សារព័ត៌មានរបស់ឡាវកាលពីពេល ថ្មីៗកន្លងមកផ្សាយថា មន្ត្រីផ្នែកទេសចរណ៍ខេត្ត «ហួផាន់»(Honaphan) គ្រោងបើកភ្នំ «Phu Pha Thi» អតីតទីតាំងយុទ្ធសាស្ត្រនៅភាគខាងជើងប្រទេសឡាវ នៅក្រុងសាមនឿ ខេត្តហួផានធ្វើជាទីតាំងទេសចរណ៍ថ្មី ។ បច្ចុប្បន្នបានសាងសង់ជណ្តើរឡើងទៅលើផ្ទាំងថ្មដ៏ខ្ពស់រួចរាល់ហើយ ។
របាយការណ៍បញ្ជាក់ថា នៅក្នុងសង្គ្រាមវៀតណាម និងសង្គ្រាមក្នុងប្រទេសឡាវ ភ្នំ«Phu Pha Thi»គឺទីតាំងទ័ពសម្ងាត់របស់អាមេរិកដែលស្គាល់ឈ្មោះក្នុងលេខសម្ងាត់«លីម៉ា៨៥»ឬ«LS-85» ។
ភ្នំ«Phu Pha Thi»ត្រូវបានរឹបអូសកាន់កាប់ដោយពួកកុំមុយនីស្តឡាវ ឬកងកម្លាំងបដិវត្តន៍ឡាវនៅថ្ងៃទី១០-១១ មីនា ១៩៦៨គឺជាទីតាំងយុទ្ធសាស្ត្ររ៉ាដាLS-85ស្ថិតនៅលើភ្នំដ៏ខ្ពស់ពីកម្រិតនីវ៉ូទឹកសមុទ្រប្រហែល១.៧០០ម៉ែត្រ និងត្រូវប្រើឧទ្ធម្ភាគចក្រដើម្បីដឹកជញ្ជូនស្បៀង រួមទាំងអាវុធនានាឡើងទៅដាក់ប្រចាំការនៅទីនោះ ។
ចំណែកនៅភាគខាងលិចជាផ្ទាំងថ្មខ្ពស់ចោតជិត៩០ដឺក្រេ រីឯនៅទិសខាងកើតជាខ្ពង់រាប ប៉ុន្តែមិនអាចឡើងទៅបាន ខណៈពេលពួកកុំមុយនីស្តបានចូលទៅកាន់កាប់ដោយស្ថិតក្នុងភាពអាថ៌កំបាំងពីគ្រប់ភាគី អ្នកខ្លះមានចម្ងល់ថាពួកគេឡើងទៅដោយវិធីសាស្ត្រណា ?
កងទ័ព និងមន្ត្រីរបស់អាមេរិកដែលការពារមូលដ្ឋាននោះ មានអ្នកខ្លះស្លាប់នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា លុះក្រោយមកនៅក្នុងអំឡុងពីឆ្នាំ១៩៩៤ដល់២០០៤អាជ្ញាធរឡាវបានជីករុករកអដ្ឋិធាតុទ័ពអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនិងបានប្រគល់ទៅអាមេរិកវិញ ៕
ចែករំលែកព័តមាននេះ