ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​សិស្សសាលា​ដួល​សន្លប់​ជា​ច្រើន​នាក់​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​បៃ​លិ​ន ៖ រហូត​មក​ដល់​វេលា​ម៉ោង​0៣​រសៀល ថ្ងៃ​ទី​១៣ ខែកុម្ភ ឆ្នាំ​២០១៨ គេ​សង្កេត​ឃើញ​មាន​សិស្ស​ស្រី​ៗ​ចំនួន​៧​នាក់​ទៀត បាន​ដួល​សន្លប់ (​ក្នុង​នោះ​មាន​អ្នកខ្លះ​ធ្លាប់​សន្លប់​ពី​មុន​) បន្ទាប់​ពី​សិស្ស​ស្រី​ជាង​១០​នាក់​បាន​ដួល​សន្លប់​កាលពី​ចុង​ស​ប្តា​ហ៍​មុន…

ខេត្ត​បៃ​លិ​ន ៖ រហូត​មក​ដល់​វេលា​ម៉ោង​0៣​រសៀល ថ្ងៃ​ទី​១៣ ខែកុម្ភ ឆ្នាំ​២០១៨ គេ​សង្កេត​ឃើញ​មាន​សិស្ស​ស្រី​ៗ​ចំនួន​៧​នាក់​ទៀត បាន​ដួល​សន្លប់ (​ក្នុង​នោះ​មាន​អ្នកខ្លះ​ធ្លាប់​សន្លប់​ពី​មុន​) បន្ទាប់​ពី​សិស្ស​ស្រី​ជាង​១០​នាក់​បាន​ដួល​សន្លប់​កាលពី​ចុង​ស​ប្តា​ហ៍​មុន ហើយ​ក៏​មាន​សិស្ស​ដួល​សន្លប់​ជា​បន្តបន្ទាប់​រៀងរាល់ថ្ងៃ ខណ​:​ពួក​គេ​កំពុង​អង្គុយ​រៀន​ក្នុង​ថ្នាក់រៀន ។ រក​មូលហេតុ​មិនឃើញ ទើប​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត សម្រេចចិត្ត​ហៅ​លោកគ្រូ អ្នកគ្រូ ចូល​ប្រជុំ​រក​ដំណោះស្រាយ​នៅ​ក្នុង​សាលារៀន​អនុ​វិទ្យាល័យ​សន្តិភាព ស្ថិត​ក្នុងភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

បើ​តាម​លោក​វេជ្ជបណ្ឌិត អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា តាំងពី​ថ្ងៃ​ដែល​ក្មេង​ស្រី​ៗ​សិស្សសាលា​ដួល​សន្លប់​ដំបូង​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​រក​ឃើញ​ភស្តុ​តាង ឬ​មូលហេតុ​ណាមួយ​ឃើញ​នោះ​ទេ ដោយ​ក្មេង​ស្រី​ៗ​ដួល​សន្លប់​ដំបូង​យក​ទៅ​ដល់​មន្ទីរពេទ្យ ក៏​ដឹងខ្លួន​ឡើង​វិញ លុះ​ពិនិត្យ​មើល​សុខភាព​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ។ លោក​បន្ត​ទៀត​ថា ឥលូវ​នេះ ខាង​ក្រសួងសុខាភិបាល បាន​យក​ឈាម​របស់​ក្មេង​ទាំងនោះ ទៅ​ធ្វើការ​ពិនិត្យ​នៅ​ឯ​ភ្នំពេញ ដើម្បី​រក​ឱ្យ​ឃើញ​ពី​មូលហេតុ នៃ​ការ​ដួល​សន្លប់​នេះ ។

លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន​ខេត្ត​បានឱ្យ​ដឹង​ថា ទោះបី​មានការ​ដួល​សន្លប់​ក៏​ដោយ សូមកុំ​ឱ្យ​មានការ​ច្របូកច្របល់​ក្នុង​សាលារៀន ចៀសវាង​បកស្រាយ​អ្វី​តាម​ការ​នឹកឃើញ​ខ្លួនឯង​ទាំងអស់ ហើយ​ក៏​សុំ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​នៅ​តែ​យកចិត្តទុកដាក់​ក្នុង​ការ​តាមដាន​មើល​ពី​មូលហេតុ នៃ​ការ​ដួល​សន្លប់​នេះ ។ លោក​បន្ត​ទៀត​ថា មិន​ត្រូវ​ឱ្យ​សិស្ស​ណា​ម្នាក់​លេង​បន្លាច​គ្នា​ពាក់ព័ន្ធ​នឹង​វិញ្ញាណ​ខ្មោច​ព្រាយ​បិសាច​នោះ​ឡើយ ព្រោះ​អាច​ធ្វើ​ឱ្យ​ក្មេង​ៗ​មានការ​ភ័យ​ខ្លាច​ទៅ​ជា​ដួល​សន្លប់ ។ យើង​ដឹង​ពី​ការ​មូលហេតុ​ខ្លះ​ៗ​ដែរ ដោយសារ​មាន​សិស្ស​ខ្លះទៅ​ហូប​ការ​ពេល​យប់​មាន​ផឹកស្រា​ជួបជុំ​មិត្តភក្តិ ខ្លះ​ទៀត​អត់​សូវ​ហូប​បាយ ទើប​ទៅ​ជា​ខ្សោយ​បែប​នេះ ។ ម្យ៉ាងវិញទៀត ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​យក​ពួក​គេ​ទាំងនោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​ឱ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​មាន​បញ្ហា​កើតឡើង ។

ចំណែក​ខាង​មន្ត្រី នៃ​ក្រសួងសុខាភិបាល​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់​ក្មេង​ស្រី​ៗ​ទាំង​អស់នោះ ដោយសារ​តែ​ពួក​គេ​អត់​សូវ​ហូប​អាហារ ព្រោះ​សិស្ស​ប្រុស​ៗ​មាន​កម្លាំង​មាំមួន​មិន​មាន​នរណា​ម្នាក់​ដួល​សន្លប់​នោះ​ទេ ។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់​ពី​មានការ​ដួល​សន្លប់​សិស្ស​ស្រី​ជា​បន្តបន្ទាប់ ខាង​សាលារៀន​បាន​ហៅ​គ្រូមន្តអាគម​អូ​ម​អាម​មក​បញ្ចូល​រូប​មើល​ពី​វិញ្ញាណ​ព្រាយ​បិសាច​ផង​ដែរ តែ​រក​មូលហេតុ​មិន​ទាន់​ដឹង​ឡើយ ។ ចំណែក​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​បាន​លើក​ជា​មតិយោបល់​ថា មូលហេតុ​ទាំង​អស់នេះ ដោយសារ​តែ​អាកាសធាតុ​ប្រែប្រួល ណាមួយ​នៅ​ក្នុង​បរិវេណ​សាលារៀន​មានការ​ចាក់​បេតុង​ថ្មី​ៗ បណ្តាល​ឱ្យ​ជះក្លិន​ចូល​ក្នុង​ថ្នាក់រៀន ហើយ​ម្យ៉ាងទៀត​ក្នុង​ថ្នាក់រៀន​មានការ​ក្តៅ​ថប់​ខ្យល់​ទើប​ធ្វើ​ឱ្យ​ក្មេង​ៗ​ទាំងនោះ​ដួល​សន្លប់​បែប​នេះ ។

បើ​តាម​ស្ត្រី​ចំណាស់​ម្នាក់​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ឯ​មន្ទីរពេទ្យ​បង្អែ​កថា ក្មេង​មួយ​ចំនួន​ពេល​ចូល​ក្នុង​បន្ទប់ទឹក ពេល​ដើរ​ចេញ​មក​វិញ មាន​ឮ​សំឡេង​ស្រែកយំ​ពីក្រោយ​ខ្នង លុះ​ងាក​មើល​អត់​ឃើញ​នោះ​ទេ ហើយ​បម្រុង​នឹង​យក​ទៅ​ប្រាប់​អ្នក​ដទៃ​ស្រាប់តែ​តឹងទ្រូង​ដួល​សន្លប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ