កូរ៉េខាងត្បូង ៖ ទិវាសិទ្ធិនារីអន្ដរជាតិ៨មីនា ខួបលើកទី១០៧ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ សហការជាមួយសហគមន៍ខ្មែរទីក្រុងសេអ៊ូល នឹងប្រារព្ធធ្វើឡើង នៅថៃ្ងសៅរិ៍ទី១០ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមប្រធានបទ “ ស្ត្រីរួមគ្នារក្សាសន្ដិភាពដើម្បីអភិវឌ្ឍជាតិ”។ នេះបើយោងតាមការជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាប កាលពីថ្ងៃទី២០ កុម្ភៈ នេះ។
ក្នុងសេចក្តីជូនដំណឹងនោះបានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់តម្លៃនៃសិទ្ធិនារីខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាការចូលរួមអបអរសាទរ ទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជ្រាបថា៖
ស្ថានឯកអគ្គរាជទូតកម្ពុជា សហការជាមួយសហគមន៍ខ្មែរទីក្រុងសេអ៊ូល បានរៀបចំកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ “ ស្ត្រីរួមគ្នារក្សាសន្ដិភាពដើម្បីអភិវឌ្ឍជាតិ” នៅថៃ្ងសៅរិ៍ទី១០ ខែមីនា ឆ្នាំ២០១៨ ចាប់ពីម៉ោង១៣ និង៣០ រសៀលតទៅ នៅមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងសេអ៊ូល៕
ចែករំលែកព័តមាននេះ