ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ កំពុង​ដឹកនាំ​កិច្ចប្រជុំ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ​ចំនួន​៥

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន​៥​មាត្រា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​បើ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន​៥​មាត្រា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ គណៈរដ្ឋមន្ត្រី​កំពុង​ចាប់ផ្តើម​ពិភាក្សា​លើ​របៀបវារៈ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ច្បាប់​ធម្មនុញ្ញ «​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ។

ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​ប្រទេស​ដែល​ធ្លាប់​មាន​អារ្យធម៌​ដ៏​ឧត្តុង្គឧត្តម មាន​ឥស្សរភាព និង​កិត្យានុភាព​ខ្ពស់​ខ្ពង់​។ នេះ​បើ​តាម​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​នៅ​ថៃ្ង​នេះ ។ លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា ប្រ​វិត្ត​សាស្ត្រ​នា​ទស​វត្ស​ឆ្នាំ​៧០ បាន​បង្ហាញ​ប្រាប់​ប្រជាជន​ស​ខ្មែរ​គ្រប់​រូប​ឲ្យ​បាន​យល់​ដឹង និង​ចង​ចាំ​ឥត​មាន​ថ្ងៃ​ភ្លេច​ថា នយោបាយ​វាតទី​និយម​របស់​បរទេស និង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ បាន​ធ្វើ​ឲ្យ​ប្រជាជាតិ​មួយ​នេះ​ស្គាល់​នូវ​ការ​បែកបាក់ និង​បាន​ធ្លាក់​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​អស់​ជាង​ពីរ​ទស​វត្ស ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​បង្ក​ឲ្យ​ប្រទេស​ជាតិ​រង​នូវ​សោក​វិនាស​អន្តរាយ​គួរ​ឲ្យ​សោកស្តាយ​ជាទី​បំផុត ។

លោក​បន្ត​ថា កិច្ចព្រមព្រៀង​ស្តី​ពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ នៃ​ជម្លោះ​កម្ពុជា នាទី​ក្រុងប៉ារីស ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ បាន​បង្ក​លក្ខណៈ​ឲ្យ​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​មួយ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​សភាធម្មនុញ្ញ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​នេះ បាន​រៀបចំ​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​សម្រាប់​កម្ពុជា ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ។

ទន្ទឹម​នឹង​នេះ នយោបាយ​ឈ្នះ​-​ឈ្នះ បាន​រំលាយ​ចោល​នូវ​អង្គការ​ចាត់តាំង​ខាង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៩៨ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​ឯកភាព​ទឹកដី​ពេញលេញ ដែល​ជា​បុ​រេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​រហូត​មក​ដល់​បុ​ច្ចប្ប​ន្ន ។

ព្រះរាជាណាចក្រ​កម្ពុជា គឺជា​រដ្ឋ​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យ​ពេញ​បរិបូរ​ណ៌ ជា​រដ្ឋ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយ និង​រដ្ឋ​ដទៃ​ទៀត នៅ​ក្នុង​សាកលលោក ។ ឯករាជ្យ​ជាតិ និង​អធិបតេយ្យ​ជាតិ គឺជា​ដួង​ព្រលឹង​មួយ​របស់​ជាតិ ហើយ​ត្រូវ​តែ​ទទួល​បានការ​គោរព​ដោយ​ពេញលេញ ។ លោក​គូសបញ្ជាក់​ថា «​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ចែង​យ៉ាង​ច្បាស់​ថា ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ត្រូវ​ការពារ​ជា​ដាច់ខាត​នូវ​ឯករាជ្យ និង​អធិបតេយ្យ​នេះ​» ។

ចំណែក​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ក៏​ចែង​ការពារ​អធិបតេយ្យ នៃ​រដ្ឋ​ជា​សមាជិក​យ៉ាង​ច្បាស់​ថា គ្មាន​រដ្ឋ​ណាមួយ​មាន​សិទ្ធិ​ទៅ​លូកលាន់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ទោះ​ក្នុង​ហេតុផល​ណា​ក៏​ដោយ នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង ឬ​បញ្ហា​ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី ឬ​ឯករាជ្យ​ភាព​នយោបាយ​របស់​ប្រទេស​ដទៃ​បាន​ឡើយ (​មាត្រា​២.៤ និង​២.៧ នៃ​ធម្មនុញ្ញ អង្គការសហប្រជាជាតិ​) ។

លោក​ផៃ​ស៊ី​ផា​ន ក៏​បាន​លើក​ឡើង​ថា រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់​ថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។ ក្នុង​ន័យ​នេះ គណបក្ស​នយោបាយ គឺជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​កិច្ច​ដំណើរការ​នៃ​ប្រជា​ធិ​តេ​យ្យ​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​ដឹកនាំ​ប្រទេស ។ ដូចនេះ​ទាំង​គណបក្ស​នយោបាយ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​គោរព​គោលការណ៍​អធិបតេយ្យ​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​ត្រូវ​មាន​កាតព្វកិច្ច​រួមចំណែក​កសាង​ប្រទេស​ជាតិ និង​ការពារ​មាតុភូមិ ។ ការ​ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ និង​ការ​តម្កល់​ផលប្រយោជន៍​ខ្មែរ​ជា​ធំ គឺជា​កាតព្វកិច្ច​របស់​គណបក្ស​នយោបាយ អ្នកនយោបាយ អ្នកនយោបាយ​ខ្មែរ​ពី​គ្រប់​និន្នាការ និង​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ។

ក្នុង​ស្មារតី​នេះ​ដែរ រដ្ឋធម្មនុញ្ញ​ក៏​បាន​កំណត់​ឲ្យ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល ត្រូវធ្វើ​សច្ចាប្រណិធាន​មុន​ចូល​កាន់​ដំណែង នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះ​ភ័ក្ត្រ នៃ​សម្តេច​សង្ឃរាជ និង​ទេវតា​រក្សា​សេ​ត្វ​ច្ឆ​ត្រ ដោយ​សច្ចា​បេ្ត​ជ្ញា ដាច់ខាត​ការពារ​ឯករាជ្យ​ទាំងស្រុង​នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យ​ជាតិ​ពេញ​បរិបូរណ៍ និង​មិន​អនុញ្ញាត​ជា​ដាច់ខាត ឲ្យ​ជន​ណាមួយ​ក៏​ដោយ ដែល​ចង់​ជ្រៀត​ជ្រែកចូល​ក្នុង​ផ្ទៃក្នុង នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បាន​ឡើយ ព្រមទាំង​មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើ​ឲ្យ​ខូចប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ