ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ព្រមាន​ដក​កញ្ចប់​ថវិកា​​បើ​សហព័ន្ធ​កីឡា​​ណា​មិន​រៀបចំ​ប្រកួត​ថ្នាក់​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៣៣​សុទ្ធតែ​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ក្នុងឆ្នាំនេះ តែបើ សិន​ជា​សហព័ន្ធ​ណាមួយ​មិន​ព្រម​រៀបចំ​ការ​ប្រកួត​តាម​ការ​កំណត់​ទេ​នោះ ក្រសួង​ចាត់​ទុក​ថា​សហព័ន្ធ​នោះ​មិន​មាន​សកម្មភាព​ហើយនឹង​ត្រូវ​ដក​កញ្ចប់​ថវិកា​ទុក​វិញ ។…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៣៣​សុទ្ធតែ​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ក្នុងឆ្នាំនេះ តែបើ
សិន​ជា​សហព័ន្ធ​ណាមួយ​មិន​ព្រម​រៀបចំ​ការ​ប្រកួត​តាម​ការ​កំណត់​ទេ​នោះ ក្រសួង​ចាត់​ទុក​ថា​សហព័ន្ធ​នោះ​មិន​មាន​សកម្មភាព​ហើយនឹង​ត្រូវ​ដក​កញ្ចប់​ថវិកា​ទុក​វិញ ។ នេះ​ជា​ការ​ព្រមាន​របស់​លោក ហ៊ុន សា​មុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ពេល​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ នៅ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​។

លោក ហ៊ុន សា​មុត ថ្លែង​ថា សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៣​ត្រូវ​តែ​ចាយ​លុយ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​តាម​កម្មវិធី​ប្រចាំឆ្នាំ​របស់​ក្រសួង​ដែល​បាន​កំណត់ ។ បើ​មិន​ព្រម​រៀបចំ​ការ​ប្រកួត​ឬ​មិន​មាន​សកម្មភាព​ទេ​នោះ​បាន​ន័យ​ថា​សហព័ន្ធ​នោះ​មិន​ដើរ​ព្រោះ​កញ្ចប់​ថវិកា​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ទម្លាក់​ឱ្យ​សុទ្ធតែ​មានការ​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា​ត្រឹមត្រូវ ដូច្នេះ​បើ​សហព័ន្ធ​ណាមួយ​មិន​មាន​សកម្មភាព​នឹង​ត្រូវ​ដក​កញ្ចប់​ថវិកា​ទុក​វិញ ហើយ​ឆ្នាំ​ក្រោយ​ក្រសួង​លែង​គាំទ្រ​ទៀត​ហើយ​។

សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៣​ដែល​ទទួល​បាន​កញ្ចប់​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ សូ​ហ្វ​តេ​ន្នី​ស កា​រ៉ា​តេ ស្គី​ទឹកកក បាល់ទាត់​អាយុ​ក្រោម​១៥​ឆ្នាំ​និង​អាយុ​ក្រោម​១៧​ឆ្នាំ វាយ​កូន​បាល់ វ៉ូ​ស៊ូ ល្បុក្កតោ សីដក់ វាយ​កូន​ឃ្លី​លើ​តុ ប៉េតង់ ចំបាប់ បាល់អោប កាយសម្ព័ន្ធ វ៉ូ​វី​ណា​ម អត្តពលកម្ម តេ​ក្វា​ន់​ដូ​(WTF) តេ​ក្វា​ន់​ដូ​(ITF) ប្រដាល់​សាកល បេ​ស្ប​ល ហែល​ទឹក វាយ​សី បាល់ទះ សូ​រិ​ន​ហ្ស៊ី​កាំ​ប៉ូ តុង​ហ្គី​ល​ម៉ូ​ដូ យូ​ដូ បាញ់កាំភ្លើង ទ្រី​យ៉ា​ត្លុង ទោចក្រយាន បាល់បោះ គុន​ដាវ កីឡា​ឡើង​ភ្នំ និង​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​កៃ​យ៉ាក់ ។

ចំពោះ​កម្មវិធី​នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ដែល​តាម​រយៈ​ការ​ជូនដំណឹង​នេះ​ឱ្យ​ដឹង​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​នេះ នឹង​ត្រូវ​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​២០​មីនា​តទៅ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ធ្នូ ដែល​ការ​ប្រកួត​ភាគច្រើន​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ។ ដោយឡែក​ការ​ប្រកួត​ទាញព្រ័ត្រ និង​ការ​ប្រកួត​ឡើង​ភ្នំ​ធ្វើ​នៅ​ខេត្តសៀមរាប ។ ការ​ប្រកួត​បាល់ទាត់​អាយុ​ក្រោម​១៥​ឆ្នាំ​និង​ក្រោម​​១៧​ឆ្នាំ​ធ្វើ​នៅ​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត ។ ការ​ប្រកួត​កីឡា​ចំបាប់​ធ្វើ​នៅ​ខេត្ត​កណ្ដាល បេ​ស្ប​ល​ធ្វើ​នៅ​ខេត្តកំពង់ធំ ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​និង​ទូក​កៃ​យ៉ាក់​ធ្វើ​នៅ​ខេត្តកណ្ដាល កីឡា​ទោចក្រយាន​និង​ទ្រី​យ៉ា​ត្លុង​ធ្វើ​នៅ​ខេត្ត​កែប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ