រាជធានីភ្នំពេញ ៖ អតីតកីឡាប្រដាល់សាកលជម្រើសជាតិ និងជាគ្រូបង្ហាត់កីឡាតេក្វាន់ដូស្ទីល WTF ស៊ន អេលីត បងប្រុសកញ្ញាស៊ន សៀវម៊ី បានប្រាប់កោះសន្តិភាពកាលពីពេលថ្មីៗកន្លងទៅនេះថា លោកមានគម្រោងបើកក្លិបប្រដាល់មួយដោយដាក់ឈ្មោះ
ខ្លួនឯងថា «អេលីតគុនខ្មែរ» ដោយមិនផ្ដោតលើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
ការបើកក្លិបប្រដាល់នេះឡើង ត្រូវបានលោក ស៊ន អេលីត បញ្ជាក់ថា ដោយសារតែលោកមានចិត្តស្រឡាញ់វិស័យកីឡាប្រដាល់នេះតាំងពីយូរណាស់មកហើយ ។ ម្យ៉ាងរូបលោកក៏ជាអតីតកីឡាករប្រដាល់សាកលមួយរូបដែលធ្លាប់ចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់អស់រយៈពេលជាង២ឆ្នាំដែរ មុននឹងលោកចាប់យកអាជីពជាកីឡាករតេក្វាន់ដូ។ លោកបានឈានជើងចូលប្រឡូកនៅក្នុងវិស័យកីឡាប្រដាល់សាកលនៅឆ្នាំ២០០៥ និងបានជាប់ជាកីឡាករជម្រើសជាតិនៅឆ្នាំ២០០៦ ។
លុះដល់ចុងឆ្នាំ២០០៧ លោកបានសម្រេចចិត្តចាកចេញពីកីឡាប្រដាល់សាកលមកហាត់កីឡាតេក្វាន់ដូវិញ ។ សព្វថ្ងៃលោកបានក្លាយជាគ្រូបង្ហាត់កីឡាតេក្វាន់ដូដែលមាន
ខ្សែក្រវាត់ខ្មៅ២ដាន់ និងមានសិស្សកំពុងតែហ្វឹកហាត់ជាប្រចាំជាង២០នាក់នៅទីតាំងជាប់របងវិទ្យាល័យឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ មកដល់ពេលនេះលោកមានបំណងបើកក្លិបប្រដាល់គុនខ្មែរមួយទៀត ដើម្បីជួយដល់យុវជនខ្មែរដែលស្រឡាញ់ចូលចិត្តកីឡាប្រដាល់ឱ្យពួកគេមកហ្វឹកហាត់នៅក្នុងក្លិបរបស់លោកដែលអាចរកចំណូលពីការប្រកួតយកទៅជួយដោះស្រាយជីវភាពក្នុងក្រុមគ្រួសារនិងឱ្យពួកគេចៀសផុតពីអំពើមិនល្អផ្សេងៗដូចជាការសេពគ្រឿងញៀនជាដើម។
ពាក់ព័ន្ធនឹងការបើកក្លិបប្រដាល់នេះដែរលោក ស៊ន អេលីត បានឱ្យដឹងថា សព្វថ្ងៃក្លិបរបស់លោកមានស្រាប់មិនបាច់ចំណាយប្រាក់ជួលទីតាំងគេនោះទេ សម្ភារហ្វឹកហាត់ក៏មានស្រាប់ ខ្វះខាតតែបន្តិចបន្តួចប៉ុណ្ណោះ ។
លោកមានបំណងធ្វើដំណើរទៅតាមខេត្តដូចជាខេត្តបាត់ដំបងដែលមានកីឡាករក្មេងៗល្អៗធ្លាប់ប្រកួតនៅតាមវត្តពេលមានបុណ្យទាន ដើម្បីប្រមូលពួកគេឱ្យបានយ៉ាងតិចពី៥នាក់ទៅ១០នាក់យកមកស្នាក់នៅហ្វឹកហាត់លត់ដំខ្លួន ដោយចំណាយពេលយ៉ាងច្រើន៥ទៅ៦ខែអាចឡើងប្រកួតបានហើយ ។ ការបើកក្លិបប្រដាល់នេះឡើង លោកមិនមានបំណងចង់បានលុយពីកីឡាករនោះទេ ផ្ទុយទៅវិញមានតែចង់ជួយឱ្យពួកគេមានការងារធ្វើ និងមានប្រាក់ចាយគ្រប់គ្រាន់ ហើយចង់ជំរុញឱ្យពួកគេក្លាយជាកីឡាករល្បីឈ្មោះទៅថ្ងៃក្រោយ ។ លោកក៏ដឹងដែរថា សព្វថ្ងៃនេះ ក្លិបប្រដាល់មានច្រើនដោយរីកដុះដាលដូចផ្សិត តែធនធានកីឡាករនៅមានកម្រិតនៅឡើយ ។ និយាយរួមកីឡាករល្អៗ ខ្លាំងៗនៅមានតិចណាស់ ដូច្នេះការបង្កើតក្លិបប្រដាល់បើសិនជាយើងសម្លឹងឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន មានគំនិតកេងប្រវ័ញ្ចកីឡាករ ពិតជាមិនអាចស្វែងរកកីឡាករល្អៗបានឡើយ ។
លោកបានគិតរួចហើយថា កីឡាករដែលមកហាត់នៅក្នុងក្លិបលោក ត្រូវតែផ្ដល់ការអប់រំ ទីកន្លែងហ្វឹកហាត់ ហូបចុកនិងស្នាក់នៅដល់ពួកគេឱ្យបានត្រឹមត្រូវ ។ យើងដឹងហើយថា សព្វថ្ងៃនេះ យុវជនខ្មែរយើងមួយចំនួនបានធ្លាក់ខ្លួនដើរផ្លូវមិនល្អ ដូចជាការសេពគ្រឿងញៀនជាដើម ។ ដូច្នេះគោលបំណងសំខាន់របស់លោកក្នុងការបើកក្លិបប្រដាល់នេះឡើងគឺចង់ឱ្យពួកគេឃ្លាតចាកឆ្ងាយពីការសេពគ្រឿងញៀន និងដើរលើផ្លូវមិនល្អមកលេងកីឡាវិញ។
គួររំលឹកផងដែរថា គ្រួសារស៊ន អេលីត ជាអ្នករស់នៅរាជធានីភ្នំពេញ ហើយក៏ពុំមាន
ឈាមជ័រជាអ្នកកីឡាអីដែរ ជាពិសេសឪពុករបស់លោកមិនចូលចិត្តហាត់កីឡាទេ និងបានស្លាប់ចោលលោកតាំងពីលោកនៅក្មេង ។ ស៊ន អេលីត និយាយថា លោកមានបងប្អូន៦នាក់ប្រុស៣នាក់ ស្រី៣នាក់ ហើយលោកជាកូនទី៣នៅក្នុងគ្រួសារដែលសព្វថ្ងៃលោកមានអាយុ៣២ឆ្នាំនិងបានរៀបការប្រពន្ធនៅឆ្នាំ២០១៦ ព្រមទាំងមានកូនប្រុសម្នាក់អាយុទើបតែបាន៥ខែប៉ុណ្ណោះ ។ ចំពោះប្អូនស្រី៣នាក់ទៀតមាន២នាក់ជាអ្នកហាត់កីឡាតេក្វាន់ដូដូចគ្នាមាន ស៊ន ដាវីន ត្រូវជាប្រពន្ធកីឡាករប្រដាល់វ៉ន វីវ៉ា និងស៊ន សៀវម៉ី ជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសកូរ៉េខាងត្បូង និងម្ចាស់មេដាយមាសកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ៕
ចែករំលែកព័តមាននេះ