រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែង ឯម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យព្រះកុសុមៈបន្ទាប់ពីពួកគេជិះម៉ូតូម្នាក់មួយគ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នាហើយបានបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹកថ្ងៃទី ២៦ ធ្នូ នៅលើកំណាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចវាលត្នោតទ្រេតស្ថិតក្នុងភូមិស្រែញរសង្កាត់ពងទឹក ខណ្ឌដង្កោ ។
ម៉ូតូដែលបុកគ្នាបង្កឲ្យមានអ្នកស្លាប់ទាំងសងខាងនោះ ត្រូវបានគេស្គាល់ថា មួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1D-3031បើកបរដោយឈ្មោះដុម សុមិនា ហៅដុមច័ន្ទសេរី ភេទប្រុស អាយុ២៩ឆ្នាំ ជាគរុនិស្សិតមានទីលំនៅភូមិផ្សាររកា ឃុំរកា ក្នុងស្រុកដូនកែវខេត្តតាកែវ បានស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥សេ៊រី២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1E-9019បើកបរដោយឈ្មោះ សុទ្ធ ឌីសាធ ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិខ្លាគ្រហឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូទាំងពីរគ្រឿងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាដោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេ៊រី២០០៧ ពណ៌ខ្មៅ បើកបរពីត្បូងទៅជើង ចំណែកម៉ូតូម៉ាកហុងវ៉េវបើកពីជើងទៅត្បូង លុះដល់ចំណុចកើតេហតុម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥សេ៊រី២០០៧ បានបើកវ៉ារថយន្តមួយគ្រឿងដែលកំពុងបើកស្របទិសគ្នារួចក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាកហុងដាវ៉េវពេញទំហឹងតែម្ដង ។ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុអ្នកជិះម៉ូតូម៉ាកវ៉េវបានស្លាប់នៅនឹងកន្លែងចំណែកឯអ្នកជិះម៉ូតូម៉ាកហុងដាសេ១២៥សេ៊រី២០០៧ពណ៌ខ្មៅរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យក៏បានស្លាប់ដែរ ដោយឡែកម៉ូតូទាំងពីរគ្រឿងបានរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំដូចគ្នាក្នុងនោះម៉ូតូវ៉េវបានដាច់កង់មុខទៀតផង ។
កម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌដង្កោ និងប៉ូលិសប៉ុស្តិ៍សង្កាត់ពងទឹកបានចុះទៅកាន់កន្លែងកើតហេតុដើម្បីសម្រួលចរាចរណ៍ និងបានប្រគល់ឲ្យប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ វាស់វែងនិងនាំយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ