ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bacelona អាច​វាយ​បន្ទាយ​តោ​ខៀវ Chelsea បែក​ឬ​យ៉ាងណា​យប់​នេះ?

6 ឆ្នាំ មុន

ក្រុម​ម្ចាស់ផ្ទះ​តោ​ខៀវ Chelsea បាន​សំលៀង​ចង្កូម​រួច​ជា​ស្រេច​ត្រៀម​ស្វាគមន៍​សត្រូវ​ចាស់​ក្រុម​អ្នកមាន​បុណ្យ Barcelona មក​ពី​អេ​ស្ប៉ា​ញ​នៅ​រាត្រី​នេះ ក្នុង​ការ​ប្រកួត​ជើង​ទី​១ ពានរង្វាន់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ ។ ក្រុម Chelsea…

ក្រុម​ម្ចាស់ផ្ទះ​តោ​ខៀវ Chelsea បាន​សំលៀង​ចង្កូម​រួច​ជា​ស្រេច​ត្រៀម​ស្វាគមន៍​សត្រូវ​ចាស់​ក្រុម​អ្នកមាន​បុណ្យ Barcelona មក​ពី​អេ​ស្ប៉ា​ញ​នៅ​រាត្រី​នេះ ក្នុង​ការ​ប្រកួត​ជើង​ទី​១ ពានរង្វាន់​យូ​ហ្វា​ឆេ​ម​ពាន​លី​គ ។ ក្រុម Chelsea ដែល​តែងតែ​ធ្វើ​ឱ្យ Barcelona យំ​លែង​ចេញ​ច្រើន​លើក​ច្រើន​សារ​ក្នុង​ជំនួប​ប្រកួត​នា​ពេល​កន្លង​មក កំពុង​មាន​ក្តី​សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​ផ្តល់​ភាព​ជូរ​ជត់​ម្តងទៀត តាម​គន្លង​ប្រវត្តិសាស្ត្រ​ចាស់ ។ យ៉ាងណាមិញ ចំពោះ​ការ​ប្រកួត​ក្នុង​លី​គ​របស់​ខ្លួន ក្រុម​តោ​ខៀវ​ហាក់​អស់​ឱកាស​ដណ្តើម​ពាន​ប្រឺ​មី​ញេ​លី​គ ស្រប​ពេល​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ដាច់​ឆ្ងាយ​ពី​ក្រុម​លេខ​១ Man City រហូត​ដល់​១៩​ពិន្ទុ ។

ទន្ទឹម​នឹង​នេះ ដំណើរ​ឈាន​មក​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ឆេ​ម​ពាន​លី​គ Chelsea ក៏​ជួប​បញ្ហា​ខ្លះ​ផង​ដែរ និង​បាន​ត្រឹម​ឈរ​លេខ​២​ក្នុង​ពូ​ល​ប៉ុណ្ណោះ ខណៈ Roma កាន់​តំណែង​កំពូល​តារាង ។ ស្ថានភាព​កូនក្រុម​របស់​ម្ចាស់ផ្ទះ​នា​ពេល​នេះ ហាក់​កែប្រែ​ច្រើន​ជាង​មុន ស្រប​ពេល​ដែល ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Giroud កំពុង​ធ្វើ​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ផ្លាស់​មក​ពី​ក្លិប Arsenal ។ ជំនួប​យប់​នេះ មិន​មាន​កីឡាករ​សំខាន់​រូប​ណា​អវត្តមាន​នោះ​ទេ ។

រីឯ​ក្រុម​ភ្ញៀវ Barcelona ក្រោម​ការ​ដឹកនាំ​គ្រូបង្វឹក​ថ្មី Ernesto Valverde បាន​និង​កំពុង​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ ទាំង​ការ​ប្រកួត​នៅ​ឆេ​ម​ពាន​លី​គ និង​ក្នុង​លី​គ ។ រដូវ​កាល​នេះ ក្លិប​អ្នកមាន​បុណ្យ​ទើបតែ​ចាញ់​ម្តង​ប៉ុណ្ណោះ​ពេល​ប្រកួត​ប៉ះ Espanyol នៅ​ជើង​ទី​១​នៃ​ពានរង្វាន់​អេ​ស្ប៉ា​ញ​ខាប់ ។ ជោគជ័យ​ជា​បន្តបន្ទាប់​ទាំង​អម្បាលម៉ាន ធ្វើ​ឱ្យ​ពួក​គេ​មាន​ទំនុកចិត្ត​ថា​នឹង​អាច​បំបែក​ស្រមោល​ឈឺចាប់​ដែល​តែង​លង​បន្លាច​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ។

ប្រវត្តិ​ចុកចាប់​របស់ Messi ពេល​ប៉ះ​ក្លិប Chelsea បាន​ធ្វើ​ឱ្យ​ខ្សែប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ អន្ទះសារ​ចង់​សាង​កេ​រ្ត៍​ឈ្មោះ​ឡើង​វិញ ព្រោះតែ​ការ​ប្រកួត​នា​ពេល​កន្លង​មក​មិន​អាច​រក​គ្រាប់​បាល់​បាន សូ​ម្បី​តែ​ប៉េ​ណា​ល់​ទី​ក៏​មិន​ចូល ។ ស្ថានភាព​កូនក្រុម​របស់ Barcelona មិន​មាន​កីឡាករ​សំខាន់​រូប​ណា​របួស​នោះ​ទេ ។

យ៉ាងណាមិញ Coutinho មិន​អាច​ចូល​លេង​បាន​ឡើយ ដោយហេតុ​ថា Coutinho ធ្លាប់​បាន​លេង​ឱ្យ Liverpool រួច​ហើយ​ក្នុង​ការ​ប្រកួត​ឆេ​ម​ពាន​លី​គ​នៅ​រដូវ​កាល​នេះ ។ ម្យ៉ាងទៀត Dembele ទំនង​មិន​អាច​ចូល​លេង​បាន​ទេ ព្រោះ​របួស​មិន​ទាន់​ជា​ស្រួលបួល ។ សមរភូមិ​បៃតង​រវាង​ក្លិប​ខ្លាំង​ទាំង​ពីរ​ខាងលើ គេ​រំពឹង​ថា​ពួក​គេ​នឹង​អាច​រក​គ្រាប់​បាល់​បាន​រៀងខ្លួន ប៉ុន្តែ​អាច​នឹង​ទទួល​បាន​លទ្ធផល​ស្មើគ្នា បើ​ទោះជា​ក្រុម​ម្ចាស់ផ្ទះ​មាន​ប្រៀប​លើ​ទឹកដី​ក៏​ដោយ ៕