ខេត្តបន្ទាយមានជ័យ ៖ នគរបាលប្រឆាំងគ្រឿងញៀននៃអធិការនគរបាលស្រុកម៉ាឡៃបានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ករណីជូញដូរ និងរក្សាទុកសារធាតុញៀនខុសច្បាប់ ។ ហេតុការណ៌ឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ស្ត្រីសង្ស័យឈ្មោះ ទូច ស្រី អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនWYចំនួន១៤៥គ្រាប់ និងទូរស័ព្ទ៤គ្រឿងពីជនសង្ស័យ ។
លោកវរសេនីយ៍ទោ បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃប្រាប់តាមទូរស័ព្ទថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តក្នុងការទប់ស្កាត់រាល់បទល្មើសតាមមូលដ្ឋានទទួលខុសត្រូវគួបជួនមានសេចក្តីរាយការណ៍ពីបណ្តាញករណីស្ត្រីសង្ស័យខាងលើកម្លាំងជំនាញរបស់លោកសហការណ៍ជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំទួលពង្រចុះឃាត់ខ្លួនស្ត្រីសង្ស័យសាកសួរនិងឆែកឆេរស្រាប់តែរកឃើញថ្នាំញៀនទាំងនេះតែម្តង ។
លោកអធិការបន្តថា ជនសង្ស័យ និងវត្ថុតាងក្រោយធ្វើកំណត់សួរនាំរួចត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរួចហើយដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ