ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ន ឈី ជើង​ថ្មី​សន្លាង បំបាក់​ជើង​ខ្លាំង​ស៊ឹ​ម ប៊ុ​ន​ឆៃ ឱ្យ​ហាលអាវ​មិន​គួរ​ជឿ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ​ទី២៤ កុម្ភៈ នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ព្រែក​​កំពិស ស្ថាប័ន​មួយ​នេះ​បាន​រក​ឃើញ​ជើង​ខ្លាំង​២​រូប​ទៀត​ហើយ​ឡើង​អង្គុយ​កៅ​អី​១៦​នាក់ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឡើង​ទៅ​អង្គុយ​កៅអី​១៦​នាក់​បាន​ចំនួន​៨​នាក់​រួច​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ​ទី២៤ កុម្ភៈ នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ព្រែក​​កំពិស ស្ថាប័ន​មួយ​នេះ​បាន​រក​ឃើញ​ជើង​ខ្លាំង​២​រូប​ទៀត​ហើយ​ឡើង​អង្គុយ​កៅ​អី​១៦​នាក់ បន្ទាប់​ពី​រក​ឃើញ​អ្នក​ឡើង​ទៅ​អង្គុយ​កៅអី​១៦​នាក់​បាន​ចំនួន​៨​នាក់​រួច​មក​ហើយ ។ កីឡាករ រឿ​ន ឈី មក​ពី​ក្លិប​ស្វាយ​រលំ​ឫ​ទ្ធី​ជ័យ ដែល​ត្រូវ​គេ​ស្គាល់​ជា​កីឡាករ​ថ្មី​សន្លាង បាន​ឡើង​អង្គុយ​កៅអី​ក្នុង​វគ្គ​១៦​នាក់ ក្រោម​ការ​ចាប់អារម្មណ៍​ពី​អ្នក​ទស្សនា​ខ្លាំងក្លា​តែ​ម្ដង ដោយសារ​តែ​បាន​វាយបំបាក់​កីឡាករ​ជើង​ខ្លាំង​មួយ​រូប គឺ​ស៊ឹ​ម ប៊ុ​ន​ឆៃ ឱ្យ​ធ្លាក់​ហាល​អាវ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Series K-Cement ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​។

យោង​តាម​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​គ្មាន​អ្នក​ណា​មិន​ភ្ញាក់ផ្អើល​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ​ស្រករ​មុន និង​ជំនាន់​ថ្មី​២​រូប​ប៉ះ​គ្នា ហើយ​កីឡាករ​វ័យក្មេង រឿ​ន ឈី បង្គោល​​ខៀវ បែរជា​អាច​ទម្លាក់​គូប្រកួត​ឱ្យ​ធ្លាក់​ហាល​អាវ​មិន​គួរ​ជឿ ក្នុង​ពេល​ដែល​គូ​ប្រកួត​របស់​លោក​ដែល​បាន​ឡើង​ប្រកួត​នោះ គឺជា​ជើង​ខ្លាំង​ម្នាក់ ហើយ​ត្រូវ​បាន​គេ​ទទួលស្គាល់​កេរ្តិ៍​ឈ្មោះ​ជា​ជើង​ខ្លាំង​យូរ​មក​ហើយ ។ មានការ​កត់​សម្គាល់ថា ការ​បរាជ័យ​របស់​ស៊ឹ​ម ប៊ុ​ន ឆៃ មក​ពី​ក្លិប​ព្រៃ​ទទឹង ខេត្តបាត់ដំបង ដែល​ជា​កីឡាករ​ល្អ​ម្នាក់ មិនមែន​ជា​រឿង​ស៊យ​ឬ​ភ្លាត់ស្នៀត​នោះ​ទេ តែ​ជា​ការ​បរាជ័យ​ដោយ​ខ្វះ​បច្ចេកទេស និង​ជំហរ​វាយ​ទប់​១០០​ភាគរយ​តែ​ម្ដង ជា​ពិសេស​ក្នុង​ពេល​ដែល​កីឡាករ​ជា​គូប្រកួត​របស់​លោក​ហាក់​មាន​បច្ចេកទេស​ល្អ​ជាង​ក្នុង​ការ​វាយលុក​ម្ដង​ៗ​។

រឿ​ន ឈី ប្រកួត​ជាមួយ​កីឡាករ ស៊ឹ​ម ប៊ុ​ន​ឆៃ នៅ​ក្នុង​ថ្ងៃ​នោះ គ្មាន​អ្នក​ណា​ស្មានថា កីឡា​ករ​ដែល​ទើប​មានមុខ​ឡើង​ប្រកួត​ដណ្ដើម​​ជើងឯក​រូប​នេះ ធ្វើ​បាន​ល្អ​ដល់​ម្ល៉ឹង​នោះ​ទេ ប៉ុន្តែ​​អ្វី​ៗ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​គេ​អាច​វាយ​ទម្លាក់​ជើង​ខ្លាំង​មួយ​រូប​ឱ្យ​ធ្លាក់​ហាល​អាវ​យ៉ាង​អាម៉ាស់ ហើយ​ធ្លាក់​ក្នុង​ស្ថាន​ភាព​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី​២​ទៅ​ទៀត ។ ជាង​ពាក់កណ្ដាល​អ្នក​ទៅ​ទស្សនា​ដោយ​ផ្ទាល់​សុទ្ធតែ​មានការ​ភ្ញាក់ផ្អើល​ដែល​អ្នក​ឆ្លង​កាត់​ការ​ប្រកួត​បាន​ច្រើន​រាប់​មិន​អស់ បែរជា​ប្រកួត​ទៅ​មិន​រួច​ជាមួយ កីឡាករ​ថ្មោងថ្មី ដែល​ស្ទើរ​មិន​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ណា​​ម្នាក់​ស្គាល់​ពី​មុន​ទាល់តែ​សោះ ។ គ្រប់​គ្នា​សុទ្ធតែ​មានការ​លើក​ឡើង​ថា​កីឡាករ រឿន ឈី នឹង​មិន​អាច​ទៅ​រួច​ជាមួយ​កីឡាករ​ជើង​ចាស់​បាន​ទេ ប៉ុន្តែ​ផ្ទុយ​ពី​ការ​លើក​ឡើង​គឺ​គេ​មានឱកាស​បាន​ឈ្នះ​ការ​ប្រកួត​ទាល់​តែ​បាន ដោយសារ​តែ​គេ​មាន​បច្ចេកទេស និង​កម្លាំង​ស៊ុ​ហ្វ​ល្អ​ជាង​ដាច់​ឆ្ងាយ ។

កីឡាករ​វ័យក្មេង រឿ​ន ឈី ក្រោយ​ពី​ត្រូវ​ប្រកា​សថាបាន​វាយ​គូប្រកួត​ឱ្យ​បោះបង់​ការ​តស៊ូ​ក្នុង​ទឹក​ទី​២ គេ​អរ​ស្ទើរ​ហោះ ជា​ពិសេស​ក្នុង​ពេល​ដែល​គេ​ក៏​ភ័យ​បុក​ពោះ​ថា ការ​សន្លប់​របស់​គូប្រកួត​គឺជា​ការ​ចាប់កំហុស​ក្រែង​លោក​វាយ​ថែម​ជ្រុល​នោះ​ផង ។ ពេញ​រយៈពេល​២​ទឹក គេ​ឃើញ​កីឡាករ​ស៊ឹ​ម ប៊ុ​ន​ឆៃ ប្រឹង​បញ្ចេញ​ក្បាច់​ប្លែក​ៗ​ដើម្បី​វាយ​សម្លុត​គូប្រកួត​យ៉ាង​ខ្លាំង ប៉ុន្តែ​កម្រិត​នៃ​ការ​វាយ​ចេញ​របស់​គេ គឺ​រំពឹង​តែ​លើ​គូប្រកួត វាយ​សម្រុក ហើយ​បាក់​ជំហរ​ប៉ុណ្ណោះ បើ​ឱ្យ​លោក​ស្ទុះ​វាយ​ចេញ​មុន​ដើម្បី​យក​តែម គឺ​មិនសូវ​មាន​ទេ​សម្រាប់​​​ការ​ប្រកួត​មួយ​នេះ អ៊ីចឹង​ហើយ​ទើប​ឱកាស​បាន​ឈ្នះ​មិន​អាច​ទៅ​រួច​។

ការ​ប្រកួត​ទាំងមូល កាន់តែ​ឃើញ​ពី​ចំណុចខ្សោយ​របស់​គេ​ទ្វេ​ដង នៅ​ពេល​ដែល​កីឡា​ករ​វ័យក្មេង រឿ​ន ឈី អាច​វាយ​សម្រុក​ត្រូវ​ចំ​គោលដៅ ហើយ​ប្រើ​កម្លាំង និង​បច្ចេកទេស​វាយ​ចូល​ដោយ​មិន​ញញើត​គូប្រកួត ដែល​ធ្វើ​ឱ្យ​អ្នក​ណា​ៗ ក៏​ញាក់សាច់ និង​កោត​សរសើរ​​​មិន​ដាច់ ។ មួយ​ដៃ​ៗ​របស់​កីឡាករ​ស៊ឹ​ម ប៊ុ​ន​ឆៃ ដែល​ត្រូវ​ចំ​គោលដៅ​ម្ដង​ៗ​គឺ​មាន​ទម្ងន់​ខ្លាំង ប៉ុន្តែ​កីឡាករ​រឿ​ន ឈី នៅ​តែ​អាច​ទប់​ជាប់ ហើយ​វាយ​សម្រុក​បាន​ល្អ ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំង​មួល​ត្រូវ​អ្នកគាំទ្រ​ពេញចិត្ត ជា​ពិសេស​ក្នុង​ពេល​ដែល​គេ​ស្ទុះ​ចូល​វាយ​ប្ដូរ ហើយ​លទ្ធផល​ចុង​ក្រោយ​អាច​ឱ្យ​កីឡាករ ស៊ឹ​ម ប៊ុ​ន​ឆៃ បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ស្រាប់តែ​កីឡាករ​វ័យក្មេង​មិនសូវ​មានបទពិសោធន៍​ច្រើន រឿ​ន ឈី អាច​បំបាក់​កីឡាករ​ល្បីឈ្មោះ និង​ជា​ជើង​ខ្លាំង​ម្នាក់​ឱ្យ​ធ្លាក់​ហាលអាវ​មុន​ចប់​ទឹក​ទី​៣។ លោក​ថា រវាង​កីឡាករ​ទាំង​ពីរ​បើ​និយាយ​ពី​បទ​ពិសោធន៍​គឺ​ខុស​គ្នា​ជិត​មួយ​ជា​២ ប៉ុន្តែ​មក​ពី​កីឡាករ​ខុស​ជំនាន់​ទាំង​ពីរ​មាន​គីឡូ​ប៉ុនគ្នា ហើយ​ហ៊ាន​ប្រកួត​គ្នា​ក្នុង​ពេល​ផ្គូផ្គង ទើប​ខាង​គណៈ​កម្ម​ការ​សម្រេចចិត្ត​ដាក់​ឱ្យ​ប្រកួត​ដណ្ដើម​ជើង​ឯក​រួម​គ្នា ។ លោក​ថា ការ​ប្រកួត​ណ្ដើ​ម​ជើង​ឯក​រដូវ​កាល​ថ្មី​ទើបតែ​បាន​ស​ប្ដា​ហ៍​ទី​៥​ប៉ុណ្ណោះ​ តែ​មាន​ភាព​ទាក់ទាញ ដោយសារ​សមាសភាព​កីឡាករ​ខ្លាំង​ៗ និង​ល្បីឈ្មោះ​រហូត​ដល់​ជាង​ពាក់​កណ្ដាល ក៏​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​។

ក្នុង​ចំណោម​កីឡាករ​៣២​រូប​ដែល​ខាង​គណៈ​កម្ម​ការ​ទើបតែ​ជម្រើស​ថ្មី មាន​លាយឡំ​ទាំង​កីឡាករ​ល្បី​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ និង​កីឡាករ​វ័យក្មេង​មួយ​ៗ ដោយសារ​តែ​លោក​ចង់​បណ្ដុះ​អ្នកមាន​សមត្ថភាព​ជំនាន់​ក្រោយ ។ យ៉ាងណា​មិ​ញ​លោក​ថា បើ​ទោះជា​ក្នុង​ចំណោម​សមាស​ភាព​ដែល​ចូលរួម​ប្រកួតប្រជែង មាន​កីឡាករ​មួយ​ចំនួន​វ័យក្មេង និង​មានបទពិសោធន៍​តិច​ជាង​កីឡាករ​ៗ​ជើង​ចាស់ តែ​លោក​ប្រកាស​ថា គឺ​សុទ្ធតែ​ជា​កីឡា​ករ​ដែល​មាន​សមត្ថភាព​ដូច​ជា​ករណី​កីឡាករ រឿ​ន ឈី ដែល​អាច​បំបាក់​ជើង​ខ្លាំង​បាន​កាលពី​ថ្ងៃ​សៅរ៍ គឺជា​ភស្តុ​តាង​ស្រាប់់ ។ លោក​ថា កីឡាករ​ល្បីឈ្មោះ ហើយ​ឆ្លងកាត់​ការ​ប្រកួត​បាន​ច្រើន មិន​ប្រាកដ​ថា អាច​មើល​ស្រាល​កីឡាករ​វ័យក្មេង​ដែល​ទើប​ឈាន​ឡើង​បាន​ទេ ដោយសារ​តែ​ក្នុង​ពេល​ប្រកាស​ជ្រើសរើស​គឺ​លោក និង​គណៈកម្មការ​សុទ្ធតែ​បាន​កត់សម្គាល់​ពី​បច្ចេកទេស និង​ភាព​ក្លាហាន​របស់​កីឡាករ​ទាំង​៣២​រូប ។ ខណៈ​រូប​មន្ត​ដែល​បាន​ធ្វើ​ឡើង​ក៏​ត្រូវ​លោក​ប្រកាស​ថា មិន​មាន​ប៉ុស្ដិ៍​ផ្សេង​ធ្វើ​បាន ដោយសារ​តែ​ការ​ប្រកួត​ម្ដង​ៗ​គឺ​ត្រូវការ​ជ្រើសរើស​កីឡាករ​ដែល​មាន​សមត្ថភាព និង​គីឡូ​ឱ្យ​ត្រូវ​គ្នា​រហូត​ដល់​៣២​រូប​មក​ពី​ក្លិប​ផ្សេង​គ្នា ក្រោម​រូបមន្ត​ឱ្យ​ប្រកួត​ចាប់​គូ​គ្នា​ចាញ់​ធ្លាក់​ៗ ដែល​មិន​ភ័យ​រឿង​អ្នក​ណា​ប្រកួត​មិន​អស់ដៃ ។

លោក​បាន​ហៅ​រូប​មន្ត​នេះ​ថា ជា​រូបមន្ត​ធ្វើ​ឱ្យ​លោក និង​អ្នកគាំទ្រ​ពេញចិត្ត​រាល់​លទ្ធផល​ដែល​កើតឡើង ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​ប្រឹង​ប្រកួត​អស់ដៃ ដែល​អាច​និយាយ​​បាន​ថា អ្នក​ចាញ់​ធ្លាក់ និង​អ្នក​បាន​ឡើង​សុទ្ធតែ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អស់ចិត្ត​មិន
ខុស​​​គ្នា ។ ឆ្លង​ផុត​ការ​ប្រកួត​ស​ប្ដា​ហ៍​ទី​៥ គឺ​មាន​ន័យ​ថា សង្វៀន​ប៉ុស្ដិ៍​លេខ​៥​របស់​លោក​រក​ឃើញ​អ្នក​ឡើង​អង្គុយ​កៅអី​១៦​នាក់​បាន​១០​រូប​ហើយ ដោយ​រង់​ចាំតែ​៣​ស​ប្ដា​ហ៍​បន្ទាប់​ត្រូវ​បញ្ចប់​នឹង​ឈាន​ដល់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ