ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ជា​ថ្មី​ម្ដងទៀត​ដល់​ជន​រង​គ្រោះ​នៅ​ផ្សារ​សែន​មនោ​រម្យ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាកបាទក្រហមកម្ពុជា​ដែល​មាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន បាន​ផ្តល់​អំណោយ​មនុស្សធម៌…

ខេត្តមណ្ឌលគិរី ៖ កាកបាទក្រហមកម្ពុជា​ដែល​មាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន បាន​ផ្តល់​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ជា​អាជីវករ​ផ្សារ​សែន​មនោ​រម្យ សរុប​ចំនួន​២១១​គ្រួសារ នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុង​នោះ​មាន​អ្នក​រង​របួស​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំនួន​៣​នាក់ អ្នក​ស្លាប់​ក្នុង​អគ្គិភ័យ​ចំនួន​២​នាក់ និង​យុវជន​កាកបាទក្រហមកម្ពុជា​ចំនួន​៨​នាក់ ហើយ​ព្រឹត្តិការណ៍​ឆេះ​ផ្សារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី រំលង​អធ្រាត្រ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​អាណិតអាសូរ និង​ការ​សោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អាជីវករ ។ ជាមួយ​គ្នា​នេះ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ និង​បាន​លើកទឹកចិត្ត​សូមកុំ​អស់សង្ឃឹម ហើយ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើង​វិញ ព្រោះ​អំណោយ​ដែល​បាន​ផ្តល់​ជូន​ពេល​នេះ អាច​ជួយ​សម្រាល​ការ​លំបាក​បាន​មួយ​គ្រា​ប៉ុណ្ណោះ ។

លោកស្រី​បាន​បញ្ជាក់​ថា គ្រួសារ​រង​គ្រោះ​រង​ដោយ​អគ្គិភ័យ​ឆេះ​ផ្សារ​សែន​មនោ​រម្យ ចំនួន​២១១​គ្រួសារ គ្រួសារ​នីមួយ​ៗ ទទួល​បាន អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ សារុង​១ ក្រមា​១ ភួយ​១ តង់​១ និង​ថវិកា​១០០.០០០​រៀល ។ អាជីវករ​រង​របួស​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំនួន​៣​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១​លាន​រៀល យុវជន​កាកបាទក្រហមកម្ពុជា​រង​គ្រោះ​ក្នុង​អគ្គិភ័យ​ចំនួន​៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​ថវិកា​ចំនួន​២៦​ម៉ឺន​រៀល ដោយ​មានការ​ចូលរួម​ថវិកា​ផ្ទាល់ខ្លួន​ពី​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា និង​យុវជន​ស្ម័គ្រចិត្ត​សាខា អនុ​សាខា និង​សប្បុរសជន​ផង​ដែរ ។

គ្រួសារ​រង​គ្រោះ​ទាំងអស់​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​គិតគូរ មាន​ក្តី​មេត្តា ករុណា និង​ទឹកចិត្ត​ជ្រះថ្លា ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ដល់​ប្រជាជន​រង​គ្រោះ​ជួប​ការ​លំបាក​បាន​ទាន់​ពេលវេលា ។ ម្យ៉ាងទៀត​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​១​លើក​រួច​មក​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ៕

សូម​បញ្ជាក់​ផង​ដែរ ផ្សារ​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ដោយ​អគ្គិភ័យ​មួយ​នេះ បាន​បង្ក​ជា​អណ្ដាតភ្លើង​ឡើង​នៅ​ចន្លោះ​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ បណ្ដាល​ឲ្យ​ឆេះ​តូប​អស់​ចំនួន​២១០​តូប ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ មនុស្ស​រង​របួស​ចំនួន​៣​នាក់ និង​មនុស្ស​ស្លាប់​ចំនួន​២​នាក់ ទី​១.​ឈ្មោះ សេង ប៉ូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ស្លាប់​) និង​ទី​២.​ឈ្មោះ ទូច ណា​វីត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​ស្លាប់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ