ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម្នាក់​ហើយ​ចោរ​ដែល​ម្ចាស់​តាម​ទាន់​ដក​កាំភ្លើង​ភ្ជង់​កាលពី​មួយ​ខែ​មុន​នោះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរប្លន់ និង​លួច​ប្រដាប់​អាវុធ​២​នាក់ ដែល​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បុរស​ម្នាក់​ដល់​ក្រោមផ្ទះ កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ ហើយ​ពេល​ម្ចាស់​តាម​ទាន់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរប្លន់ និង​លួច​ប្រដាប់​អាវុធ​២​នាក់ ដែល​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បុរស​ម្នាក់​ដល់​ក្រោមផ្ទះ កាលពី​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ ហើយ​ពេល​ម្ចាស់​តាម​ទាន់ បាន​ដក​កាំភ្លើង​ភ្ជង់​ប្រុង​បាញ់​សម្លាប់ រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​នោះ ។

ពេល​នេះ​បាន​ចេញ​ធ្វើ​សកម្មភាព​ប្លន់ និង​លួច​ម៉ូតូ​ទៀត ប៉ុន្តែ​ចំ​ថ្ងៃ​ស៊យ​បាន​ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត ឃើញ​គួរ​ឲ្យ​សង្ស័យ ។ ពេល​នោះ នគរ​បាន​បាន​ហៅ​កម្លាំង​បន្ថែម​ដើម្បី​ឡោម​ព័ទ្ធ​ចាប់ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​ខាងលើ​ដឹងខ្លួន​ទាន់ បាន​នាំ​គ្នា​រត់គេច​ខ្លួន ហើយ​ត្រូវ​បាន​កម្លាំង​ចាប់​បាន​ម្នាក់​រួម​ជាមួយ​ឧបករណ៍​កាច់​សោ​.​ក​ម៉ូតូ​១​កំ​ប្លេ​រ ។ ចំណែក​ម្នាក់​ទៀត​ដែល​មាន​កាំភ្លើងខ្លី​នៅ​ជាប់​ខ្លួន បាន​ជិះ​ម៉ូតូ​១​គ្រឿង​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ហេតុការណ៍​ចាប់​បាន​ចោរ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ក្រុម​ចោរប្លន់​ចោរលួច​ម៉ូតូ ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ ជា ធា អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយ​នគរបាល​បាន​ដកហូត​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​បាន​១​កំ​ប្លេ​រ ។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​នោះ មាន​កាំភ្លើងខ្លី​១​ដើម​នៅ​ជាប់​ខ្លួន​ផង​ដែរ ហើយ​ក្រុម​ចោរ​នេះ​មានឱកាស​លួច​បាន​គឺ​លួច ប៉ុន្តែ​បើ​មានឱកាស​ប្លន់​បាន​គឺ​ប្លន់​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​២ បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ចេញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ។ ពេល​នោះ​ដោយសារ​តែ​កម្លាំង​តិច នគរបាល​ខាងលើ​បាន​ហៅ​កម្លាំង​ជំនួយ​ដើម្បី​ឡោម​ព័ទ្ធ​ចាប់ចោរ​នេះ ប៉ុន្តែ​ត្រូវ​ចោរ​ដឹងខ្លួន​ទាន់ ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន ហើយ​កម្លាំង​បាន​ដេញ​តាម​ចាប់​បាន​ម្នាក់ ដែល​ជា​អ្នក​កាច់​.​ក​ម៉ូតូ ឬ​ឯ​ម្នាក់​ទៀត​ដែល​ជា​អ្នក​កាន់​កាំភ្លើង​ចាំ​បិទ​គូទ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ហើយ​ជនសង្ស័យ​ម្នាក់​នេះ​បាន​សារភាព​ថា ខ្លួន និង​បក្ខពួក​ដែល​មាន​កាំភ្លើងខ្លី​១​ដើម និង​គេចខ្លួន​បាត់​នោះ ពិតជា​បាន​ចេញ​ធ្វើ​សកម្មភាព​លួច និង​ប្លន់​ម៉ូតូ​មែន ។ ដោយ​កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​បាន​សម្រេច​ចំនួន​៦​លើក​រួច​មក​ហើយ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បណ្ដា​ខណ្ឌ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​នោះ​កាលពី​១​ខែ​មុន​នៅ​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ម៉ូតូ​១​គ្រឿង​នៅ​ក្រោមផ្ទះ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពេល​នោះ​លួច​បាន​តែ​ត្រូវ​បាន​ម្ចាស់​ទាន់ ហើយ​បងប្អូន​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​បំ​បុក​ទៀត តែ​ពួក​ខ្លួន​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​ទើប​យក​ម៉ូតូ​បាន និង​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​រហូត​ដល់​ពេល​នេះ ទើបត្រូវ​នគរបាល​ចាប់ខ្លួន​បាន ។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​មាន​ចោរ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ មិន​ចាំ​ស្លាក​លេខ​១​គ្រឿង និង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​នៅ​ក្រោមផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពេល​នោះ​ម្ចាស់​ដឹង​ទាន់​បាន​ដេញ​តាម​ហើយ​បងប្អូន​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​បំ​បុក​ថែម​ទៀត តែ​ចោរ​មិន​ដួល​បែរជា​ដួល​ខ្លួនឯង ហើយ​ចោរ​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​សម្លាប់ និង​យក​ម៉ូតូ​ទៅ​បាត់ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ គង ជី អាយុ​៥១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ ផ្ទះ​កើតហេតុ​ខាងលើ ។ បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GP-៥១៣៩ ចំណែក​នគរបាល​បាន​ឆែក​មើល​សកម្មភាព និង​ភិនភាគ​ចោរ​នៅ​តាម​កាម​រ៉ា​សុវត្ថិភាព ហើយ​រូបភាព​ទាំងនោះ​ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្ដាញសារព័ត៌មាន​នានា​ផង​ដែរ រហូត​មក​ទល់​ពេល​នេះ​ទើប​ចោរ​អស់​ល័ក្ខណ៍​ត្រូវ​ចាប់ខ្លួន​បាន​ម្នាក់ ហើយ​គួរ​ឲ្យ​ស្ដាយ​ដែល​ចោរ​ជា​អ្នក​កាន់​កាំភ្លើង​នៅ​តែ​មាន​វាសនា​រត់​រួច​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ