ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូនបានស្គាល់​រម​ណីយដ្ឋាន​ «ទឹកធ្លាក់​៣២​ជាន់​»ឬនៅ?

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្ពុជា​សម្បូរ​ទៅ​ដោយធនធានធម្មជាតិ និង​រមណីយដ្ឋាន​ជា​ច្រើន ទាំង​រមណីយដ្ឋាន​កែ​ច្នៃ និង​រមណីយដ្ឋាន ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត ឬ​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។…

ខេត្ត​ប៉ៃលិន ៖ កម្ពុជា​សម្បូរ​ទៅ​ដោយធនធានធម្មជាតិ និង​រមណីយដ្ឋាន​ជា​ច្រើន ទាំង​រមណីយដ្ឋាន​កែ​ច្នៃ និង​រមណីយដ្ឋាន ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែល​ជា​ប្រភព​ចំណូល​មិន​ចេះ​រីងស្ងួត ឬ​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ។ ដោយឡែក​នៅ​ខេត្ត​ប៉ៃលិន​ទឹកដី​ត្បូង​ពេជ្រ មាន​រមណីយដ្ឋាន​ថ្មី​មួយ​ទើប​រក​ឃើញ​មានឈ្មោះ​ថា «​រម​ណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់​» ប្រកបដោយ​ធម្មជាតិ​ស្រស់បំព្រង រួម​ជាមួយ​ទឹកធ្លាក់​ដ៏​ត្រជាក់ និង​ព្រៃ​ភ្នំ​ក្រំ​ថ្ម គួរ​ជាទី​ទាក់ទាញ​អារម្មណ៍​អ្នកទេសចរ ។

រមណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់ ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​៥​ទៅ​៦​គីឡូម៉ែត្រ បើ​គេ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ចេញពី​រង្វង់​មូល​ទីរួមខេត្ត ឆ្ពោះទៅ​ទិស​ខាងលិច​ឆៀង​ខាងត្បូង ប្រហែល​២០​ទៅ​២៥​នាទី​នឹង​ទៅ​ដល់ទី​នោះ ប៉ុន្តែ​មិន​អាច​បើកបរ​រថយន្ត​ចូល​ទៅ​កើត​ទេ ព្រោះ​អាជ្ញាធរ​កំពុង​រៀបចំ​សម្រួល​ផ្លូវ ។ រមណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់ មា​នទី​តាំងនៅ​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ជា​កន្លែង​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ​ពណ៌​បៃតងខ្ចី ។ រមណីយដ្ឋាន​នេះ​ជា​កន្លែង​ថ្មី​មួយ​ដែល​គេ​ទើបតែ​រក​ឃើញ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បើសិនជា​មាន​ភ្ញៀវ​ទេសចរ​ណា​ម្នាក់​បាន​ចូល​ទៅ​លេង​កម្សាន្ត​នឹង​ពោល​សរសើរ​ពេញចិត្ត​ធម្មជាតិ​ដ៏​ល្អ​វិសេស​នោះ​ជាក់​ជា​មិន​ខាន​ឡើយ ។

បើ​តាម​លោក​មួន យ៉​ត អាយុ​៤៨​ឆ្នាំ និង​លោកស្រី​ទិ​ត្យ ផល្លា អាយុ​៤៧​ឆ្នាំ ជា​អ្នក​រស់នៅ​តំបន់​នោះ រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រមណីយដ្ឋាន​ទឹកធ្លាក់​៣២​ជាន់ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ខៀវ ហើយ​បើ​គិត​ពី​កំពូលភ្នំ​មក​ដល់​ជើងភ្នំ ទឹកធ្លាក់​៣២​ជាន់​មាន​ប្រវែង​ប្រមាណ​ជាង​៤​ទៅ​៥​គីឡូម៉ែត្រ ។ ទឹកធ្លាក់​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​ច្រើន​ដំណាក់ ដូច​ជា​ដំណាក់​ស្ថិត​នៅ​ក្រោម​គេ​បង្អស់​(​ជើងភ្នំ​) គឺ​ប្រៀប​ដូច​ជា​ថ្លុក ឬ​ស្រះ​ត្រពាំង​តូច​មួយ​សម្រាប់​ឱ្យ​អ្នកទេសចរ​ចុះ​ទៅ​ងូតទឹក​លេង​កម្សាន្ត​ដ៏​ត្រជាក់ចិត្ត ត្រជាក់​បេះដូង ពេល​ងូតទឹក​ហើយ​ហាក់ដូចជា​ស្រមៃ​ទៅ​ដល់​ឋានសួគ៌​៌ា ។ ដំណាក់​នៅ​ចង្កេះភ្នំ មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ប្រវែង​ប្រមាណ​៣​ទៅ​៤​គីឡូម៉ែត្រ​ដែល​ហូរ រឹម​ៗ​អាច​ឱ្យ​អ្នកទេសចរ​ងូតទឹក​កម្សាន្ត​លេង​យ៉ាង​សប្បាយ​រីករាយ​ក្នុង​អារម្មណ៍​បំបាត់​ភាព​តានតឹង និង​អាច​នឹកឃើញ​ពី​គន្លឹះ ថ្មី​ៗ​សម្រាប់​បន្តជីវិត​រស់នៅ​លើ​ផែនដី​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ។

ដោយឡែក​នៅ​ជាន់​លើ​ប្រៀប​ដូច​ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយ ដែល​ស្តុក​ទឹក​រាប់​ពាន់​ម៉ែត្រគូប មិន​ចេះ​រីងស្ងួត សម្រាប់​បង្ហូរ​ចុះ​ក្រោម ។ ប៉ុន្តែ​វា​គឺជា​ជ្រលង​ថ្ម​ដែល​មានទឹក​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ ក្នុង​ប្រវែង​ប្រមាណ​រាប់រយ​ម៉ែត្រ​ឯណោះ ដែល​ជា​អំណោយផល​ពី​ធម្មជាតិ ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ងាយស្រួល​ដើរ​កម្សាន្ត​តាម​បណ្តោយ​ជ្រលង​ភ្នំ ដើម្បី​គយ​គន់មើល​បក្សាបក្សី​ច្រៀង​រណ្តំ​តាម​មែកឈើ និង​មើល​ទឹក​ហូរ ភ្ជាប់​ដោយ​ធម្មជាតិ​ព្រៃ​ព្រឹក្សា លតា​វល្លិ និង​មាន​ផ្ទាំង​ថ្មដា​ភ្លឺ​រលោង គួរ​ឱ្យ​ចង់​អង្គុយ​លេង​យ៉ាង​សែន​មនោ​រម្យ ។

ទឹក​នៅ​ក្នុង​រមណីយដ្ឋាន មាន​សភាព​ត្រជាក់​ស្រេ​ប ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកទេសចរ​ចូល​ចិត្ត​ងូតទឹក​បណ្តើរ គយគន់​ទេសភាព​ព្រៃ​ភ្នំ​បណ្តើរ និង​ច្រៀង​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស​លោក​ស៊ី​ន ស៊ី​សា​មុត និង​រាជិនី​សំឡេង​មាស​រស់ សេរី​សុទ្ធា ព្រមទាំង​បាន​ស្តាប់​សំឡេង​សត្វ​រៃកណ្តឹង​យំ​ទ្រហឹង សត្វ​ស្វា សត្វ​ទោច​ស្រែក​ខ្ញៀវខ្ញារ អម​ដោយ​សំឡេង​សត្វ ផ្សេង​ៗ ស្រែកយំ​អឺងកង​ពេញ​ព្រៃ​ប្រៀប​បីដូច​ជា​តន្ត្រី​កំដរ​អារម្មណ៍​អ្នក​ទៅ​កម្សាន្ត​មិន​ចង់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ។

ចំណែក​អ្នកខ្លះ​ទៀត​ដែល​មាន​ក្រុម​គ្រួសារ​កូនចៅ​ដើរ​លេង​ជាមួយ​បាន​វេចបាយ​ប្រអប់​មាន​ប្រហុក​កប់ ហើយ​បេះ​ស្លឹក​រាំង​ជ្រលក់​ហូប​ជួបជុំ​គ្នា មាន ទាំង​ម្ហូប ចំណី ដែល​ខ្លួន​បាន​ចំអិន​យក​ទៅ​ពី​ផ្ទះ នាំ​គ្នា​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា​នៅ​ក្រោម​ដើម​រាំងភ្នំ​ក្បែរ​ទឹកធ្លាក់ ។ លោកតា​ឡាយ ឆេ​ង អាយុ​៦៧​ឆ្នាំ និង​លោកយាយ​មិត្ត ផង់ អាយុ​៦៦​ឆ្នាំ រស់នៅ​តំបន់​នោះ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​គេ​ដាក់​ឈ្មោះ​រមណីយដ្ឋាន​«​ទឹកធ្លាក់​៣២​ជាន់​» ព្រោះតែ​ខួបប្រាំងខួបវស្សា​រមណីយដ្ឋាន​មួយ​នេះ មាន​ទឹកធ្លាក់​មក​ច្រើន​ជាន់​ណាស់ មើលទៅ​ឃើញ​បែក​ខ្ចាយ​ស​ព្រាត ហើយ​នៅ​ពេល​ដែល​ទឹក​នេះ​ហូរ​ធ្លាក់​មក​ប៉ះ​នឹង​ថ្ម ក៏​លាន់ឮ​សូរ​ឥត​ដាច់ ហាក់ដូចជា​សូរ​សំឡេង​អ្វី​ម្យ៉ាង​អង្រួន​បេះដូង​អ្នកទេសចរ​ឱ្យ​ចង់​បន្ត​ទៅ​លេង​ទីនោះ​ជា​ញឹកញាប់ ។ ទឹក​ហូរ​ធ្លាក់​នេះ​បាន​ហូរ​ចុះ​ពី​រមណីយដ្ឋាន​មក​ក្រោម ប្រៀប​ដូច​ជា​សំឡេង​តន្ត្រី​ធម្មជាតិ​កំដរ​អារម្មណ៍​ពួក​គាត់​ឱ្យ​ចង់​ស្តាប់ លាយឡំ​ជាមួយ​សំឡេង​សត្វព្រៃ​ភ្នំ​ថែម​ទៀត ធ្វើ​ឱ្យ​គាត់​កាន់តែ​នឹក​ស្រឡាញ់​ធម្មជាតិ​កាន់តែ ខ្លាំង​ឡើង​ៗ ជា​ពិសេស​នឹក​ដល់​អតីតកាល​វ័យក្មេង មិន​ចង់ឱ្យ​ពេលវេលា​កន្លង​ទៅ​ទេ ។ ទោះបីជា​នៅ​រដូវប្រាំង​ក៏​ដោយ ក៏​មានទឹក​ថ្លាយង់​ហូរ​ធ្លាក់​ពីលើ​ភ្នំ​មក​ដែរ ធ្វើ​ឱ្យ​លាន់​សូរ​ទឹក​ហូរ​មិន​ដាច់​មិន​ស្ងាត់ជ្រងំ​ទេ ខណ​:​ភ្ញៀវ​ទេសចរ​ដើរទៅ​ក្បែរ​ទីនោះ ។

អ្នកទេសចរ​ភាគច្រើន​ចូល​ចិត្ត​ទៅ​លេង​កម្សាន្ត​នៅ​រដូវវស្សា ជា​ពិសេស​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ពួក​គេ​តែង​វេចបាយ​កញ្ចប់ ដាក់​ធុង​ទឹកកក ខ្ចប់​ទៅ​ជាមួយ​នូវ​ម្ហូបចំណី​គ្រប់មុខ ដោយសារ​តែ​ទីនោះ​ពុំ​សូវ​មាន​អ្នក​លក់ដូរ​ម្ហូបចំណី​ទេ ព្រោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីក្រុង​ប៉ៃលិន​បន្តិច ។ ឯ​យានជំនិះ​គ្រប់​ប្រភេទ​មិន​អាច​ចូល​ដល់​រមណីយដ្ឋាន​ឡើយ ត្រូវ​ផ្ញើ​ទុក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ទៅ​បី​ផ្ទះ​ដែល​នៅ​ជិត​ៗ​នោះ ។

កន្លង​មក​មិន​ធ្លាប់​មាន​អ្នកទេសចរ​បោះ​តង់​ដេក​លេង​កម្សាន្ត​នៅ​ទីនោះ​ឡើយ ព្រោះ​ជា​តំបន់​ព្រៃឈើ ធំ​ៗ ស្ងាត់ មាន​ជ្រូកព្រៃ ខ្លា ដំរី ស្វា ។ ព្រៃ​ទាំងនោះ​មាន​ផ្ទៃក្រឡា​រាប់រយ​ម៉ែត្រក្រឡា​ឯណោះ បង្ក​ការ​ងាយស្រួល​ដល់​អ្នកទេសចរ​ដើរ​លើ​ថ្ម ដោយ​គ្មាន​ការ​លំបាក​អ្វី​ទេ ។

លោកស្រី​ស្រ៊ី ឌី ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន​ថ្លែង​ថា «​ខាង​មន្ទីរ​ទេសចរ​មិន​ទាន់​បាន​ស្រាវជ្រាវ​រាប់​ឱ្យ​ដឹង​ពិតប្រាកដ​ថា ទឹកធ្លាក់​មាន​៣២​ជាន់​មែន ឬ​អត់​នោះ​ទេ ដោយសារ​តែ​មានព្រៃ​ស្តុក​ជ្រៅ ហើយ​សម្បូរ​ទៅ​ដោយ​គ្រាប់​មីន ដែល​បង្កប់​នៅ​លើ​ភ្នំ​ខៀវ​ត្រង់​ចំណុច​ទុរេន​២​ដើម ។ តែ​កាលពីមុន​មាន​ក្រុមហ៊ុន​មួយ​ចំនួន ចង់​កែ​ច្នៃ​តំបន់​ខាងលើ​ឱ្យទៅ​ជា​កន្លែង​ទេសចរ​ដែរ លុះ​ក្រោយមក​ហាក់ដូចជា​ស្ងាត់​ទៅ​វិញ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយនៅ​ពេល ក្រោយ​ៗ ទៀត បន្ទាប់​ពី​អាជ្ញាធរ​រៀបចំ​ស្ថាបនា​រាប់​ឃើញ​មាន​ទឹកធ្លាក់​ប៉ុន្មាន​ជាន់ នោះ​នឹង​កំណត់​យក​ត្រឹម​ហ្នឹងឯង ព្រោះ​បច្ចុប្បន្ន​នេះ​អាជ្ញាធរ​បាន​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទីនោះ​» ៕ ​

អត្ថបទសរសេរ ដោយ