អតីត​យុទ្ធ​ជន​ដែល​ធ្លាប់​មាន​ប្រពន្ធ​៨​នាក់​និង​កូន​២៤​នាក់​ទទួល​ផ្ទះ​ពី​សម្ដេច


ខេត្តពោធិ៍សាត់ ៖ ផ្ទះ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ធ្វើ​អំពី​បេតុង​ដំបូល​ស័ង្កសី ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា បាន​ប្រគល់​ជូន​គ្រួសារ​និវត្តជន​យោធា​ឈ្មោះ ចាន់ សុខ ភេទ​ប្រុស​អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ទទឹង ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ។

លោក ខូ​យ រី​ដា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តំណាង​លោក ម៉ៅ ធនិន អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​របស់​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តពោធិ៍សាត់​បាន​អញ្ជើញ​ធ្វើ​ពិធី​ប្រគល់​ជូន​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ ប៉ែន ណា​វណ្ណ មេ​បញ្ជា​រការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​លោក ផាយ ឡេ​ង អភិបាលស្រុក​បាកាន និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ទៀត ។

ផ្ទះ​សម្ដេច​តេ​ជោ​ដែល​ប្រគល់​ជូន​និវត្តជន​យោធា​នេះ​មាន​បំពាក់​គ្រែ សម្ភារ​ដំណេក សម្ភារ​ប្រើប្រាស់ និង គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​មុខ ព្រមទាំង​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​៥០​គីឡូក្រាម និង​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ ។​ ​និវត្តជន​យោធា ចាន់ សុខ និង​ភរិយា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន​ផ្ដល់​ផ្ទះ​មួយ​ខ្នង​ជូន​ពួក​គាត់​រស់នៅ​នា​ពេល​នេះ ។

លោក ចាន់ សុខ បាន​បង្ហើប​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ធ្វើ​ទា​ហ៊ាន​យូរហើយ​ធ្លាប់​មាន​ប្រពន្ធ​រហូត​ដល់​ទៅ​៨​នាក់ និង​កូន​សរុប​២៤​នាក់ ។ ប្រពន្ធ​ទាំង​៨​នាក់​ខ្លះ​ស្លាប់ ខ្លះ​លែង​គ្នា​ហើយ​សព្វថ្ងៃ​នៅ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​ប្រពន្ធ​ទី​៨ ។ ចំណែក​កូន​ៗ​គេ​មាន​ប្ដី មាន​ប្រពន្ធ​បែក​អស់ហើយ​សព្វថ្ងៃ​រស់នៅ​តែ​ពីរ​នាក់​យាយ​តា​ប៉ុណ្ណោះ ។

លោក ខូ​យ រី​ដា បាន​សំដែង​ការ​កោតសរសើ​ចំពោះ​លោក ចាន់ សុខ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន ដើម្បី​ការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពល​រដ្ឋ រហូត​មក​ដល់​ពេល​នេះ​ខ្លួន​ត្រូវ​ចូល​និវត្តន៍​ដោយ​ពុំ​មាន​សល់​អ្វី​ឡើយ ។ ដោយ​មើលឃើញ​​ជីវភាព​លំបាក​ជាក់ស្ដែង និង​គុណ​បំណាច់​ពី​មុន​មក​ផង​នោះ​សម្ដេច​បាន​កសាង​ផ្ទះ​មួយ​ខ្នង​​ជូ​ន​ដើម្បី​រស់នៅ​ឲ្យ​បាន​សមរម្យ​នឹង​គេ ហើយ​នេះ​ក៏​មិនមែន​ជា​លើក​ទី​មួយ​ដែរ​សម្រាប់​និវត្តន៍​ទូ​ទាំង​ប្រទេស ៕

សប្បុរសធម៌

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ