ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា សំនៀង ត្រៀមខ្លួន​រួចរាល់​បំបាក់​ជើង​ខ្លាំង​ថៃ​លើ​សង្វៀន​អន្តរជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៤ កុម្ភៈ ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៤ កុម្ភៈ ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ​ជាយ​រាជធានី​ភ្នំពេញ
នឹង​កាន់តែ​មានការ​ចាប់អារម្មណ៍​ថែម​ទៀត​ហើយ​បន្ទាប់​ពី​បាន​ប្រកាស​ឱ្យ​ដឹង​ពី​សមាស​ភាព​កីឡាករ​កម្ពុជា និង​ថៃ​២​រូប អម​ដោយ​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ប្រកួត​គ្នា​ចាញ់​ធ្លាក់​ៗ​ឆ្ពោះទៅ​ដណ្ដើម​ជើងឯក​នឹង​បង្ហាញ​វត្ត​មាននៅ​លើ​សង្វៀន​នោះ​ដែរ ។

កីឡាករ​កម្ពុជ​ជា សំនៀង បាន​ក្លាយជា​សមាសភាព​របស់​កម្ពុជា​តែ​មួយ​រូប​គត់ ស្វាគមន៍​ការ​ប្រកួត​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នៅ​ស​ប្ដា​ហ៍​នេះ ខណៈ​ដែល​ការ​ប្រកួត​ទាំងមូល​ក៏​មានការ​ប្រកួត​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​រវាង​កីឡាករ​៤​នាក់​ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ឱ្យ​គ្រប់​១៦​នាក់​ក្នុង​ចំណោម៣២​នាក់​ផង​ដែរ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៥​ល្ងាច​តទៅ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កក​កុញ ស្របគ្នា​ដែល​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។ កីឡាករ​កម្ពុជា និង​ថៃ​២​រូប គឺ ជា​សំនៀង និង​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Sensak Sorakchai នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​គ្នា​នៅ​ក្នុង​ថ្ងៃ​នោះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ​កម្ពុជា​ចំនួន​៤​រូប​ក៏​ត្រូវ​ប៉ះ​គ្នា​ក្នុង​លក្ខណៈ​ជម្រុះ​ចាញ់​ធ្លាក់​ៗ​ផង​​ដែរ ទើប​មាន​អ្នក​ទស្សនា​ភាគច្រើន​យល់​ថា វត្តមាន​កីឡាករ​កម្ពុជា និង​ថៃ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​យក​អ្នក​ខ្លាំង​ទៅ​ប្រកួត​យក​ជើងឯក​ទេ ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ចាប់អារម្មណ៍ ។

លោក​អះអាង​ថា បើ​ទោះជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​មានការ​ចាប់​អារម្មណ៍​រួច​ជា​ស្រេច ក៏​ប៉ុស្តិ៍​លេខ​៥​នៅ​តែ​បាន​បញ្ចូល​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយគូ​ៗ​នៅ​ក្នុង​ការ​ប្រកួត​នោះ​ដើម្បី​ឱ្យ​រឹតតែ​ទាក់ទាញ​ដែរ ។ វត្តមាន​សមាសភាព​គូ​អន្តរជាតិ ក៏​ត្រូវ​បាន​សម្រាំង​យ៉ាង​ពិសេស​ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍​នៅ​ពេល​កីឡាករ​ប្រកួត​គ្នា​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា​សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ជា សំនៀង ដោយសារ​តែ​កីឡាករ​រូប​នេះ​ធ្លាប់​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ប៉ុស្តិ៍​លេខ​៥​ច្រើន​លើក​មក​ហើយ តែងតែ​ធ្វើ​ឱ្យ​រញ្ជួយ និង​ទាក់ទាញ​ដល់​អ្នក​ទស្សនា ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ Sensak Sorakchai មាន​​តែ​ជា សំនៀង ម្នាក់​ប៉ុណ្ណោះ ដែល​លោក​សម្លឹង​ឃើញ​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​សមាសភាព​របស់​កីឡាករ​កម្ពុ​ជាមួយ​នេះ គ្រប់​គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់​លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ ជា សំនៀង មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ​។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង ជា សំនៀង និង​កីឡាករ​ថៃ Sensak Sorakchai គឺ​លោក​ជឿជាក់ ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់ ហើយ​កីឡាករ​កម្ពុជា ក៏​ល្អ​ស្ថិត​ក្នុង​ទំនុក​ចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ។ បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ដែល​ជា​កីឡាករ​ល្អ ក៏​លោក​នៅ​តែ​ប្រកាស​ថា ជា សំនៀង មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន ។ ជំនួប​រវាង​ពួក​គេ​លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយសារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូប​លោក​ដែល​​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​ម្ដង ។

លោក​ថា​មួយគូ​នេះ អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡាករ​កម្ពុជា​ទៅ​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ​ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡា ព្រោះតែ​ថា​ប្រកួត​លែង​កើត ឬ​ធ្លាក់ដៃ​។ យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ​។

លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ តែ​ក៏​ទាមទារ​ឱ្យ​ប្រឹងប្រែង​ណាស់​ដែរ គឺ​មិន​អាច​សំអាង​ត្រឹម​ថា​ជា​កីឡាករ​ល្បី​ស្រាប់ មានការ​គាំទ្រ​ស្រាប់ ហើយ​ក៏​ខ្វះ​ការ​ប្រឹង​ប្រឹង​នោះ​ទេ ។ លោក​នៅ​តែ​ចាត់​ទុក​ថា ជា សំនៀង នៅ​ល្អ និង​មានការ​គាំទ្រ​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​លោក​ជឿ​លើ​សមត្ថភាព​ខាង​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​គេ​ហើយ​ឈាន​ដល់​ការ​ផ្គូផ្គង​ឱ្យ​ប៉ះ Sensak Sorakchai ក្នុង​ស​ប្ដា​ហ៍​នេះ​។

សម្រាប់​ការ​ប្រកួត​ជា​លក្ខណៈ​ជម្រុះ​ជើងឯក​វគ្គ​ថ្មី​នៅ​ស​ប្ដា​ហ៍​ទី​៤​នេះ​វិញ លោក​ថា​នឹង​មាន​វត្តមាន​សុទ្ធសឹងតែ​ជា​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់​តែ​ម្ដង​ប៉ះ​គ្នា ដោយសារ​ក្នុង​ចំណោម​សមាសភាព​ថ្មី​ទាំង​៣២​នាក់ គឺ​លោក​បាន​ដាក់​ចម្រុះ​កីឡាករ​ជើង​ចាស់ និង​កីឡាករ​ល្អ​ៗ​ដែល​ធានា​នឹង​ទាក់ទាញ​មិន​ចាញ់​ការ​ប្រកួត​អន្តរជាតិ​ដែល​បាន​សម្រិត​សម្រាំង​​ឡើយ ។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ការ​ប្រកួត​លើក​នេះ ក៏​មិន​ខុស​ពី​រូបមន្ត​ដែល​ធ្លាប់​បាន​ធ្វើ​នោះ​ទេ គឺ​អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​បន្ត ហើយ​សម្រាប់​អ្នក​ចាញ់​គឺ​ធ្លាក់​ហាលអាវ ។

លោក​អះអាង​ថា ការ​ប្រកួត​របស់​លោក គឺ​មិន​មាន​អ្នក​ឈ្នះ​ក្នុង​វគ្គ​ណាមួយ​មិន​ឈ្នះ​ដោយ​ការ​ប្រឹងប្រែង​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា អ្នក​បាន​ឡើង​អង្គុយ​កៅអី​៤​នាក់​បើក​ឆាក​ក្នុង​វគ្គ​១៦​នាក់​កាលពី​៤​ស​ប្ដា​ហ៍​កន្លង​ទៅ បាន​ឡើង​ទាំង​វេទនា​នោះ​ផង។ លោក​ថា ការ​ប្រកួត​ចាញ់​ធ្លាក់​ៗ​សុទ្ធតែ​ទាមទារ​ឱ្យ​កីឡាករ​ម្នាក់​ៗ​ត្រៀមខ្លួន​ខុស​ពី​ការ​ប្រកួត​តាម​របៀប​សន្សំ​ពិន្ទុ ដោយសារ​តែ​អ្នក​មិន​ខំប្រឹង​ប្រែង គឺ​ដឹង​តែ​ធ្លាក់​ហើយ​បាត់​ឱកាស ដែល​តម្រូវ​ឱ្យ​អ្នក​មានមុខ​ឡើង​ប្រកួត​ត្រូវ​តែ​ប្រកួត​ប្ដូរ មិន​ខ្វល់​ពី​គ្រោះថ្នាក់ និង​លាក់​ថ្វីដៃ ពោល​គឺ​ធ្វើ​យ៉ាងម៉េច​ឱ្យ​តែ​ឈ្នះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ