ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំដែន​កម្ពុជា​-​ថៃ​ខេត្ត​ប៉ៃលិន​មានការ​អភិវឌ្ឍ​ខ្លាំង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អ្នកធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ទិស​ខាងលិច​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ ដល់​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នោះ​នឹង​ឃើញ​មានការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់ ហើយ​អ្វី​ដែល​គេ​សង្កេត​ឃើញ​មាន​ភាព​លេចធ្លោ​ជាងគេ​នោះ គឺ​មាន​ក្រុមហ៊ុន​រៀបចំ​ពុះ​ដី​ឡូ​តិ៍ អង្កន់​ដាក់​លក់…

ខេត្ត​ប៉ៃលិន ៖ អ្នកធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ទិស​ខាងលិច​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ ដល់​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ នោះ​នឹង​ឃើញ​មានការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់ ហើយ​អ្វី​ដែល​គេ​សង្កេត​ឃើញ​មាន​ភាព​លេចធ្លោ​ជាងគេ​នោះ គឺ​មាន​ក្រុមហ៊ុន​រៀបចំ​ពុះ​ដី​ឡូ​តិ៍ អង្កន់​ដាក់​លក់ និង​បង់​រំ​លោះ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ និង​ការ​សាងសង់​សំណង់​ផ្សេង​ៗ ពិសេស គឺ​អគារ​កាស៊ីណូ​ថ្មី​ៗ ដែល​កំពុង​ចាប់ផ្តើម​សាងសង់​ជា​បណ្តើរ​ៗ ធ្វើ​ឱ្យ​រីក​ស្គុះស្គាយ​ព្រោងព្រាត នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ខេត្ត​ប៉ៃលិន​តែ​ម្តង ។

ព័ត៌មាន​ពី​លោក​មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កំពុង​តែ​មានការ​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ នៅ​ក្នុង​ទឹកដី​ភូមិ​ផ្សារ​ព្រំ ដោយ​ខាង​ឈ្មួញ​មានការ​ពុះ​ដី​ឡូ​តិ៍លក់​ជា​បណ្តើរ​ៗ ហើយ​នៅ​ជាប់​នឹង​អូរ​ព្រំដែន ក៏​មានការ​ឈូស​ឆាយដី អភិវឌ្ឍន៍​ថ្មី​ៗ​ទៀត គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា មានការ​សាងសង់​ផ្ទះល្វែង ការ​សាងសង់​ផ្ទះ​វីឡា និង​ធ្វើ​អគារ​កាស៊ីណូ​ថ្មី​ៗ ថែម​ទៀត ក្នុង​នោះ​គេ​ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ចូល​មក​ស្នាក់​នៅ​ធ្វើការ​កាស៊ីណូ ។

ម្យ៉ាងវិញទៀត​ការ​ប្រកប​របរ​ទទួលទាន​របស់​អ្នក​ភូមិ​រស់នៅ​ក្នុង​តំបន់​នោះ មានការ​លក់ដាច់​ច្រើន​ជាង​មុន ព្រោះ​មាន​ម៉ូយ​ចូល​ទិញ​ទាំង​យប់ ទាំង​ថ្ងៃ ហើយ​មាន​ជនជាតិ​ប្លែក​ៗ​ដូច​ជា ជនជាតិ​ចិន​ជាដើម ។

ចំណែក​អ្នក​ប្រកប​របរ​រត់​ម៉ូតូឌុប​ក៏​រកបាន​ម៉ូយ​ច្រើន​ដឹក​ចេញពី​កាស៊ីណូ​ទៅ​ផ្ទះ​ជួល និង​ផ្ទះសំណាក់​ដោយ​ក្នុង​១​ថ្ងៃ​ៗ បាន​ប្រាក់​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង​ដែរ ។

ដោយឡែក​គេ​មិនសូវ​ឃើញ​អ្នក​រស់នៅ​ក្បែរ​ព្រំដែន​នេះ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ប៉ុន្មាន​នោះ​ទេ ព្រោះ​ម្នាក់​ៗ​មានការ​ងារ​ធ្វើ​រៀង​ៗ​ខ្លួន បើ​មាន​អ្នក​ទៅ​ធ្វើ​ការងារ​នៅ​ទឹកដី​ថៃ មាន​ត្រឹមតែ​ពេលទំនេរ​ពី​ការងារ​ប៉ុណ្ណោះ លុះដល់​រដូវ​ប្រមូល​ផល​ពោតក្រហម និង​ដំឡូង​មី​ក៏​នាំ​គ្នា​ត្រឡប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ