ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរចាស់​ក្មេង​ ប្រមាណ​២៧០​​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចាស់​ក្មេង​ប្រមាណ​២៧០​នាក់ ត្រូវ​បាន​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ខ្លួន ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង រួម​ជាមួយ​គោ​យន្ត៤៩​គ្រឿង ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ធ្វើ​ដំណើរ​តាម​គោ​យន្ត​ដឹក​បន្លែ​ និង​កសិផល​ផ្សេង​ៗ ឆ្លង​ដែនចូល​ទៅ​លក់​នៅ​ផ្សារណាត់​ក្នុង​ទឹកដី​ថៃ ហើយ​ចេញ​មក​វិញ…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចាស់​ក្មេង​ប្រមាណ​២៧០​នាក់ ត្រូវ​បាន​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់ខ្លួន ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង រួម​ជាមួយ​គោ​យន្ត៤៩​គ្រឿង ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ធ្វើ​ដំណើរ​តាម​គោ​យន្ត​ដឹក​បន្លែ​ និង​កសិផល​ផ្សេង​ៗ ឆ្លង​ដែនចូល​ទៅ​លក់​នៅ​ផ្សារណាត់​ក្នុង​ទឹកដី​ថៃ ហើយ​ចេញ​មក​វិញ ដោយ​ដឹក​ជី​កសិកម្មពេញ​រ៉ឺ​ម៉ក ។ ការ​ចាប់​ឃាត់​នេះ គឺ​ចំ​ពេល​មាន​បណ្តឹង​ពី​ក្រុមហ៊ុន​ពី​បទ​រំលោភ​កម្ម​​សិទ្ធិ បញ្ញា ហើយ​ក៏​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ ខណៈ​ដឹក​ចូល​មក​ដី​ខ្មែរ ។

ការ​ឃាត់​ចាប់​គោ​យន្ត​ពលរដ្ឋ​ខ្មែរ​ដឹក​ជី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ នៅ​ច្រករបៀង​ធ្នង់​ភ្នំដងរែក ចំណុច​ភូមិ​សាម​សូន្យ ឃុំ​តាប់​ថៃ ស្រុកតាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ឈម​នឹង​ភូមិ​គោកត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមាន​ជ័យ ។ ការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​គឺ​រហូត​ដល់វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើបត្រូវ​បាន​ទាហាន​ថៃ​ដោះ​លែង​ឲ្យ​ត្រឡប់​មក​វិញតាម​ច្រក​តំបន់​បឹង​ត្រកួន ។ ការ​ដោះ​លែង​នេះ គឺ​ក្រោយ​ពី​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ​តាម​បន្ទាត់​ព្រំដែន​ស្រុក​ថ្មពួក និង​ទាហាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ចូល​ទៅ​សម្រប​សម្រួល ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថៃ និង​ទាហាន​ប៉ា​រ៉ា​ថៃ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​ជី​ចូល​មក​ទឹកដី​ខ្មែរ គឺ​សម្រាប់​​ប្រើប្រាស់​ដាក់​ស្រែ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ មិន​បាន​ធ្វើ​អាជីវកម្ម​ទេ ទើប​ភាគី​ថៃ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​និង​គោ​យន្ត​ឱ្យ​ត្រឡប់​មក​វិញ ។

មានការ​កត់​សម្គាល់ថា ជា​រឿយ​ៗ​កសិករ​ខ្មែរនៅ​តំបន់​ព្រំ​ថៃ តែង​នាំ​គ្នា​ទៅ​ទិញ​ជី​ក្នុង​ទឹកដី​ថៃ​យក​មក​ដាក់​ស្រែ ដោយសារ​តម្លៃ​ជី​ក្នុងស្រុក​ថ្លៃ​។ ប៉ុន្តែ​លើក​នេះ ពួក​គាត់​នាំ​គ្នា​ទៅ​ទិញ​ជី​ដូច​គេ​ហែ​កឋិន ទើប​ផ្អើល​ដល់​សមត្ថកិច្ច​ថៃ គាប់​ជួន​ក្រុមហ៊ុន​ផលិត​ជី​មាន​បណ្តឹង​ពី​ការ​លួច​ផលិត​ជី​ក្លែងក្លាយ​ផង​នោះ ក៏​មានការ​ចាប់​ត្រួតពិនិត្យ​រហូត​ផ្អើល​បែប​នេះ ។លោក​វរសេនីយ៍ទោ ឡុ​ង សំណាង មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​នេះ ដោយសារ​ទាហាន​ថៃ​គេ​ចោទ​ថា​ពួក​គាត់​ដឹក​ជី​រំលោភ​កម្មសិទ្ធិបញ្ញា នាំ​ចូល​ដី​ខ្មែរ​ធ្វើ​អាជីវកម្ម ។ លោក​បន្ត​ថា ក្នុង​គោ​យន្ត​១​គ្រឿង​ដែល​មាន​ដឹក​ជី​១០​ការុង​ឡើង​ទៅ ត្រូវ​បាន​ទាហាន​ថៃ​ឃាត់​ទុក ចំណែក​អ្នក​ដឹក​២​ទៅ​៣​ការុង​ទាហាន​ថៃ​មិន​ចាប់​ទេ ។

លោក​មេបញ្ជាការ​ឱ្យ​ដឹង​ទៀត​ថា ការ​ចាប់នោះ​ដោយសារ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង​ថា មាន​អាជីវករ​ថៃ​លក់​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំ​ចូល​ស្រុក​ខ្មែរ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​រកស៊ី​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា ដែល​នាំ​ចូល​ផ្តាច់មុខ​ដូច​ជា ជី​សញ្ញា​ក្បាល​គោ​នេះ​ជាដើម ។លោក​បញ្ជាក់​ទៀត​ថា ជាមួយនឹង​ការ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ ទាហាន​ថៃ​ក៏​បាន​ដកហូត​ជី​ក្នុង​មួយ​គោ​យន្ត​ពី​៣​ទៅ​៤​ការុង​ផង​ដែរ ។ ពាក់ព័ន្ធ​នឹង​ការ​នាំ​ជី​ដែល​ភាគី​ថៃ​ចោទ​ថា រំលោភ​កម្មសិទ្ធិបញ្ញា ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​កម្ពុជា ក្នុង​រូបភាព​ដឹក​តាម​គោ​យន្ត​របស់​ពលរដ្ឋ​ខ្មែរ​សម្រាប់​ដាក់​ស្រែ​នោះ​ដែរ កន្លង​មក​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យក​មក​ដាក់​ស្រែ​ទេ បែរជា​យក​មក​ធ្វើ​អាជីវកម្ម​ដឹក​បោះ​លក់​តាម​ដេប៉ូ​លក់​ជី ឬ​ដឹក​ល​ក់តាមស្រែ​ចម្ការ។

ករណី​នេះ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ធ្លាប់​ធ្វើការបង្ក្រាប​ជា​ច្រើន​ដង​ហើយ ប៉ុន្តែ​ការ​អនុវត្ត​នោះបាន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋា​ន​ទៅ​វិញ ។ ដោយសារ​ការ​ទប់ស្កាត់​នៅ​ក្នុង​ដី​ខ្មែរ​គ្មាន​ប្រសិទ្ធភាព ទើប​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង​ទៅ​ភាគី​ថៃ​ឱ្យ​ទប់ស្កាត់​ការ​ដឹក​ជី​ចេញពី​ផ្សារណាត់​ដែល​ជា​ប្រភព​ដើម​ទី​តែ​ម្តង ។
លោក សរ សំណាង ប្រធាន​គណៈកម្មការ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ សមត្ថកិច្ច​ថៃ​បាន​ចាប់​ឃាត់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២៧៤​នាក់ ក្នុង​នោះ​ស្ត្រី​១១១​នាក់ និង​កុមារ​៩៤​នាក់ គោ​យន្ត​៤៩​គ្រឿង និង​ជីគីមី​ចំនួន​៦៥៥​ការុង នៅ​ក្បែរ​ព្រំដែន​ខាងភាគី​ថៃ ស្ថិត​ក្នុងស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ។ ក្រោយ​ពេល​ថៃ​ចាប់​នោះ អាជ្ញាធរ​និងសមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចូល​ទៅ​សម្របសម្រួល​ជាមួយ​ភាគី​ថៃ ទើប​សម្រេច​ដោះ​លែង​ប្រជាពលរដ្ឋ​និង​គោ​យន្ត តែ​ដកហូត​ជីគីមី​ចំនួន​២០០​ការុង​ទុក ។

ដោយឡែក​ នៅ​ថ្ងៃ​ទី​១២ ​កុម្ភៈ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៥​នាក់​(​ស្រី​៩​នាក់​) ត្រូវ​ភាគី​តម្រួត​ថៃ​ឃាត់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ​លួច​ឆ្លង​ដែន​ខុសច្បាប់ នៅ​ចំណុច​ផ្លូវបំបែក​ចាប់​សាន់ ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ឈម​នឹង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោក សរ សំណាង ថ្លែង​ថា ប្រជាពលរដ្ឋ​ចំនួន​១៥​នាក់​ដែល​ត្រូវ​ភាគី​ថៃ​ចាប់​ឃាត់ គឺ​មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​មន្ត្រី​គណៈ​កម្មការ​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន បាន​ចូល​ទៅ​សម្របសម្រួល​ដែរ តែ​ភាគី​ថៃ​មិន​យល់ព្រម ហើយ​បញ្ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​ដែល​ចោទប្រកាន់​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ ថា​ត្រូវ​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ