រាជធានីភ្នំពេញ ៖ ការតស៊ូព្យាយាមអំណត់អត់ធន់នៅក្នុងការងារអ្វីមួយ រមែងទទួលបានជោគជ័យនៅក្នុងថ្ងៃណាមួយមិនខាន ។ ជាក់ស្ដែងកីឡាការិនីជនពិការ សុង សុខលាភ កាលពី១០ឆ្នាំមុនគ្រាន់តែជាអត្តពលិកជនពិការធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងខាងផ្នែកកីឡា ក៏ដូចជាភាសាបរទេសទៀតផងនោះធ្វើឱ្យកីឡាការិនីរូបនេះត្រូវបានតែងតាំងជាមន្ត្រីសម្របសម្រួលលើប្រភេទកីឡាអត្តពលកម្មនៅក្នុងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ជួបអ្នកយកព័ត៌មានកោះសន្តិភាព កីឡាការិនីសុង សុខលាភ បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនជូនប្រិយមិត្តអ្នកអានបានជ្រាបថា អ្នកស្រីមានបងប្អូន៤នាក់ប្រុស២នាក់ស្រី២នាក់ អ្នកស្រីជាកូនទី២នៅក្នុងគ្រួសារ ។ អ្នកស្រីបានកំព្រាឪពុកម្ដាយតាំងពីនៅតូចម៉្លេះ ដោយសារតែអ្នកមានគុណទាំងពីរចែកផ្លូវគ្នាធ្វើឱ្យអ្នកស្រីត្រូវមករស់នៅជាមួយជីដូនតាំងពីអាយុ៣ឆ្នាំ ។ ពាក់ព័ន្ធនឹងពិការភាពអ្នកស្រី សុង សុខលាភ ថាបានកើតមានឡើងតាំងពីអ្នកស្រីអាយុ៣ឆ្នាំដោយសារតែជំងឺគ្រុនក្ដៅ បណ្ដាលឱ្យស្ពឹកជើងខាងឆ្វេងដើរលែងរួចតាំងពីពេលនោះមក ។ លុះដល់ឆ្នាំ១៩៩៦ អ្នកស្រីទទួលបានការព្យាបាលពីគ្រូពេទ្យបារាំងអស់រយៈពេលជាច្រើនឆ្នាំទម្រាំជាសះស្បើយប៉ុន្តែមិនអាចធ្វើដំណើរបានល្អដូចគេឯងទេ។
អ្នកស្រីសុង សុខលាភ រៀបរាប់បន្តថា តាមពិតអ្នកស្រីមានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម និងបានមករស់នៅរាជធានីភ្នំពេញ តាំងពីឆ្នាំ២០០៩ នៅពេលអ្នកស្រីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ។ សព្វថ្ងៃអ្នកស្រីមានអាយុ២៨ឆ្នាំ បានរៀបការនៅក្នុងឆ្នាំ២០១១និងមានកូនប្រុស១ម្នាក់ ។ ស្វាមីអ្នកស្រីឈ្មោះគង់ សារ៉េត អាយុ៣៦ឆ្នាំជាគ្រូបណ្ដុះបណ្ដាលព្យាបាលផ្នែកចលនានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។អ្នកស្រីបានចូលបម្រើការងារជាអ្នកស្ម័គ្រចិត្តនៅក្នុងមជ្ឈមណ្ឌលជាតិជនពិការតាំងពីឆ្នាំ២០០៩មកម្ល៉េះ មុនពេលអ្នកស្រីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ។
អ្នកស្រីបានចូលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលជាតិជនពិការរយៈពេល៣ឆ្នាំទទួលបន្ទុកជាអ្នកសម្របសម្រួលមូលនិធិចាប់តាំងពីឆ្នាំ២០១២ដល់២០១៥ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីមិនអាចបំភ្លេចបាននោះ គឺនៅពេលអ្នកស្រីចាប់យកអាជីពជាអ្នកលេងកីឡាហែលទឹករយៈពេល២ឆ្នាំពីឆ្នាំ២០១៤ដល់២០១៦ ។ ការចាប់យកអាជីពជាកីឡាការិនីហែលទឹករយៈពេល២ឆ្នាំនេះ បើទោះជាមិនមានការរីកចម្រើនក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ក៏អាចធ្វើឱ្យជីវិតអ្នកស្រីបបានភ្លក់រសជាតិជាអ្នកកីឡានិងមានចិត្តស្រឡាញ់វិស័យកីឡាតាំងពីពេលនោះមក ។ ដោយសារតែវ័យកាន់តែច្រើន ការងារក៏មមាញឹកនៅក្នុងស្ថាប័នកីឡាជនពិការទៀតផងនោះ អ្នកស្រីក៏សម្រេចចិត្តលាឈប់ពីអាជីពជាកីឡាការិនីហែលទឹក បន្ទាប់ពីត្រូវបានតែងតាំងជាមន្ត្រីសម្របសម្រួលលើប្រភេទកីឡាអត្តពលកម្មនៅក្នុងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។
អ្នកស្រីសុង សុខលាភ ក៏បានបញ្ជាក់ផងដែរថា អ្នកស្រីធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលជាគ្រូបង្វឹកថ្នាក់ជាតិនិងអន្តរជាតិច្រើនវគ្គ ហើយថ្មីៗទើបតែទទួលបានលិខិតបញ្ជាក់ការសិក្សាជាគ្រូបណ្ដុះបណ្ដាលកម្រិតអន្តរជាតិបន្ថែមទៀត។
ជាមួយនឹងបទពិសោធន៍ដ៏ច្រើនដែលអ្នកស្រីមាន អ្នកស្រីត្រូវបានអគ្គលេខាធិការណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជ្រើសរើសជាអ្នកដឹកនាំប្រតិភូកីឡាទៅចូលរួមប្រកួតស្ទើរតែគ្រប់ព្រឹត្តិការណ៍ទាំងក្នុងប្រទេសនិងក្រៅប្រទេសជាញឹកញាប់ទៀតផង ។
គួរបញ្ជាក់ថា អ្នកស្រីសុង សុខលាភ ត្រូវបានគេចាត់ទុកជាបុគ្គលឆ្នើមមួយរូបដែលបានខិតខំតស៊ូព្យាយាមយ៉ាងលំបាកតាំងពីកុមារភាព រហូតទទួលបានជោគជ័យក្នុងជីវិតរហូតមកទល់សព្វថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ