ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​ពី​ការ​អ៊ុត​ក្រណាត់ បាន​ដោះស្រាយ​ហើយ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សំណូមពរ​ដ៏​ទទូច​របស់​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បាន​រាយការណ៍​ជូន​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក បេ…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សំណូមពរ​ដ៏​ទទូច​របស់​អាជីវករ​លក់ដូរ​ក្នុង​ផ្សា​រលើ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បាន​រាយការណ៍​ជូន​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក បេ សា​រុំ អភិ​រង​បាល​ក្រុង​កំពង់ឆ្នាំង ជា​ប្រធាន​ក្រុមការងារ​សាលាក្រុង​កំពង់ឆ្នាំង បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ រួម​មាន មន្ត្រី​បរិស្ថាន​ខេត្ត មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សមត្ថកិច្ច​នគរបាល​ក្រុង និង​គណៈកម្មការ​ផ្សា​រលើ តាម​បញ្ជារ​របស់​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ដើម្បី​ត្រួតពិនិត្យ និង​ដោះស្រាយ​ទៅ​លើ​ម៉ាស៊ីន​អ៊ុត ក្រណាត់​ធំ​ៗ២​គ្រឿង ដែល​កំពុង​ធ្វើ​អាជីវកម្ម​អ៊ុត​ក្រណាត់​កាត់​សម្លៀក​បំពាក់ បញ្ចេញ​នូវ​ជាតិពុល និង​ចំហាយ​ក្តៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អាជីវករ​ជុំវិញ​ខ្លួន និង​ភ្ញៀវ​ដែល​ចូល​ទិញ​ទំនិញ​នៅ​ក្នុង ផ្សា​រលើ​ផង​ដែរ​។

បងប្អូន​អាជីវករ​ក្នុង​ផ្សា​រលើ​ដែល​រង​ផល​ប៉ះពាល់​ក្នុង​រឿង​នេះ​បានអោយ​ដឹង​ថា​៖ រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយ​ដែល​អាជីវករ​២​នាក់​បាន​ដាក់​ម៉ាស៊ីន​អ៊ុត​ក្រណាត់​ប្រភេទ​ធំ​ៗ២​គ្រឿង អ៊ុត​ក្រណាត់​ក្នុង​តូប​កណ្តាល​ផ្សា​រលើ​ដោយ​ពុំ​បាន​ធ្វើ​ឃ្លប់​បិទ​បាំង និង​បាន​បញ្ចេញ​ក្លិន​ឈ្ងៀម​ពី​ក្រណាត់ ព្រុយ​ក្រណាត់ ដែល​មាន​ជាតិពុល និង​ចំហាយ​ក្តៅ​ពី​ម៉ាស៊ីន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ ជា​រៀងរាល់ថ្ងៃ គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ស្ងួត​បំពង់ក ឈឺក្បាល និង​វិលមុខ​រាល់ថ្ងៃ​។ ហេតុនេះ​ហើយ​ទើប​ពួក​គាត់ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង និង​មន្ត្រី​ជំនាញ​ចុះ​មក​ត្រួតពិនិត្យ និង​ទប់ស្កាត់​ផល​ប៉ះពាល់​នេះ​។ ដោយឡែក​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពី​បាន​ត្រួតពិនិត្យ​កន្លង​មក​ឃើញ​ថា ពេល​ម្ចាស់​បើក​ម៉ាស៊ីន​ឲ្យ​ក្តៅ​១៣០​ដឺ​ក្រេ ហើយ​ដាក់​ក្រណាត់​អ៊ុត​មក ម៉ាស៊ីន​អ៊ុត​ក្រណាត់​ធុន​ធំ​ទាំង​២​គ្រឿង​នោះ ពិតជា​បាន​បញ្ចេញ​ក្លិន​មិនល្អ មាន​ជាតិ​គីមី​ម្យ៉ាង​ដែល​គេ​ដាក់​រក្សា​ក្រណាត់​កុំ​ឲ្យ​ខូច និង​ព្រុយ​ក្រណាត់ បាន​បញ្ចេញ​ក្លិន និង​ចំហាយ​ក្តៅ ធំក្លិន​មិនល្អ​នេះ​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​ទាំង​ម្ចាស់​ម៉ាស៊ីន​អ៊ុត​ក្រណាត់ ទាំង​អាជីវករ​នៅ​ក្នុង​ផ្សារ និង​ភ្ញៀវ​ចូល​ទំនិញ​ផង​ដែរ​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក បេ សា​រុំ ប្រធាន​ក្រុម​ករ​ងារ បាន​ឲ្យ​ដឹង​ថា​៖ ក្រោយ​ពី​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ នេះ​មក គឺ​ម្ចាស់​ម៉ាស៊ីន​អ៊ុត​ក្រណាត់ និង​អាជីវករ​ដែល​នៅ​ជិតខាង​នៅ​ក្នុង​ផ្សា​រលើ បាន​ឯកភាព​គ្នា​ឲ្យ​ម្ចាស់​ម៉ា​ស៊ី​អ៊ុត​ក្រណាត់​ឈ្មោះ ជា សា​រិ ផ្លាស់​ប្តូរ​រំកិល​ទីតាំង​ម៉ាស៊ីន​ទៅ​ដាក់​ចំ​កណ្តាល​តូប​វិញ និង​តម្រូវ​ឲ្យ​ធ្វើ​ឃ្លប់​គ្រប​លើ​ម៉ាស៊ីន​ឲ្យ​ជិត និង​ធ្វើ​បំពង់​បង្ហុយ​ទៅ ដើម្បី​កុំ​ឲ្យ​ជះក្លិន​ប៉ះពាល់​អាជីវករ​ជិតខាង គឺ​កំណត់​ធ្វើ​ឲ្យ​រួចរាល់​រាល់​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ គឺ​មាន​រយៈពេល​១៥​ថ្ងៃ​ឲ្យ​ហើយ​។

លោក បេ សា​រុំ បាន​បញ្ជាក់​ទៀត​ថា​៖ ក្រោយ​ពី​ម្ចាស់​ម៉ាស៊ីន​អ៊ុត​ក្រណាត់​ធ្វើ​បាន​តាម​ការ​សម្របសម្រួល​នេះ​ហើយ ប្រសិនបើ​នៅ​តែ​មាន​ក្លិន​មិនល្អ​ប៉ះពាល់​អាជីវករ​នៅ​ជុំវិញ​ទៀត​នោះ អាជីវករ​ក្នុង​ផ្សា​រលើ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ក្រុង ដើម្បី​ចាត់វិធានការ​បន្ត គឺ​ត្រូវ​ហៅ​ជំនាញ​ពាក់​ព​ន្ធ័​មក​ត្រួតពិនិត្យ និង​សិក្សា​ជាក់ស្តែង​ពី​ផល​ប៉ះពាល់ ដើម្បី​រាយការណ៍​ដាក់​ជូន​លោក​អភិបាលក្រុង និង​លោក​អភិបាលខេត្ត​ពិនិត្យ​សម្រេច​ចុង​ក្រោយ តើ​ត្រូវ​ឲ្យ​ម្ចាស់​ម៉ាស៊ីន​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​ដាក់​ម៉ាស៊ីន ឬ​ត្រូវ​កែ​លំ​ម្អ​ការ​ដាក់​ម៉ាស៊ីន​អ៊ុត​ក្រណាត់​នេះ​បែប​ណា​ទៀត​។ ចំពោះ​ការ​ដោះស្រាយ​ខាងលើ​នេះ ភាគី​ទាំង​សងខាង​បាន​ទទួលយក និង​បាន​ធ្វើ​កំណត់ហេតុ​ចុះហត្ថលេខា​អនុវត្ត​លើ​កិច្ចព្រមព្រៀង​ខាងលើ នេះ ហើយ​វិវាទ​នេះ​ក៏​ត្រូវ​បាន​បញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ