ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ក្រហមច្រាល​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​ពេញ​ផ្ទៃ​បឹង​កុក​ផ្អើល​អស់​សមត្ថកិច្ច

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នេះ​ជា​លើក​ទី​២​ហើយ ដែល​ភ្លើង​បាន​ឆាបឆេះ​ពេញ​ផ្ទៃ​បឹង​កុក ភ្លើង​ឡើង​ក្រហមច្រាល​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ទៅ​លើ​អាកាស ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដែល​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តកំពង់ចាម ៖ នេះ​ជា​លើក​ទី​២​ហើយ ដែល​ភ្លើង​បាន​ឆាបឆេះ​ពេញ​ផ្ទៃ​បឹង​កុក ភ្លើង​ឡើង​ក្រហមច្រាល​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ទៅ​លើ​អាកាស ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដែល​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​កំពង់ចាម ។ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​រហូត​ដល់​ទៅ​១០​គ្រឿង បាន​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​មិន​បាន​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ណា​នោះ​ទេ តែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​ក៏​ព្រលឹង​ចុង​សក់​ដែរ ។

លោក ខ្ច​ង អូន ចៅសង្កាត់​បឹង​កុក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដំបូង​ភ្លើង​បាន​ឆេះ​ចេញ​ភ្នក់ភ្លើង​តូច​ចេញពី​ត្រង់​ចេតិយ​ក្នុង​បរិវេណ​វត្ត​បឹង​កុក នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល មិន​មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ទេ បន្ទាប់​មក​ភ្លើង​បាន​ឆេះ​រាលដាល​បន្តិច​ម្តង​ៗ មក​ដល់​ស្មៅ​នៅ​មាត់បឹង​កុក​ឆេះ​រាល​ទៅ​លើ​ស្បូវ​ដែល​ដុះ​នៅ​ក្នុង​បឹង ដែល​ងាប់​ដោយ​ត្រូវ​កំ​ដៅ​ថ្ងៃ ដោយ​មាន​អណ្តាតភ្លើង​ក្រហមច្រាល​តែ​ម្តង ។

លោក​ចៅសង្កាត់​បឹង​កុក មាន​ប្រសាសន៍​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​កុក​នោះ រូប​លោក នឹង​លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់​មាត់បឹង​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ដែល​បាន​កើតឡើង ។ ភ្លាម​ៗ​នោះ លោកស្នងការ​នគរបាល​ខេត្ត
បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​តាម​បណ្តា​ស្រុក​-​ក្រុង យ៉ាង​ហោច​ណាស់​ចំនួន​១០​គ្រឿង​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ​រាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ។

មូលហេតុ​ដែល​ភ្លើង​ឆេះ​នេះ មិន​មាន​អ្នក​ណា​លួច​ដុត​នោះ​ទេ គឺ​ផ្តើម​ចេញពី​ប្រជាពលរដ្ឋ​ដែល​បាន​ដុត​សំរាម​ចោល ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​រាលដាល​បណ្តាល​ឲ្យ​ឆេះ​មក​ដល់​ស្បូវ ដែល​ងាប់​ហើយ​ក្រៀម​ដុះ​នៅ​លើ​ផ្ទៃ​ទឹក​បឹង​នោះ ។ ក្នុង​នាម​អាជ្ញាធរ សូម​សំណូមពរ​ដល់​ពលរដ្ឋ​ដែល​យក​ឃ្មុំ ឬ​ដុត​សំរាម សូម​មេត្តា​ប្រុង​ប្រយ័ត្ន​មើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទាល់តែ​រលត់​កន្លែង​ដុត​សិន ព្រោះថា​នៅ​ក្នុង​ខែ​នេះ ជា​រដូវប្រាំង​ដែល​ងាយ​បង្ក​អគ្គិភ័យ ប្រសិនណាបើ​យើង​មានការ​ធ្វេសប្រហែស បើ​ទប់ស្កាត់​មិន​ទាន់ នឹង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​មាន​អគ្គិភ័យ​កើតឡើង​នោះ រូប​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ក្នុង​នោះ​មាន​នគរបាល អាវុធហត្ថ ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១០​គ្រឿង​បាញ់​ទឹក ដោយ​បាន​បាញ់​អស់​ចំនួន​៣០​រថយន្ត ទើប​ភ្លើង​រលត់​ទៅ​វិញ និង​គ្រប់​គ្រង់​ស្ថាន​ការ​បាន​ទាំងស្រុង ។

សាក្សី​និយាយ​ថា នៅ​មុខ​វិទ្យាល័យ ហ៊ុន សែន បឹង​កុក មាន​ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង​ដែល​ភ្លើង​ស្ទើរតែ​ឆេះ​ដល់ តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ញាប់ដៃ​ញាប់​ជើង ក្នុង​នោះ​មាន​នគរបាល​ពន្លត់​អគ្គិភ័យ អាវុធហត្ថ វត្តមាន​ស្នងការ​រង​ខេត្ត​ជា​ច្រើន​នាក់ បាន​ចុះ​បញ្ជា​ដោយ​ផ្ទាល់ និង​បាន​ឲ្យ​បាញ់​ទឹក​ការពារ​ជា​ច្រើន​រថយន្ត ទៅ​លើ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មុខ​វិទ្យាល័យ ហ៊ុន សែន បឹង​កុក ដើម្បី​ការពារ​មិន​ឲ្យ​ភ្លើង​ឆេះ​ដល់​នោះ​ទេ តែ​ក៏​មាន​អ្នកខ្លះ​ភ័យ​បាន​ជញ្ជូន​របស់ទ្រព្យ ចេញ​មក​ក្រៅ​ផ្ទះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ