ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ប៉ៃលិន​សម្រុក​ដាំដំឡូង​មី បន្ទាប់​ពី​តម្លៃ​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឆ្នាំ​២០១៨​នេះ ទីផ្សារ​និង​តម្លៃ​ដំឡូង​មី មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ ធ្វើ​ឲ្យ​ប្រជា​កសិករ​មាន​ទឹកចិត្ត​បង្កបង្កើន​ផល​ខុស​ពី​ធម្មតា ។ ជា​ទូទៅ បន្ទាប់​ពី​ប្រមូល​ផល​ដំឡូង​រួច ពួក​គាត់​ពុំ​ទាន់​ចាប់ផ្តើម​ដាំ​ឡើង​វិញ​ទេ…

ខេត្ត​ប៉ៃលិន ៖ ឆ្នាំ​២០១៨​នេះ ទីផ្សារ​និង​តម្លៃ​ដំឡូង​មី មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ ធ្វើ​ឲ្យ​ប្រជា​កសិករ​មាន​ទឹកចិត្ត​បង្កបង្កើន​ផល​ខុស​ពី​ធម្មតា ។ ជា​ទូទៅ បន្ទាប់​ពី​ប្រមូល​ផល​ដំឡូង​រួច ពួក​គាត់​ពុំ​ទាន់​ចាប់ផ្តើម​ដាំ​ឡើង​វិញ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨​នេះ ហាក់​ដូច​ជា​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ ខណៈ​ពេល​នេះ អ្នកខ្លះ​ចាប់ផ្តើម​កាប់​ដើម​ដំឡូង​ដាំ​ជា​បណ្តើរ​ៗ និង​ខ្លះ​ទៀត​កំពុង​តែ​ប្រញឹក​ជួល​កម្មករ​ដក និង​កាប់​ចិញ្ច្រាំ​រាល់ថ្ងៃ យ៉ាង​មមាញឹក ។ ចំណែក​អ្នក​មិន​ទាន់​ដក ក៏​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​ដែរ ព្រោះ​តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ។

កសិករ​ឈ្មោះ អ៊ុ​ក ទូច រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​ដាំដំឡូង​មី​កំពុង​នាំ​គ្នា​សម្រុក​ប្រមូល​ផល ដោយ​សារ​តែ​នៅ​ចុងឆ្នាំ​២០១៧ តម្លៃ​ដំឡូង​មី​ស្រស់ និង​ស្ងួត​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ។
លោក​បន្ដ​ថា ៖« គិត​ត្រឹម​ថ្ងៃ​ទី​១៤ កុម្ភៈ ដំឡូង​មី​ស្រស់​ក្នុង​១​គីឡូក្រាម ថ្លៃ​២,០៥​បាត (ប្រាក់​ថៃ​) ស្មើនឹង​២៥០​រៀល និង​ចំណិត​ដំឡូង​មី​ស្ងួត តម្លៃ​៤,៥​ទៅ​៥​បាត ស្មើនឹង​៤៥០​ទៅ​ជាង​៦០០​រៀល បើ​ធៀប​នឹង​ឆ្នាំ​មុន ដំឡូង​មី​ស្រស់​១​គីឡូក្រាម​លក់​បាន​០,៩​ទៅ​១​បាត ខណៈ​ចំណិត​ដំឡូង​មី​ស្ងួត តម្លៃ​ត្រឹមតែ​៣,៥​ទៅ​៤​បាត​ប៉ុណ្ណោះ » ។

ឈ្មួញ​ដើរ​ទិញ​ដំឡូង​មី​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​ឆ្នាំ​ថ្មី​នេះ ការ​ប្រមូល​ផល​មើមដំឡូង​មី​របស់​លោក​នៅ​តែ​មាន​ជា​បន្តបន្ទាប់ ដោយសារ​ម្ចាស់​ចម្ការ​មួយ​ចំនួន​ពុំ​ទាន់​រួចរាល់ ។ ចំណែក​ការ​បញ្ជា​ទិញ​ពី​ឈ្មួញ ក៏​នៅ​តែ​ចូល​មក​ទទួល​ទិញ​ជា​ហូរហែ ដោយ​ដឹក​តាម​រថយន្ត​យី​ឌុ​ប​បន្ត​ទៅ​លក់​នៅ​ប្រទេស​ថៃ​ទាំង​យប់​ទាំង​ថ្ងៃ ។

លោក សេង រដ្ឋ អ្នក​ប្រមូល​ទិញ​ដំឡូង​រូប​នេះ​បាន​ប្រាប់​កោះសន្ដិភាព​ថា ៖« សព្វថ្ងៃ មិន​ត្រឹមតែ​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន​ទេ ទីផ្សារ​ក៏​សម្បូរ​ដែរ ។ ពេល​ខ្លះ​ដក​ភ្លាម លក់​ភ្លាម ប៉ុន្តែ​បើ​លក់​ទាំងមូល អត់​សូវ​បាន​ចំណេញ​ប៉ុន្មាន​ទេ ទើប​ជួល​កម្មករ​ចំណាកស្រុក​មក​ពី​ខេត្ត​ផ្សេង​ឱ្យ​សង់រោង​នៅ​ចម្ការ​នាំ​គ្នា​កាប់​ចិញ្ច្រាំ​តែ​ម្តង ដោយ​ក្នុង​១​កញ្ឆេ ជួល​ក្នុង​តម្លៃ​១​ពាន់​រៀល ហើយ​ម្នាក់​ៗ​អាច​ចិញ្ច្រាំ​បាន​ចាប់ពី​៤០​ទៅ​៥០​កញ្ឆេ​ឯណោះ » ។

លោក​បញ្ជាក់​ថា នៅ​ដើមឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែល​ដាំដំឡូង​មី​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​គ្រប់​គ្នា ដោយ​ឃើញ​ដំឡូង​មី​ឡើងថ្លៃ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​បាន​យក​ដីចម្ការ​ទៅ​ដាំ​ពោត​ក្រហម តា​ង៉ែ​ន ចេក ស្វាយកែវ​រមៀត និង​ដំណាំ​ផ្សេង​ៗ​មួយ​ចំនួន​ដែរ ធ្វើ​ឲ្យ​ការ​ដាំ​ដុះ​ដំឡូង​មី​បាន​តិច ដោយសារ​តែ​កាលពី​ឆ្នាំ​២០១៦ តម្លៃ​ដំឡូង​មី​ធ្លាក់​ចុះ​ខ្លាំង​ពេក ។

ទោះជា​យ៉ាងនេះ​ក្ដី ពួក​គាត់​ក៏​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យក​ចិត្តទុកដាក់​ជួយ​ដោះស្រាយ​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀត ពួក​គាត់​ក៏​បាន​អរគុណ​ដល់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​តែង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ជិតខាង ជា​ពិសេស​ប្រទេស​ថៃ ក្នុង​ការ​បើក​ឱ្យ​មាន​ក្រុម​ឈ្មួញ​ចូល​មក​ទិញ​ដំឡូង​មី​ដោយ​រលូន។
ទីផ្សារ​ដំឡូង​មី​ចាប់ផ្ដើម​ប្រសើរ​ឡើង បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​រដ្ឋមន្ត្រី​

ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម បាន​ខិតខំ​ជំរុញ​វិស័យ​នេះ​តាម​រយៈ​ការ​រៀបចំ​វេទិកា​ដំឡូង​មី ដើម្បី​ទាក់ទាញ​ការ​វិនិយោគ និង​បើក​របាំង​ទីផ្សារ ព្រមទាំង​លើកទឹកចិត្ត​ដល់​កសិករ​ក្នុង​ការ​ដាំ​ដុះ​ផង​ដែរ ។

ថ្លែង​ក្នុង​ទិវា​ដំឡូង​មី​លើក​ទី​២ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​ប៉ៃលិន កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា និន្នា​ការ និង​ការ​រំពឹង​ទុក​នៃ​តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នឹង​មាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សង្វា​ក់​តម្លៃ​ដំឡូង​មី តាម​រយៈ​ការ​ពង្រឹង និង​ពង្រីក​ផលិតកម្ម ការ​កែ​ច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថភាព​នាំ​ចេញ សំដៅ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​នា​ពេល​អនាគត ។

លោក​ថ្លែង​ថា ៖« ដើម្បី​ចាប់​យក​កាលានុវត្តភាព​នេះ កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​បន្ថែម និង​ការ​ឯកភាព​ជា​ធ្លុង​មួយ​រវាង​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិភ័យ​នានា​ដូច​ជា ភាព​ទន់ខ្សោយ​នៃ​ខ្សែ​សង្វា​ក់​តម្លៃ កង្វះ​ព័ត៌មាន​ទីផ្សារ ការ​ផ្គត់ផ្គង់​មិន​ទៀងទាត់ និង​គុណភាព​ប្រែប្រួល​នៃ​ដំឡូង​មី ដែល​ជា​កត្តា​រាំងស្ទះ​ដល់​ការ​លូតលាស់​នៃ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា » ។

ស្របគ្នា​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ថ្លែង​ថា ៖« កម្ពុជា គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​លើ​ពិភពលោក និង​លំដាប់​ទី​៤​នៅ​ក្នុង​តំបន់ ។ ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ពាក់ព័ន្ធ​តាម​វិស័យ​នានា តម្រង់​ឆ្ពោះទៅ​រក​ទីផ្សារ​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក បាន​ជួយ​ជំរុញ​កំណើន​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ល្បឿន​មួយ​គួរ​ជាទី​មោ​ទ​នៈ » ។

យោង​តាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី​កម្ពុជា ត្រូវ​បាន​ពង្រីក​ទីផ្សារ​ពី​៤​ប្រទេស​ក្នុង​ឆ្នាំ​២០១៤ ទៅ​១៦​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ ។

ទិន្នន័យ​ដដែល​បញ្ជាក់​ថា ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី (​ដំឡូង​មី​ស្រស់​, ចំណិត​ដំឡូង​​មី​ក្រៀម និង​ម្សៅដំឡូង​មី​) បាន​កើនឡើង​ពី​០,២២​លាន​តោន​ក្នុង​ឆ្នាំ​២០១២ ដល់​ជាង​៣,៦​លាន​តោន​ក្នុង​ឆ្នាំ​២០១៦ ។ ចំណែក​នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧ ការ​នាំ​ចេញ​ដំឡូង​មី សម្រេច​បាន​ជាង​១,៨​លាន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ