ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវជាប្តីកំពុងតែកាប់ដើមឈើមិនបានមើលជុំវិញក្បែរខាង ស្រាប់តែរលំ ត្រូវចំក្បាលប្រពន្ធយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ បុរសកាប់ដើមឈើ រលំត្រូវក្បាលប្រពន្ធស្លាប់នោះបានកើតឡើងនៅវេលាម៉ោង២ និង៣០នាទី ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចអូរល្អះតូច ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចស្រុកកូនមុំបានឱ្យដឹងថា ស្រី្តរងគ្រោះមាន ឈ្មោះ មេង រឹម អាយុ២១ឆ្នាំ ជនជាតិខ្មែរ។ បុរសត្រូវជាប្តីដែលជាអ្នកកាប់ដើមឈើរលំ បណ្តាលឱ្យមាន គ្រោះថ្នាក់ដល់ប្រពន្ធរហូតដល់ស្លាប់នោះមានឈ្មោះ នួន អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុ ខាងលើ។ តាមការរៀបរាប់របស់ប្តីជនរងគ្រោះប្រាប់ដល់សមត្ថកិច្ចថា រូបគាត់កំពុងតែកាប់ដើមឈើ មិនបានដឹងថាប្រពន្ធមកឈរក្បែរនោះទេ លុះដល់ពេលដើមឈើរលំទៅហើយ ទើបដឹងថាប្រពន្ធនៅក្បែរ ហើយរងគ្រោះរហូតដល់ស្លាប់បែបនេះ។ សមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់សាកសព ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
ចែករំលែកព័តមាននេះ