ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះដាច់​ជា​តំបន់​មាន​ជីជាតិ​អំណោយផល​ដល់​ការ​ដាំ​បន្លែ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កោះដាច់​ស្ថិត​នៅ​កណ្តាលទន្លេ​មេគង្គ ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់​សៀម គឺជា​តំបន់​ដែល​សម្បូរ​ផ្ទៃដី​មាន​ជីជាតិ​ងាយស្រួល​ដល់​ពលរដ្ឋ​ប្រកប​របរ​ដាំ​ដុះ​បន្លែ​ផ្សេង​ៗ​ដូច​ជា តាសក់ ននោង ត្រប់ និង​ត្រឡាច…

ខេត្តកំពង់ចាម ៖ កោះដាច់​ស្ថិត​នៅ​កណ្តាលទន្លេ​មេគង្គ ក្នុង​ឃុំ​កោះសំរោង ស្រុក​កំពង់​សៀម គឺជា​តំបន់​ដែល​សម្បូរ​ផ្ទៃដី​មាន​ជីជាតិ​ងាយស្រួល​ដល់​ពលរដ្ឋ​ប្រកប​របរ​ដាំ​ដុះ​បន្លែ​ផ្សេង​ៗ​ដូច​ជា តាសក់ ននោង ត្រប់ និង​ត្រឡាច ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សមរម្យ​ផង​ដែរ ។

អ្នកស្រី សួន ចាន់​នី អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ចុង​ថ្នល់​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ប្រាប់​ថា គាត់​និង​ប្តី​បាន​នាំ​គ្នា​ដាំ​បន្លែ​ជា​ច្រើន​មុខ​នៅ​លើ​កោះដាច់​នេះ ។ ពី​ដំបូង គាត់​ដាំ​តិចតួច​ទេ ប៉ុន្តែ​ក្រោយមក គាត់​ក៏​បាន​ទិញ​ដី​បន្ថែម​ទៀត​ដើម្បី​ពង្រីក​ការ​ដាំ​ដុះ ។ នៅ​ក្នុង​រដូវ​ទឹក​ស្រក ការ​ដាំ​ដុះ​របស់​គាត់​ទទួល​បាន​ផល​ច្រើន​គួរសម ហើយ​ពេល​គេ​មក​ទិញ​ម្តង​ៗ គាត់​អា​ចរក​កម្រៃ​បាន​ពី​២០​ម៉ឺន ទៅ​៣០​ម៉ឺន​រៀល​ដែរ ។

សព្វថ្ងៃ គ្រួសារ​របស់​គាត់​ពឹងផ្អែក​លើ​ការ​ដាំ​ដុះ​បន្លែ​នេះ និង​អាច​លក់​ដោះស្រាយ​ជីវភាព​បាន​សមរម្យ ព្រម​បាន​ឲ្យ​កូនប្រុស​ស្រី​២​នាក់​ទៅ​រៀន​ជំនាញ​ជួសជុល​រថយន្ត និង​អ៊ុតសក់ ។

លោក ម៉ៅ ឈា អាយុ​៤៣​ឆ្នាំ អ្នក​ប្រមូល​ទិញ​បន្លែ​ទៅ​បោះ​ឲ្យ​ម៉ូយ​តាម​ទីផ្សារ ជាង​១០​ឆ្នាំ​មក​ហើយ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ៖« រាល់​ថ្ងៃនេះ ខ្ញុំ​មាន​រថយន្ត​ទ្រុង​១​គ្រឿង​ទុក​ដើរ​ទិញ​បន្លែ​នៅ​តាម​ស្រុក ដូច​ជា ស្រុក​ក្រូចឆ្មារ ពាមជីលាំង ពាម​ជាំ​ង ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​មួយ​ផ្នែក​ទៀត​នៅ​ត្រើយ​ខាងលិច​ទន្លេមេគង្គ​មាន ស្រុក​ចំការ​លើ កងមាស និង​កោះដាច់​ជាដើម ព្រមទាំង​តំបន់​ឆ្ងាយ​ៗ​ជា​ច្រើន​ទៀត ។ នៅ​ពេល​ទិញ​ដាក់​ពេញ​រថយន្ត​ហើយ​នោះ ខ្ញុំ​ត្រូវ​ដឹក​ដើរ​បោះ​ឲ្យ​ម៉ូយ​នៅ​តាម​ផ្សារ​នានា​ក្នុង​ក្រុង​កំពង់​ចាម » ។

លោក​បន្ត​ថា ៖« ជាក់ស្តែង បន្លែ​ដែល​ទិញ​នៅ​ព្រឹក​នេះ (​ថ្ងៃ​ទី​១៣ កុម្ភៈ​) មាន​ដូច​ជា ននោង និង​ត្រប់ គឺ​ខ្ញុំ​បាន​ចុះ​ប្រមូល​ទិញ​ពី​កសិករ​នៅ​កោះដាច់ ។ ខ្ញុំ​នឹង​ដឹក​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​តាម​ផ្សារ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ហើយ​ពេល​ខ្លះ បាន​ដឹក​ដល់​ទៅ​ខេត្តស្វាយរៀង​ក៏​មាន​ដែរ » ។

សម្រាប់​ខែប្រាំង​វិញ គាត់​បាន​ដើរ​ទិញ​បន្លែ​នៅ​ស្រុក​ជាប់​ទន្លេមេគង្គ និង​នៅ​តាម​ស្រុក​គ្មាន​ទឹក​លិច ដូច​ជា ស្រុក​ចំការលើ កងមាស និង​ស្រុក​មេមត់​ជាដើម ។

ក្រោយ​ពីផាត់​ចំណាយ​លើ​ប្រេង និង​កម្មករ​លើកដាក់​ហើយ​នោះ អ្នក​ប្រមូល​ទិញ​បន្លែ​រូប​នេះ​អាច​សល់​ប្រាក់​ជាង​១០​ម៉ឺន​រៀល​ក្នុង​១​ជើង​។ ទោះជា​មិន​បាន​ចំណេញ​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​គាត់​និង​ប្រពន្ធ​នៅ​តែ​ប្រកប​របរ​នេះ​បន្ត​ទៀត​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ជាមួយ​គ្នា​នេះ គាត់​សូម​សំណូមពរ​ដល់​ពលរដ្ឋ​ទាំងឡាយ​នាំ​គ្នា​ជួយ​លើកតម្កើង​ផលិត​ផល​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ដើម្បី​ឲ្យ​កសិករ​មាន​កម្លាំងចិត្ត​ដាំ​ដុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ