ខេត្តមណ្ឌលគីរី ៖ ដំណឹងល្អសម្រាប់អ្នករងគ្រោះដោយសារអគ្គិភ័យឆេះផ្សារ ក្រោយម្ចាស់ផ្សារលឹម ប៉េងឃុន បានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៨ ថា ខ្លួននឹងអនុញ្ញាតឲ្យក្រុមអាជីវកររងគ្រោះដោយសារអគ្គិភ័យឆាបឆេះតូបលក់ដូរអស់ទាំងស្រុង នៅផ្សារក្រុងសែនមនោរម្យកាលពីរាត្រីថ្ងៃទី១០ ដោយមិនគិតប្រាក់ឈ្មួលរយៈពេល៦ខែ ។
លោក លឹម ប៉េងឃុន បានឲ្យដឹងថា ដោយមើលពីការលំបាករបស់ក្រុងអាជីវករដែលរងគ្រោះដោយភ្លើងឆេះផ្សារ លោកក៏សម្រេចចិត្តអនុញ្ញាតឲ្យក្រុមអាជីវករទាំងនោះអាចចូលទៅលក់ទំនិញនឹងរបស់របរនានា ក្នុងផ្សារដោយមិនគិតកម្រៃឈ្មួលតូបឡើយ ។ លោក ប៉េង ឃុន បន្តថា ផ្សាររបស់លោកមានទីតាំងនៅភូមិ ចំការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ មានចម្ងាយប្រមាណ១៥០០ម៉ែត្រ ពីរង្វង់មូលគោព្រៃ នឹងចម្ងាយពីផ្សារសែនមនោរម្យដែលឆេះនោះត្រឹម១៦០០ម៉ែត្រ ។ ជាងនេះទៅទៀតផ្សាររបស់លោក មានរៀបចំប្រព័ន្ធអនាម័យត្រឹមត្រូវ ប្រព័ន្ធទឹកភ្លើងរួចជាស្រេច នឹងមានតូបសម្រាប់លក់ដូរជិត២០០កន្លែង សម្រាប់ត្រៀមទទួលបងប្អូនអាជីវករចូលទៅលក់ទំនិញ ។
លោក ប៉េង ឃុន បញ្ជាក់ថា ទម្រាំតែអាជ្ញាធរ ឬបងប្អូនសាងសង់តូបលក់ដូរនៅទីតាំងចាស់រួចរាល់វិញប្រើពេលយូរណាស់ ធ្វើឲ្យខាតបង់ពេលវេលានឹងប្រាក់ចំនូល ដូច្នេះបើពួកគាត់ទៅលក់ដូរនៅផ្សាររបស់លោកនឹងអាចធ្វើឲ្យពួកគាត់ចំនេញបានច្រើន ព្រោះមិនអស់ប្រាក់ឈ្មួលហើយបើពួកគាត់គិតថា ចង់បន្តលក់នៅទីនេះក្រោយរយៈពេល៦ខែ លោកនឹងចុះកុងត្រាជាមួយពួកគាត់ ដោយគិតប្រាក់ឈ្មួលក្នុងតម្លៃសមរម្យ ។
អាជីវករបានសំណូមពរដល់អតិថិជន និងប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី មេត្តាជួយទិញទំនិញរបស់ពួកគាត់នៅទីតាំងផ្សារប៉េង ឃុនផង ព្រោះពួកគាត់មួយចំនួនសុទ្ធតែជាប់បំណុលធនាគារ ដើម្បីទិញទំនិញទុកលក់តែឥឡូវត្រូវភ្លើងឆេះអស់ ដូច្នេះមានតែការអំពាវនាវនេះទេ ដល់ប្រជាពលរដ្ឋជួយទិញទំនិញរបស់គាត់ ដើម្បីបានប្រាក់ចំនេញស្តារជីវភាពគ្រួសារវិញ ៕
ចែករំលែកព័តមាននេះ