះ បាន យិ​ន ភេទ​ស្រីអាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម…

ខេត្ត​ប៉ៃលិន ៖ បើ​គ្មាន​មុខរបរ​និង​ការងារ​ប្រចាំ​ថ្ងៃ​ច្បាស់លាស់​ទេ ពិតជា​លំបាក​ក្នុង​ការ​រស់នៅ​ចិញ្ចឹមជីវិត​ក្រុម​គ្រួសារ​ខ្លាំង​ណាស់ ។ ដូច​ជា​កសិករ​ម្នាក់​ឈ្មោះ បាន យិ​ន ភេទ​ស្រីអាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន កាលពីមុន​ជីវិត​រស់នៅ​ជាមួយ​ស្វាមី​ជា​កម្មករ ចិញ្ចឹម​កូន​រហូត​ដល់​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ ប្រុស​២​នាក់ រក​ព្រឹក​ខ្វះ​ល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹក ។ ក្រោយមក​គាត់​បាន​បង្កើត​គំនិត​ច្នៃប្រឌិត ដោយ​ការ​ដាំ​បន្លែ​លក់​ផ្គង់​ផ្គង់​ជីវភាព ដែល​ធ្វើ​ឲ្យ​គ្រួសារ​គាត់​បាន​ធូរធារផង​ដែរ ។

បើ​តាម​អ្នកស្រី បាន យិ​ន បានឱ្យ​ដឹង​ថារយៈពេល​១​ឆ្នាំ​កន្លង​ទៅ​នេះ ជីវភាព​គ្រួសារគាត់​មានការ​រស់នៅ​ស្រួល​ជាង​មុន ដែល​កាលពី​មុន​ធ្វើ​កម្មករ រក​ព្រឹក​ហូប​ល្ងាច​រក​ល្ងាចហូប​ព្រឹក​ខ្វះមុខខ្វះក្រោយ រហូត​ដល់​ក្រុម​គ្រួសារ​ធ្លាក់ខ្លួន​ឈឺ ខ្ចី​លុយ​គេ​យក​ព្យាបាល ។ ដោយ​គ្មាន​អ្វី​សងបំណុល​គេ ក៏​ដាច់​ចិត្ត​សុំ​ដី​អ្នក​ជិតខាង​ដាំ​បន្លែ​ដូច​ជា​ត្រសក់ទ្រើង សាឡា​ត់ ស្ពៃខៀវ ស្ពៃក្រញាញ់ និង​ត្រកួន​ជាដើម ។ គាត់​រៀបរាប់​ទៀត​ថា ក្រោយ​ពី​កាប់​ដី​ដាក់​ដាំ​បាន​តែ​រយៈពេល​២០​ថ្ងៃ​ទៅ​កន្លះ​ខែ គាត់​អាច​ប្រមូល​ផល​បន្លែ​ទាំងនោះ​បាន ដោយ​មាន​ម៉ូយ​ចូល​ទៅ​ទិញ​ដល់ទី​កន្លែង​ជា​រៀងរាល់ថ្ងៃ​មិនបាច់​បេះ​យក​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ​នោះ​ទេហើយ​គាត់​ក៏​ដាំ​បណ្តាក់​គ្នា​ដោយ​ប្រមូល​ផល​ស្ទើរតែ​ប្រចាំ​តែ​ម្តង ។ ការ​ប្រមូល​ផល​នេះ បើ​ប៉ះ​ចំ​រដូវ​ដែល​មិនសូវ​មាន​បន្លែ​នៅ​ឯ​ផ្សារ គាត់​លក់​បាន​ថ្លៃ ។ ជាក់ស្តែង ពេល​នេះ​សណ្តែកកួរ​១​គីឡូក្រាម​លក់​បាន​ថ្លៃ​៣.៥០០​រៀល​ទៅ​៤.០០០​រៀល ឯ​ត្រសក់ទ្រើង​(​ត្រសក់ផ្អរ​)១​គីឡូក្រាម លក់​បាន​១.៥០០​រៀល​ទៅ​២.០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ​ៗ​គាត់​អាច​បេះ​បាន​ពី​១០០​ទៅ​១៥០​គីឡូក្រាម ។

អ្នកស្រី បាន យិ​ន បញ្ជាក់​ទៀត​ថា សព្វថ្ងៃ​គាត់​អាច​ទទួល​បាន​ចំណូល​ជា​ប្រចាំ​ក្នុង​១​ថ្ងៃ​ៗយ៉ាងតិច​ក៏​១៥​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល​ដែរ ខុស​ពី​មុន​ដែល​ធ្វើ​កម្មករ​សំណង់​ទទួល​បាន​១​ថ្ងៃ​តែ​២​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ធ្វើ​ការងារ​មិន​ហ៊ាន​ឈប់​សម្រាក​ទៀត​ផង ។ លុះ​ពេល​មក​ដាំ​បន្លែ​លក់​វិញ ចង់​ធ្វើ​ពេល​ណា ឈប់​សម្រាក​ពេល​ណា ក៏​មិន​មាន​នរណា​ស្តីថា​ឱ្យ​យើង​ដែរ ។ ដំបូង គាត់​ចេះ​ដាំ​បន្លែ​នេះ​ដោយ​រៀន​ដាំ​ខ្លួនឯង​ទេ តែ​ក្រោយមក​បាន​ខាង​អង្គការ​និង​ខាង​អាជ្ញាធរ​ភូមិ សង្កាត់ ហៅ​ឲ្យ​ទៅ​រៀន​បន្ថែម​ទៀត ទើប​មាន​បច្ចេកទេស​ក្នុង​ការ​ដាំ​បន្លែ​នេះ ។ គាត់​មិន​ឈប់​មុខរបរ​ដាំ​បន្លែ​លក់​ឡើយ ព្រោះ​ជា​អាហារ​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ប្រចាំ​ថ្ងៃ គ្រាន់តែ​ពេល​មាន​ច្រើន​ចុះថោក ហើយ​នៅ​រដូវ​មិនសូវ​សម្បូរ​ឡើងថ្លៃ ធ្វើ​ឱ្យ​គាត់​អាច​បេះ​លក់​សងការ​ជំពាក់​បំណុល​អង្គការ និង​សល់​ប្រាក់​មួយ​ចំនួន​សម្រាប់​ទិញ​ម្ហូបអាហារ​ផ្គត់ផ្គង់​ជីវភាព ។ ជាមួយ​នេះ គាត់​ក៏​អាច​សល់​លុយកាក់​សម្រាប់​ជំរុញ​ឱ្យ​កូន​ៗ​ចំនួន​២​នាក់​ទៅ​រៀន​រាល់ថ្ងៃ មិន​ខ្វះខាត​ដូច​កាលពីមុន​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ