ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​!​ ត្រកូល​អ្នក​ប្រដាល់​ល្បី​នៅ​កម្ពុជា​មានឈ្មោះ​អ្វីខ្លះ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​ប្រដាល់​គេ​កត់​សម្គាល់ថា មាន​អ្នក​ប្រដាល់​ច្រើន​រូប ដែល​ត្រូវ​គេ​ឃើញ​ចូល​ប្រដាល់​ត​គ្នា​ជា​ត្រកូល​តែ​ម្ដង​ខ្លះ​ត​ពី​ឪពុក​ដល់​កូន ខ្លះ​ពី​បង​ដល់​ប្អូន និង​ខ្លះ​ទៀត​ជា​ខ្សែរយៈ​រាប់​បញ្ចូល​តាំងពី​សាច់ញាតិ​និង​អ្នក​ភូមិ​ផង​របង​ជាមួយ​ក៏​មាន ។ អ្នក​ប្រដាល់ទាំងនោះ​បាន​ទាំង​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ភិ​ភព​ប្រដាល់​រហូត​ដល់​ល្បី​ល្បាញ​​ខ្លាំង​នោះ​ផង បើ​ទោះជា​អ្នកខ្លះ​ក៏​បាន​ក្លាយជា​កីឡាករ​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​​ក្រោយ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​ប្រដាល់​គេ​កត់​សម្គាល់ថា មាន​អ្នក​ប្រដាល់​ច្រើន​រូប ដែល​ត្រូវ​គេ​ឃើញ​ចូល​ប្រដាល់​ត​គ្នា​ជា​ត្រកូល​តែ​ម្ដង​ខ្លះ​ត​ពី​ឪពុក​ដល់​កូន ខ្លះ​ពី​បង​ដល់​ប្អូន និង​ខ្លះ​ទៀត​ជា​ខ្សែរយៈ​រាប់​បញ្ចូល​តាំងពី​សាច់ញាតិ​និង​អ្នក​ភូមិ​ផង​របង​ជាមួយ​ក៏​មាន ។

អ្នក​ប្រដាល់ទាំងនោះ​បាន​ទាំង​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ភិ​ភព​ប្រដាល់​រហូត​ដល់​ល្បី​ល្បាញ​​ខ្លាំង​នោះ​ផង បើ​ទោះជា​អ្នកខ្លះ​ក៏​បាន​ក្លាយជា​កីឡាករ​ដែល​មាន​ជីវភាព​ល្អ​ប្រសើរ​​ក្រោយ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ខ្លះ​ទៀត​ក៏​បាន​ត្រឹមតែ​ចិញ្ចឹមជីវិត​ទាំង
លំបាក​​ហើយ​លទ្ធផល​ចុង​ក្រោយ​ក៏​រត់​ទៅ​ធ្វើការ​ដោយ​ប្រើ​កម្លាំង​វិញ​ដដែល​។

យោង​តាម​ការ​បញ្ជាក់ អ្នក​ប្រដាល់​បន្ត​ពី​ឪពុក​ទៅ​កូន ពី​បង​ទៅ​ប្អូន​ទាំងនោះ​ភាគច្រើន
គឺ​ចូល​ប្រដាល់​តាម​គ្នា​មិនមែន​ជា​ចំណូលចិត្ត​នោះ​ទេ ប៉ុន្តែ​ជា​ការ​ចង់​ល្បី​តាម​គ្នា និង​ចង់​បាន​លុយ​ពី​ការ​ឡើង​រេញ​យក​លំនាំ​តាម​គ្នា​ប៉ុណ្ណោះ​។ ត្រកូល​អ្នក​ប្រដាល់​ទាំងនោះ​តាម​ការ​កត់សម្គាល់​គឺ​ពេល​សាច់ញាតិ​របស់​ខ្លួន​ណា​ម្នាក់​ទទួល​បាន​ជោគជ័យ ក៏​ស្ម័គ្រចិត្ត​ចូល​ប្រឡូក​ដែរ ហើយ​ក្នុង​ចំណោម​អ្នកមាន​ចំណូលចិត្ត​ចូល​ប្រដាល់​ជា​លក្ខណៈ​គ្រួសារ​បែប​នេះ គឺ​មិនមែន​ជា​អ្នក​មាន​ជីវភាព​ធូរធារ​នោះ​ទេ ទើប​ការ​ចូល​ប្រឡូក​គេ​អាច​និយាយ​បាន​ថា​គឺ​ដើម្បី​តែ​លុយ និង​ចង់​ឱ្យ​មានកេរ្តិ៍ឈ្មោះ​តែ​មួយ​មុខ​ប៉ុណ្ណោះ ។

កីឡាករ​ដែល​ត្រូវ​គេ​ឃើញ​ចូល​ប្រដាល់​ជា​លក្ខណៈ​គ្រួសារ ហើយ​ទទួល​បាន​ជោគជ័យ​ទាំងនោះ​អ្នកខ្លះ​ក៏​បន្ត​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ពេល​ប្រដាល់​លែង​កើត​ព្រោះតែ​ស្រឡាញ់ និង​ខ្លះ​ឈប់​ដាច់​តែ​ម្ដង ដោយសារ​តែ​ការ​ប្រឡូក​ការ​ប្រដាល់​មិន​អាច​ធ្វើ​ឱ្យ​ពួក​គេ​ធូរធារ ។ នៅ​ក្នុង​ពិភព​ប្រដាល់​គឺ​ស្ទើរតែ​អាច​និយាយ​បាន​ថា សំបូរ​អ្នក​ប្រដាល់​ដែល​មាន​លក្ខណៈ​ជា​ត្រកូល​តែ​ម្ដង ដោយ​ក្នុង​ត្រកូល​ខ្លះ​ក៏​បាន​ល្បីឈ្មោះ​តាំងពី​ឪពុក​ដល់​កូន និង​ខ្លះ​តាំង​ពី​បង​ដល់​ប្អូន​នោះ​ផង ។ ប៉ុន្តែ​គេ​អាច​និយាយ​ជា​រួម​បាន​ថា មាន​ភាគតិច​ណាស់​ដែល​ក្រោយ​ការ​ប្រដាល់​អាច​ធ្វើ​ឱ្យ​គេ​ឈប់​ក្រ​ដូច​អ្វី​ដែល​ធ្លាប់​ចង់បាន ។

យ៉ាងណាមិញ គេ​វិភាគ​ឃើញ​ថា អ្នក​ប្រដាល់​ជា​ត្រកូល​មានឱកាស​ច្រើន​ជាង​អ្នក​ប្រដាល់​​ដោយ​គ្មាន​បក្សពួក ដោយសារ​តែ​កីឡាករ​ប្រដាល់​ទាំងនោះ​ច្រើន​មានសំណាង​ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ប្រកួត​លើ​រេញ ទោះបី​ហ្វឹក​ហាត់​បាន​តិចតួច​នៅឡើយ ឬ​ប្រកួត​មិនសូវ​ល្អ​១០០​ភាគរយ​ក៏​ដោយ ។ នៅ​ក្នុង​ពិភព​ប្រដាល់​មានការ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​កីឡាករ​ល្បីឈ្មោះ​ដោយ​មាន​ខ្សែ​ទាំងនេះ ដោយ​គេ​អះអាង​ថា បើ​ចង់​ប្រដាល់​មិន​មាន​ខ្សែរយៈ ឬ​មិន​មាន​ឪពុក ឬ​បងប្រុស​ជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​ទេ គឺ​ពិតជា​ពិបាក​ល្បីឈ្មោះ ដោយ​សារ​តែ​ប្រឹង​ហ្វឹកហាត់​កម្រិត​ណា ក៏​មិន​ងាយ​នឹង​បាន​ឡើង​រេញ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។

ក្រុម​អ្នកវិភាគ​បន្ត​ថា ស្ថានភាព​ចូល​ប្រដាល់​ជា​លក្ខណៈ​គ្រួសារ​បែប​នេះ​បាន​ជួយ​ឱ្យ​ធនធាន​អ្នក​ប្រដាល់​មានការ​ឈាន​ឡើង​ផង​ដែរ ប៉ុន្តែ​ក៏​នឹង​មាន​កីឡាករ​ដែល​គ្មាន​ឈាម​ជ័រ​ក្នុង​គ្រួសារ​អ្នក​ប្រដាល់​ចង់​បន្ត​ការ​តស៊ូ​នោះ​ដែរ បន្ទាប់​ពី​មាន​ដំណឹង​ថា កីឡាករ​ស្រក​រ​ថ្មី​ទាំងនោះ​ប្រឹងប្រែង​ហ្វឹកហាត់​ណាស់​ដែរ ប៉ុន្តែ​សម្រាប់​ការ​ផ្គូផ្គង​គឺ​មាន​តែ​កីឡាករ​ដែល​មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់ ឬ​មាន​ឪពុក​ជា​គ្រូបង្វឹក និង​ជា​គណៈ​កម្ម​ការ​ផ្សេង​ៗ​។

អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ច្រើន​នាក់​បាន​អះអាង​ថា កីឡាករ​មុន​ការ​ផ្គូរ​ផ្គង គឺ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​យោង​តែ​លើ​ការ​ផ្ដល់​ដំណឹង​ឱ្យ​ពី​គ្រូបង្វឹក​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ទាំង​កីឡាករ​ថ្មី និង​កីឡាករ​ចាស់​ដែល​មានឈ្មោះ​ផ្គូផ្គង​ឡើង​រេញ​គឺ​គ្រូបង្វឹក​ជា​អ្នក​ចាត់​ចែង​ជា​ធំ​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ បាន​អះអាង​ថា លោក​មិនដឹង​ជុំវិញ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្លិប​ប្រដាល់​នីមួយ​ៗ ថា​ដាក់​តែ​កីឡា​ករ​បក្ស​ពួក​ឱ្យ​បាន​ឡើង​រេញ​នោះ​ទេ ប៉ុន្តែ​ជា​បទ​ពិសោធន៍​បណ្ដា​ប៉ុស្ដិ៍​ទូរទស្សន៍​មិន​ស្គាល់​កីឡាករ​ច្រើន​ជាង​គ្រូបង្វឹក​នោះ​ទេ ទើប​កីឡាករ​ណា​ដែល​ខាង​គ្រូបង្វឹក​ផ្ដល់​ឱ្យ​ត្រូវ​តែ​ជ្រើស​យក​មក​ពិចារណា ។ ប៉ុន្តែ​បើ​ឈាន​ដល់​ច្រានចោល​កីឡាករ​នេះ​កីឡាករ​នោះ គឺ​មិន​អាច​នោះ​ទេ ដោយសារ​តែ​ខាង​ប៉ុស្ដិ៍​របស់​លោក​ក៏​ត្រូវ​ពឹង​អាស្រ័យ​តែ​លើ​ម្ចាស់​ក្លិប ដោយ​គ្រាន់តែ​មាន​សិទ្ធិ​ត្រឹម​ពិចារណា ឬ​ពន្យារពេល​ជ្រើស​យក​កីឡាករ​ដែល​ខ្វះ​សមត្ថភាព​ឱ្យ​ឡើង​រេញ​តាម​ការ​ស្នើ​សុំ​ប៉ុណ្ណោះ ។

លោក​ថា កីឡាករ​ដែល​ចូល​ប្រកួត​ហើយ​មាន​លក្ខណៈ​ជា​ត្រកូល​គ្រួសារ​គឺ​មាន​ច្រើន​ក្រុម ដោយ​ក្រុម​ទាំងនោះ​មួយ​ចំនួន​នៅ​តែ​បន្ត​ការ​ប្រកួត​ទាំង​បង​ទាំង​ប្អូន ប៉ុន្តែ​ក្រុម​ខ្លះ​ក៏​បោះបង់​សង្វៀន​ទៅ​ហើយ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា សម្រាប់​ប៉ុស្ដិ៍​របស់​លោក គឺ​លោក​យល់​ថា​អ្នក​ប្រដាល់​ដែល​មាន​លក្ខណៈ​ជា​គ្រួសារ​ហាក់​មាន​ឆន្ទៈ​ចង់​ប្រកួត និង​បន្ត​ការ​ប្រកួត​បាន​ល្អ​ជាង​កីឡាករ​ដែល​មិន​មាន​សាច់ញាតិ​ជា​អ្នក​ប្រដាល់ ទើប​លោក​ចូល​ចិត្ត​យក​អ្នក​ប្រដាល់​ទាំងនោះ​ឱ្យមក​ប្រកួត ហើយ​បើ​និយាយ​ពី​ការ​ឡើង
រេញ​វិញ​គឺ​ទោះជា​កីឡាករ​ជើង​ថ្មី​ក៏​មាន​ថ្វីដៃ​ល្អ​ដែរ ដោយសារ​តែ​គេ​ជា​សាច់ញាតិ​របស់​អ្នក​ប្រដាល់​ស្រាប់​ច្រើន​តែ​មាន​ដុ​ង​ពី​កំណើត មានការ​ជំរុញ និង​មានការ​បង្វឹក​ខ្លួន​បាន​ម៉ត់ចត់​ជាង​កីឡាករ​ដែល​នៅ​ក្រៅ​ក្លិប ។

លោក​ទទួល​ស្គាល់​ស្ថានភាព​អ្នក​ប្រដាល់​បែងចែក​មិន​ដាច់​ពី​រឿង​បក្សពួក និង​ខ្សែរយៈ ប៉ុន្តែ​បើ​កីឡាករ​មិន​មាន​ខ្នងបង្អែក​មាន​សមត្ថភាព​ប្រកួត​បាន​ល្អ ក៏​បណ្ដា​ប៉ុស្ដិ៍​យក​មក​លើក​ស្ទួយ​នោះ​ដែរ ប៉ុន្តែ​មក​ពី​ឡើង​រេញ​បាន​តែ​មួយ​ប្រាវ​ច្រើន​តែ​ធ្លាក់ដៃ​វិញ​ព្រោះ​មិនសូវ​បាន​ហាត់ និង​ខ្វះ​ការ​ជំរុញ​ខុស​ពី​កីឡាករ​មាន​ឪពុក​មាន​បង​ជា​អ្នក​ប្រដាល់ ទើប​កីឡាករ​ដែល​មាន​លក្ខណៈ​ជា​អ្នក​ប្រដាល់​ត​ត្រកូល​ហាក់​មាន​កម្រិត​ល្អ​ជាង​។

យោង​តាម​ការ​ស្រាវជ្រាវ​អ្នក​ប្រដាល់​ជា​លក្ខណៈ​គ្រួសារ​ត​កូនចៅ​ទាំងនោះ​រួម​មាន​៖

+ ត្រកូល​ភូ​ថង ៖ លោក អេ ភូ​ថង មិន​ត្រឹមតែ​បាន​ប្រឡូក​ការ​ប្រដាល់​ព្រោះតែ​ចង់បាន​លុយ​កាលពី​ក្មេង ហើយ​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ប្អូន​របស់​លោក​គឺ​អូត ភូ​ថង និង​កូនប្រុស​ស្រី​ទាំង​៣​របស់​លោក​ក៏​ក្លាយជា​អ្នក​ប្រដាល់​ទាំងអស់​ផង​ដែរ ។

ដោយឡែក​ភរិយា​របស់​លោក​មិនមែន​ជា​អ្នក​ប្រដាល់​នោះ​ទេ ប៉ុន្តែ​ក្រោយ​ការ​រួមរស់​ជាមួយ​លោក​ជា​ស្វាមី​ក៏​ចេះ​ក្បាច់គុន​ប្រដាល់​ហើយ​ប្រែក្លាយ​ខ្លួន​ជា​គ្រូបង្វឹក ជា​អាជ្ញា​កណ្ដាល ជា​ចៅក្រម​ផ្ដល់​ពិន្ទុ​នៅ​សង្វៀន​ទូរទស្សន៍​បាយ័ន​។

+ ត្រកូល​នួន ៖ ដ្បិតថា​បាន​បាត់​មុខ ប៉ុន្តែ​លោក នួន ភិ​រម្យ និង​ប្អូនប្រុស​នួន ភា​រ័ក្ស ក៏​ធ្លាប់​អង្រួន​សង្វៀន​ប្រដាល់​ឱ្យ​មានការ​ចាប់អារម្មណ៍​ផង​ដែរ ។ មក​ទល់​ពេល​នេះ កូន​ប្រុស​របស់​លោក នួន ភារ​ម្យ កំពុង​ត្រូវ​បាន​បណ្ដុះ​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់ ខណៈ​ដែល​ភរិយា​របស់​លោក​ក៏​ក្លាយជា​គ្រូបង្វឹក និង​ជា​ចៅក្រម​ផ្ដល់​ពិន្ទុ​មិន​ចាញ់​ស្វាមី​ឡើយ​។

+ ​ត្រកូល​ឃី​ម ៖ កីឡាករ​ត្រកូល​នេះ រួម​មាន​ទាំង​ឪពុក​បន្ត​ដល់​កូន​២​នាក់ គឺ​ឃី​ម ឌី​ម៉ា​(​ឃុន ឌី​ម៉ា​) និង​ឃី​ម បូ​រ៉ា ។ អ្នក​ទាំង​ពីរ​បាន​ស្នង​តំណែង​ឪពុក​ហើយ​បាន​វិ​វត្ត​ក្លាយ​ខ្លួន​ជា​កីឡាករ​ល្បីឈ្មោះ​យ៉ាង​ខ្លាំង​នា​ពេល​ចុង​ក្រោយ​។

+ ត្រកូល​បឺត ៖ កីឡាករ​ក្នុង​ត្រកូល​នេះ ក៏​ល្បី​កក្រើក​សង្វៀន​ណាស់​ដែរ ជា​ពិសេស​កីឡាករ​បឺត ខាំ​, បឺត សង្ឃឹម និង​បឺត សំខាន់ ។

មក​ទល់​ពេល​នេះ អ្នក​ទាំង​បី​បាន​ក្លាយជា​គ្រូ​បង្វឹក និង​ជា​អ្នក​បើក​ក្លិប ដោយនៅ​សល់​តែ​បឺត សង្ឃឹម​ប៉ុណ្ណោះ ជា​ប្អូន​បន្ដ​ការ​ប្រកួត​ស្នង​តំណែង​បងប្រុស ហើយ​កេរ្តិ៍ឈ្មោះ​ក៏​កំពុង​លូត​ខ្លាំង​គួរសម​ផង​ដែរ​។

+ ត្រកូល​ម៉​ន ៖ នៅ​ក្នុង​ត្រកូល​នេះ​អាច​និយាយ​បាន​ថា អ្នក​ប្រដាល់​ជា​ពូជ​តែ​ម្ដង ដោយ​សារ​តែ​លោក ម៉ាង ម៉​ន ក្រោយ​ពី​ឈប់​ប្រដាល់​ក៏​បាន​បើក​ក្លិប​ហើយ​បណ្ដុះ​កូន​ៗ​ទាំង​អស់​របស់​លោក​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់ ដែល​រួម​មាន កីឡាករ ម៉​ន សា​ម៉េ​ត​, ម៉​ន ព្រហ្ម​ម៉ា​ញ និង​ម៉​ន វិ​រៈ ជាដើម ហើយ​សុទ្ធតែ​នៅ​ប្រដាល់ និង​មានកេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំងក្លា​។

+ ត្រកូល​ឡៅ ៖ បើ​ទោះជា​ឡៅ ស៊ី​ណាត ជា​បង​បាន​សម្រេចចិត្ត​លាឈប់​ពី​សង្វៀន
ប្រដាល់​ក៏​កីឡាករ ឡៅ ច​ន្ទ្រា និង​ឡៅ ចិ​ត្ត្រា ជា​ប្អូន​កំពុង​ជាប់​កំណត់​ត្រា​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្លាំង​ទាំង​ផ្នែក​ប្រដាល់សេរី និង​សាកល ហើយ​ថ្វីដៃ​និង​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​គឺ​កាន់តែ​ល្បី​ខ្លាំង​។

+ ត្រកូល​យុគ ៖ ពីរ​នាក់​បងប្អូន យុគ យក្ស​គី​ល និង​យុគ យក្ស​ផ្លែ បាន​បន្ត​តំណែង​ជា​អ្នក​ប្រដាល់​បន្ត​ពី​ឪពុក ហើយ​បើ​ទោះជា​ក្រោយ​ពី​យុគ យក្ស​គី​ល បញ្ចប់​ការ​ប្រដាល់ ហើយ​យុគ យក្ស​ផ្លែ ក៏​ចាប់ផ្ដើម​ធ្លាក់ដៃ ក៏​ត្រកូល​មួយ​នេះ​នៅ​តែ​មាន​អ្នក​ចង​ចាំ​ពី​ថ្វីដៃ​ដែល​ធ្លាប់​រំលេច​ឡើង​នៅ​លើ​សង្វៀន​ផង​ដែរ​។

+ ត្រកូល​ឡុ​ង ៖ ឡុ​ង សុវណ្ណ​ឌឿ​ន និង​ឡុ​ង សុវណ្ណ​ពៅ ក៏​ជា​កីឡាករ​ពីរ​នាក់​បងប្អូន​ដែល​​នៅ​តែ​ល្បី​មិនធម្មតា​មក​ទល់​នឹង​ពេល​នេះ ដ្បិតថា​អ្នក​ទាំង​ពីរ​មិន​ទាន់​រក​ឃើញ​អ្នក​ស្នង​តំណែង​បន្ត​សម្រាប់​ត្រកូល​ខ្លួន​ក្ដី​។

+ ត្រកូល​ឈិ​ន ៖ កីឡាករ ឈិ​ន ក្វា​ន់​ង៉ុ​យ ដែល​បន្ត​តំណែង​ពី​ឪពុក​ឈិ​ន ក្វា​ន់​ចៃ នៅ​តែ​មាន​ឈ្មោះ​ជា​កីឡាករ​ល្អ​ម្នាក់ ថ្វី​ដ្បិតតែ​រយៈពេល​ចុង​ក្រោយ​គេ​រាង​ធ្លាក់ដៃ​ជាង​មុន​បន្តិច​ក្ដី​។

+ ត្រកូល​ឯម ៖ ក្រុម​ត្រកូល​នេះ​ក៏​មិនធម្មតា​ផង​ដែរ ជា​ពិសេស​ឯម វុ​ត្ថា​, ឯម វិចិត្រ និង​ឯម ខ្លឹម​ខ្មៅ ជាដើម សុទ្ធតែ​បាន​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​បើ​ទោះជា​ត្រកូល​របស់​ពួក​គេ​កាន់តែ​មាន​វ័យ​ជ្រេ ហើយ​ឈប់​ប្រដាល់​ស្ទើរ​អស់​ទៅ​ហើយ​ក្ដី​។

+ ត្រកូល​សែន ៖ ពីរ​នាក់​បងប្អូន​សែន រ៉ា​ឌី និង​សែន រ៉ា​ដេ​ត ក៏​ជា​កីឡាករ​ស្នង​ត្រកូល​គ្រួសារ​​មួយ​ដែល​បាន​ល្បីឈ្មោះ​ក្រោយ​សម្រេចចិត្ត​ឡើង​ប្រដាល់​លេង​ៗ​ផង​ដែរ ។ មក​ទល់​ពេល​នេះ អ្នក​ទាំង​ពីរ​នៅ​តែ​ល្បី​សម្រាប់​ការ​ប្រដាល់ បើ​ទោះជា​សែន រ៉ា​ឌី កាន់តែ​រយាល​ពី​ការ​ប្រដាល់​ក្រោយ​បើកហាង​បុកល្ហុង​ក៏​ដោយ​។

ក្រៅពី​ត្រកូល​អ្នក​ប្រដាល់​ដែល​បាន​រៀបរាប់​ខាងលើ ត្រកូល​អ្នក​ប្រដាល់​ផ្សេង​ទៀត​ក៏​មាន​ឈ្មោះ​បោះ​សំឡេង​ផង​ដែរ ដោយ​គ្រាន់តែ​កីឡាករ​ខ្លះ​ដ្បិតថា​បាន​ប្រើ​ត្រកូល​តែ​មួយ ប៉ុន្តែ​ពួក​គេ​គ្រាន់តែ​ប្រើ​ត្រកូល​របស់​គ្រូបង្វឹក​ប្រចាំ​ក្លិប មិនមែន​ជា​បងប្អូន​គ្នា និង​ចូល​ប្រឡូក​បាន​តិចតួច​ក៏​បាត់​មុខ ឬ​លាឈប់​ទាំងស្រុង​ទៅ​ហើយ​ទើប​មិន​ត្រូវ​បាន​ជ្រើសរើស​យក​មក​លាតត្រដាង​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ