ខេត្តប៉ៃលិន ៖ យុវជន១ក្រុមមានគ្នាជិត១០នាក់ ចំណែក១ក្រុមទៀតមានគ្នា៦នាក់ បាននាំគ្នាទៅអង្គុយផឹកស៊ីអបអរសាទរបុណ្យចូលឆ្នាំចិននៅកន្លែងក្បែរជើងភ្នំយ៉ាត ស្រាប់តែនិយាយឌឺដងដាក់គ្នាទៅវិញទៅមកលុះទ្រាំមិនបានវាយគ្នាប្រាវបណ្តាលឱ្យរងរបួស និងរត់ចែកជើងគ្នាតែម្តង ។ ហេតុការណ៍វាយតប់គ្នាបណ្តាលឱ្យរងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៦ កុម្ភៈ ស្ថិតនៅចំណុចសួនអាពាហ៍ពិពាហ៍ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីនគរបាលស្នងការខេត្តបានឱ្យដឹងថា មូលហេតុបង្កដោយក្រុមយុវវ័យមួយក្រុមមានគ្នាប្រហែលជិត១០នាក់ កំពុងអង្គុយផឹកស្រាបៀរនៅក្បែរក្រុមជនរងគ្រោះដែលកំពុងអង្គុយលេងក្បែរនោះមានគ្នាចំនួន០៦នាក់ ក្នុងនោះស្រី០២នាក់ ។ ប្រភពបន្តទៀតថា នៅពេលអង្គុយក្បែរគ្នានោះក្រុមជនបង្កបាននិយាយដៀមដាមដាក់ទៅលើជនរងគ្រោះហើយមួយសន្ទុះក្រោយមក ដោយទ្រាំមិនបានស្រាប់តែក្រុមបង្កនាំគ្នាវាយទៅលើក្រុមជនរងគ្រោះតែម្ដង បណ្ដាលរងរបួសទី១-ឈ្មោះ វ៉ាន់ ចែម ( ហៅ ជើប ) ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិកកាស៊ីណូ បែកក្បាលផ្នែកខាងស្ដាំចំនួន០២ថ្នេរ, ទី២-ឈ្មោះ ខូ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ បុគ្គលិកកាស៊ីណូ រងរបួសស្រាល ទាំង២នាក់រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយពេលប្រព្រឹត្តសកម្មភាពរួចក្រុមជនបង្កបាននាំគ្នាគេចខ្លួនបាត់ស្រមោល បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកក្រុមជនបង្កទាំងនោះមកធ្វើការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ