ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ប៉ា​រ៉ា​ថៃ ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​២៧៤​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចាស់​ក្មេង​២៧៤​នាក់ ត្រូវ​បាន​ទាហាន​ប៉ា​រ៉ា​ថៃ ឃាត់ខ្លួន​រយៈពេល ៦​ម៉ោង និង​គោ​យន្ត​៤៩​គ្រឿង ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ធ្វើ​ដំណើរ​តាម​គោ​យន្ត​ដឹក​បន្លែ និង​កសិផល​ឆ្លង​ដែន​ចូល​ទៅ​លក់​ក្នុង​ផ្សារណាត់​លើ​ទឹកដី​ថៃ ហើយ​ចេញ​មក​វិញ​ដឹក​ជី…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចាស់​ក្មេង​២៧៤​នាក់ ត្រូវ​បាន​ទាហាន​ប៉ា​រ៉ា​ថៃ ឃាត់ខ្លួន​រយៈពេល ៦​ម៉ោង និង​គោ​យន្ត​៤៩​គ្រឿង ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បាន​ធ្វើ​ដំណើរ​តាម​គោ​យន្ត​ដឹក​បន្លែ និង​កសិផល​ឆ្លង​ដែន​ចូល​ទៅ​លក់​ក្នុង​ផ្សារណាត់​លើ​ទឹកដី​ថៃ ហើយ​ចេញ​មក​វិញ​ដឹក​ជី រំលោភ​កម្មសិទ្ធិ បញ្ញា​ខុសច្បាប់​ចូល​មក​ដី​ខ្មែរ​វិញ​។ ការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ បាន​ធ្វើ​ឡើង​កាលពី​វេលា ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាម​សូន្យ ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ឈម​នឹង​ភូមិ​គោក​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ នេះ​បើ​យោង​តាម​របាយការណ៍ របស់​អគ្គស្នងការ​នគ​បាល​ជាតិ​។ ពលរដ្ឋ​ខ្មែរ​ទាំងនោះ បន្ទាប់​មក នៅ​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល ត្រូវ​បាន​ទាហាន​ថៃ​ដោះ​លែង ត្រលប់​មក​វិញ​តាម​ច្រក តំបន់​បឹង​ត្រកួន ក្រោយ​ពី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ឈរជើង​នៅ​ក្នុងភូមិ​សាស្ត្រ តាម​បន្ទាត់​ព្រំដែន​ស្រុក​ថ្មពួក និង​ទាហាន​ទំនាក់ទំនង​ព្រំដែន កម្ពុជា​-​ថៃ បាន​ចូល​ទៅ​សម្របសម្រួល ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ថៃ និង​ទាហាន​ប៉ា​រ៉ា​ថៃ ថា​ប្រជាពលរដ្ឋ​ខ្មែរ​ដឹក​ជី​ចូល មក​ទឹកដី​ខ្មែរ​សម្រាប់ ប្រើប្រាស់​ដាក់​ស្រែ​ខ្លួនឯង​ប៉ុណ្ណោះ មិន​បាន​ធ្វើ​អាជីវកម្ម​នោះ​ទេ ទើប​ភាគី​ថៃ​ដោះ​លែង​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ និង​គោ​យន្ត​មក​វិញ​។

លោក​វរសេនីយ៍ទោ ឡុ​ង សំណាង មេបញ្ជាការ​វរៈ​នគរបាល​សេនា តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប្រាប់​ឱ្យ​ដឹង​ថា​ការ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងនោះ​ដោយសារ​ទាហាន​ថៃ​គេ​ចោទ​ថា​ពួក​គាត់​ដឹក​ជី​ហាមឃាត់​ខុសច្បាប់​រំលោភ​កម្មសិទ្ធិបញ្ញា​សម្រាប់​នាំ​មក​ចូល​ដី​ខ្មែរ​ធ្វើ​អាជីវកម្ម​។ ក្នុង​មួយ​គោ​យន្ត​១០​កា​រ៉ុ​ង​ឡើង​ទៅ​ត្រូវ​បាន​ទាហាន​ប៉ា​រ៉ា​ថៃ​ឃាត់​ទុក ចំណែក​អ្នក​ដឹក​២​ទៅ​៣​កា​រ៉ុ​ង ទាហាន​ប៉ា​រ៉ា​ថៃ​មិន​ចាប់​នោះ​ទេ​។ លោក​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ការ​ចាប់​នោះ​ដោយសារ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង មាន​អាជីវករ​ថៃ​លក់​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ទៅ​ឱ្យ​ពលករ​ដ្ឋ​ខ្មែរ នាំ​ចូល​ស្រុក​ខ្មែរ ប៉ះពាល់​ក្រុមហ៊ុន​រកស៊ី​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា ដែល​នាំ​ផ្តាច់មុខ​ជី ដូច​ជា​សញ្ញា​ក្បាល​គោ ជាដើម​នោះ​។

លោក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ការ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ ទាហាន​ប៉ា​រ៉ា​ថៃ​ក៏​បាន​ដកហូត​ជី​ក្នុង​មួយ​គោ​យន្ត​៣​ទៅ​៤​កា​រ៉ុ​ង​។ ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​ក្នុង​ផ្សារណាត់​ថៃ​តាម​ច្រករបៀង​មហោស្រព ច្រក​គោក​ត្បែង ច្រករបៀង​ធ្នង់ ភ្នំ​ដងរែក​។ សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​នាំ​ជី​រំលោភ​កម្មសិទ្ធិបញ្ញា​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​មក ទឹកដី​កម្ពុជា ក្នុង​រូបភាព​ដឹកគោ​យន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ដាក់​ធ្វើស្រែ​នោះ​ដែរ កន្លង​មក​ត្រូវ​បាន គេ​សង្ស័យ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​យក​មក​ដាក់​ស្រែ​នោះ​ទេ​បែរជា​យក​មក​ធ្វើ​អាជីវកម្ម​ដឹក​បោះ​លក់​តាម​ដេប៉ូ​លក់​ជី ឬ​ដឹក​ល​ក់តាមស្រែ​ចម្ការ​។ មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ធ្លាប់​ធ្វើការ បង្ក្រាប​ជា​ច្រើន​ដង​រួច​ហើយ ប៉ុន្តែ​ការ​អនុវត្ត​នោះ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​តែ​រង​ការ​រិះគន់​ពី សំណាក់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​។ ការ​ទប់ស្កាត់​នៅ​ក្នុង​ដី​ខ្មែរ​គ្មាន​ប្រសិទ្ធភាព​នោះ​ហើយ ទើប​គេ​សង្ស័យ​ក្រុមហ៊ុន​ថៃ​បាន​ប្តឹង​ទៅ​ភាគី​ថៃ​ឱ្យ​ទប់ស្កាត់​បែប​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ