សង្វេគ​ណាស់ ! ប្តី​ស្លាប់​ចោល​តាំងពី​សម័យ​សង្គ្រាមដូន​ចាស់ជរា​ក៏​ពិកា​ដៃ​ម្ខាង​គ្មាន​ទីពឹង​ទៀត


ខេត្តកំពត ៖ ដូន​ចាស់​ម្នាក់​នេះ​រស់នៅ​គ្មាន​កូន​គ្មាន​ចៅ​ប្តី​ស្លាប់​ចោល​តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ហើយ​រូប​គាត់​ពិកា​ដៃ​ម្ខាង​ទៀត បងប្អូន​ស្លាប់​ចោល​អស់​សព្វថ្ងៃ​រស់នៅ​ជាមួយ​ក្មួយ​ស្រី​បង្កើត​​ជា​ស្ត្រី​មេម៉ាយ​ដោយ​សុំ​ដី​អ្នកស្រុក​សង់​ខ្ទម​តូច​ល្មម​មួយ​រស់នៅ​ជាមួយ​ក្មួយ​ស្រី​យ៉ាង​វេទនា​បាន​​ហូប​ដោយ​អ្នក​ភូមិ​ផ្តល់​ឲ្យ​មួយ​ថ្ងៃ​រួច​មួយ​ថ្ងៃ ។ ដូន​ចាស់​ខាងលើ​មានឈ្មោះ ម៉​ម ច្រេច រស់នៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ។

បើ​តាម​ប្រភព​ក្មួយ​ស្រី​ដែល​រស់នៅ​ជាមួយ​បាន​ឲ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​គាត់​នៅ​មាន​កម្លាំង​គាត់​បាន​ទៅ​ស៊ី​ឈ្នូ​ល​លាងចាន​ឲ្យ​គេ​នៅ​ពេល​អ្នកស្រុក​មាន​រវល់​ដូច​ជា​ធ្វើបុណ្យ ឬ​ពិធី​អ្វី​ផ្សេង​ៗ​នៅ​តាម​ផ្ទះ​ដើម្បី​បាន​ថវិកា​បន្តិចបន្តួច​គ្រាន់​ទិញ​បាយ​ហូប​តែ​មក​ដល់​ពេល​នេះ​គាត់​កាន់​តែ​ចាស់ជរា​ខ្លាំង​ពុំ​សូវ​មាន​កម្លាំង​ដូច​ពី​ប៉ុន្មាន​ខែ​មុន​នោះ​ទេ ។ ដូច្នេះ​ត្រូវ​រស់នៅ​ពឹង​កម្លាំង​ក្មួយ​ស្រី​ដែល​រស់នៅ​ជាមួយ ។ សព្វថ្ងៃ​បាន​ក្មួយ​ចេះ​តែ​ដើរ​រក​បេះ​បន្លែបង្កា​ដែល​ដុះ​ក្នុង​ព្រៃ​ដូច​ជា​ស្លឹក​ល្ងៀង និង​បន្លែ​ផ្សេង​ៗ​ទៀត​យក​ទៅ​លក់​ដើម្បី​បាន​លុយ​បន្តិចបន្តួច​ទិញ​ម្ហូប និង​អង្ក​ដោះស្រាយ​រួច​មួយ​ពេល​ៗ ។

ដោយ​ក្តាប់​បាន​ព័ត៌មាន​ខាងលើ​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត រួម​នឹង​សហការី​អង្គភាព​តុលាការ ព្រមទាំង​សប្បុរសជន​ដែល​មានឈ្មោះ មាន លាប និង​ភរិយា​របស់​លោក​ឈ្មោះ អ៊ុ​ក អាន រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ក៏​បាន​សហការ​ចូលរួម​បរិច្ចាគ​នូវ​សម្ភារ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ចុះ​សួរសុខទុក្ខ​ដល់​ដូន​ចាស់ និង​ជូនអំណោយ​ដល់​ដូន​ចាស់​គ្មាន​ទីពឹង​ខាងលើ ៕

សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ