ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយ​មូលហេតុ​ទីលានប្រណាំង​ម៉ូតូ​លុប​ចោលការ​ប្រកួត​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រណាំង​ពេញ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦ សីហា និង​ថ្ងៃអាទិត្យ​ទី​២៧ សីហា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ គេ​កត់​សម្គាល់ថា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រណាំង​ពេញ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦ សីហា និង​ថ្ងៃអាទិត្យ​ទី​២៧ សីហា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ គេ​កត់​សម្គាល់ថា ទីលាន​ប្រណាំង​ម៉ូតូ King Track Circuit ស្ថិត​នៅ​សង្កាត់​ឃ្មួ​ញ ក្នុង​ខណ្ឌ​សែន​សុខ ម្ដុំ​មណ្ឌល​ឱកាស​ខ្ញុំ មាន​សកម្មភាព​ខ្លាំង​ទាំង​ការ​ប្រណាំង​លេង​ៗ និង​ហ្វឹកហាត់ ។

យ៉ាងណាមិញ ទិន្នន័យ​ចុង​ក្រោយ​បាន​អះអាង​ថា ទីលាន​មួយ​នោះ​មិន​បាន​ជួយ​ឱ្យ​វិស័យ​​ប្រណាំង​ម៉ូតូ​មាន​ភាព​ផុលផុស​នោះ​ទេ ដោយសារ​តែ​មាន​ហេតុផល​កើតឡើង​នៅ​​ពីក្រោយ​គម្រោង​ដែល​ធ្លាប់​ប្រកាស​ថា​ នឹង​ធ្វើ​ឱ្យ​ផ្ទុះ​កក្រើក​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​ប្រណាំង​ម៉ូតូ​។

លោក គង់ ធា​រ៉ា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ និង​ជា​អ្នកគ្រប់គ្រង​ទីលាន King Track Circuit បាន​អះអាង​ថា​ការ​ប្រកួតប្រណាំង​ម៉ូតូ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​ទៅ មិន​ត្រឹមតែ​ជួយ​ឱ្យ​វិស័យ​មួយ​នេះ​របស់​កម្ពុជា​រក​ឃើញ​អ្នកជំនាញ​ជិះ​ម៉ូតូ​ប៉ុណ្ណោះ​​ទេ តែ​ក៏​ធ្វើ​ឱ្យ​មាន​អ្នកមាន​ចំណូលចិត្ត​ប្រណាំង​ម៉ូតូ​ច្រើន​នាក់​ចាប់អារម្មណ៍​ក្នុង​ការ​ហ្វឹកហាត់​នៅ​លើ​ទីលាន​ផង​ដែរ ។

រយៈពេល​២​ថ្ងៃ​ដែល​ទីលាន​ទាំងមូល​បើក​ការ​ប្រកួត បាន​ប្រមូលផ្ដុំ​កីឡាករ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ប្រណាំង​ម៉ូតូ ដែល​ភាគច្រើន​ជា​អ្នក​រស់នៅ​ភ្នំពេញ និង​មក​ពី​បណ្ដា​ខេត្ត​សរុប​ប្រមាណ​៦៦​រូប​ឱ្យ​បង្ហាញខ្លួន ខណៈ​ដែល​អ្នក​ប្រណាំង​ម៉ូតូ​ប្រមាណ​ជា​៣០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​ក៏​ជ្រើស​យក​ទីលាន​ដែល​លោក​បង្កើត​ឡើង​ដើម្បី​ណាត់គ្នា​ប្រកួត​សាកល្បង​សមត្ថភាព​ដែរ ។ កម្លាំង​ម៉ូតូ​ដែល​ទីលាន​របស់​លោក​បាន​ស្វែងរក​ឃើញ​ជើង​ខ្លាំង​នៅ​ក្នុង​ពេល​នោះ រួម​មាន កម្លាំង​ម៉ូតូ​ប្រភេទ​១១០cc, ប្រភេទ​១២៥cc, ប្រភេទ​១៥០cc និង​កម្លាំង​ធំ​ជាង​១៥០cc​ដែល​ជា​ប្រភេទ​ម៉ូតូ​កែ​ច្នៃ ។

លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​ប្រណាំង​ម៉ូតូ​តែ​៤​កម្រិត​ដែល​បាន​រៀបរាប់​ខាង​លើ​ប៉ុណ្ណោះ ចំណែក​ប្រភេទ​ផ្សេង​គឺ​មិនសូវ​មាន​ទេ ទើប​ក្នុង​ពេល​បើក​ប្រកួត​ទីលាន​របស់​​លោក​សម្រេច​យក​តែ​៤​ប្រភេទ​នោះ ដោយសូ​ម្បី​តែ​អ្នក​មក​ជួល​ទីលាន​របស់​លោក​​ប្រណាំង​ម៉ូតូ ឬ​ហ្វឹកហាត់​ជិះ​ម៉ូតូ ក៏​ច្រើន​តែ​ក្នុង​ប្រភេទ​កម្លាំង​ម៉ូតូ​ដែល​បាន​កំណត់​នោះ​ដែរ ។

លោក​ថា តាំងពី​បើក​ដំណើរការ​ទីលាន លោក និង​សហព័ន្ធ​ប្រណាំង​ម៉ូតូ​កម្ពុជា​ទើបតែ​បាន​រួម​គ្នា​បើក​ការ​ប្រកួត​ផ្លូវការ​បាន​មួយ​លើក​ប៉ុណ្ណោះ ដោយ​លោក​ប្រកាស​ថា​គ្រោង​រៀបចំ​ការ​ប្រកួតជា​លើក​ទី​២ និង​ជា​បន្តបន្ទាប់​ទៀត ដើម្បី​លើក​ស្ទួយ​វិស័យ​ប្រណាំង​ម៉ូតូ​ដែល​មិនសូវ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍ ឱ្យ​មាន​សន្ទុះ​ឈាន​ឡើង ។ លោក​បាន​ទាំង​ប្រកាស​ថា នឹង​ធ្វើ​ឱ្យ​ទីលាន King Track Circuit ក្លាយជា​ទីលានប្រណាំង​ម៉ូតូ​លំដាប់​អន្តរជាតិ ដោយ​លោក​មាន​គម្រោង​ពង្រីក​ឱ្យ​មានការ​ប្រណាំង​ម៉ូតូ​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០១៨​នេះ​ផង ។

លោក​ថា មក​ទល់​ពេល​នេះ ទីលាន​របស់​លោក​បាន​ទទួល​អ្នក​ជួល​ហ្វឹកហាត់​មិន​ក្រោម​១០​ម៉ូតូ​នោះ​ទេ​ជា​រៀងរាល់ថ្ងៃ ដោយ​លោក​បាន​ទាំង​ចំណាយ​ការ​រៀបចំ​ប្រកួត​រៀង​រាល់​មួ​យស​ប្ដា​ហ៍​ម្ដង មួយ​ខែ​ម្ដង និង​៣​ខែ​ម្ដង​ដើម្បី​ឱ្យ​មានការ​លើកទឹកចិត្ត ។

យ៉ាងណាមិញ ក្រោយ​ការ​ប្រកាស​ដែល​ត្រូវ​បាន​គេ​ឮ​យ៉ាង​បើកចំហ​របស់​លោក គេ​បែរជា​កត់សម្គាល់​ឃើញ​ទីលាន​របស់​លោក​មិនសូវ​មាន​សកម្មភាព​ដូច​មុន ។ ធៀប​នឹង​រយៈពេល​នៃ​ការ​បើក​សម្ពោធ​ភ្លាម​ៗ មក​ទល់​ពេល​នេះ គឺ​សកម្មភាព​មានការ​ប្រែប្រួល​មិន​ដូច​គ្នា​ទេ សូ​ម្បី​តែ​អ្នកចូលរួម​ហ្វឹកហាត់ និង​ចូលរួម​ប្រណាំងប្រជែង​ក៏​មិនសូវ​សស្រាក់សស្រាំ​ដែរ ។

លោក គង់ ធា​រ៉ា បាន​អះអាង​ថា ហេតុផល​ដែល​សកម្មភាព​នៅ​ក្នុង​ទីលាន​របស់​លោក​មិនសូវ​មាន​ភាព​គគ្រឹកគគ្រេង​ដូច​ការ​ប្រកាស​ឡើង គឺ​ដោយសារ​តែ​លោក​ខ្វះ​ដៃគូ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង ហើយ​ខ្វះ​ព្រឹត្តិការណ៍​ប្រកួតប្រជែង គឺ​អ្នក​ចង់​ហ្វឹកហាត់ និង​អ្នក​ចង់​ក្លាយជា​កីឡាករ​អាជីព​ក៏​មានការ​កាត់​បន្ថយ​។

ប្រភព​ពី​អ្នក​ធ្លាប់​រួមការ​ងារ​ជាមួយ​លោក​គង់ ធា​រ៉ា បាន​អះអាង​ថា ហេតុផល​ដែល​ទីលាន​​របស់​លោក​មិន​មានការ​ប្រកួត​ធំដុំ​ជា​ថ្មី​ក្រោយ​ការ​ដំណើរការ មិនមែន​ដោយសារ​តែ​ខ្វះ​ដៃគូ​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​គង់ ធា​រ៉ា មិន​បាន​ចំណាយ​ទុន​ដាំ​ស្មៅ និង​ធ្វើ​អគារ​ដើម្បី​ឱ្យ​កីឡាករ និង​អ្នកចូលរួម​មាន​ទីកន្លែង​ជ្រក​កំ​ដៅ ទើប​ដៃគូ​ដែល​ចង់​រៀប​ចំ​ការ​ប្រកួត​ជា​ប្រចាំ​នៅ​ក្នុង​ទីលាន​របស់​លោក​មិន​អាច​ធ្វើ​បាន ។ ភាគី​ខាង​ម្ចាស់​ស្ពុ​ន​ស័​រ​ម្នាក់​ទម្លាយ​ថា មុន​នេះ​ក្រុមហ៊ុន​ធំ​មួយ​បាន​សម្រេច​រៀបចំ​ការ​ប្រណាំង​ម៉ូតូ​ប្រចាំ​ស​ប្ដា​ហ៍​ដោយ​គម្រោង​ដាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​MY TV រួចរាល់​អស់ហើយ ប៉ុន្តែ​នៅ​ពេល​ទាំង​ទូរទស្សន៍ និង​ក្រុម​ដៃគូ​សម្រេចចិត្ត​បោះទុន គឺ​លោក គង់ ធា​រ៉ា បែរជា​​សម្រេច​ចិត្ត​រំសាយ​ទៅ​វិញ ។

ប្រភព​នោះ​បន្ត​ថា លោក គង់ ធា​រ៉ា ប្រកាស​រំសាយ​ដោយសារ​តែ​ហេតុផល​អ្នក​ចាប់ដៃ​ធ្វើ​កម្មវិធី​តម្រូវ​ឱ្យ​ដាក់​កីឡាករ​ចូល​ប្រណាំង​ដោយ​មិន​ប្រកាន់បក្ស​មិន​ប្រកាន់​ក្រុម ហើយ​តម្រូវ​ឱ្យ​លោក​គង់ ធា​រ៉ា បើក​ទីលាន​ឱ្យ​កីឡាករ​ដែល​ត្រូវ​មានឈ្មោះ​ចូល​ប្រកួត​ដោយ​ស្មើភាព ប៉ុន្តែ​លោក​បាន​ច្រានចោល ដោយ​លោក​ហាក់​មាន​បំណង​ដាក់​តែ​ឈ្មោះ​កីឡា​ករ​ដែល​ស្ថិត​ក្នុង​ក្រុម​របស់​លោក​ឱ្យ​មានឈ្មោះ​ប្រកួត​នៅ​ក្នុង​កម្មវិធី​នោះ​ច្រើន​ជាង ខណៈ​ដែល​លោក​ក៏​បាន​ច្រានចោល​រឿង​បើក​ទីលាន​ដោយ​ស្មើភាព ដើម្បី​ឱ្យ​កីឡាករ​ដែល​មានឈ្មោះ​ប្រកួត​បាន​ហ្វឹកហាត់ ។

ប្រភព​នោះ​បន្ត​ថា ដោយសារ​តែ​ការ​ចរចា​ត្រង់​ចំណុច​នេះ មិន​ស៊ីសង្វាក់​គ្នា​នេះ​ហើយ​ទើប​ក្រុមហ៊ុន​នោះ​សម្រេចចិត្ត​មិន​បោះទុន​បើក​កម្មវិធី​ប្រកួត​ប្រចាំ​ស​ប្ដា​ហ៍​នោះ​វិញ ហើយ​​ធ្វើ​ឱ្យ​ទីលានប្រណាំង King Track Circuit ស្ងប់ស្ងាត់​សកម្មភាព និង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ដល់​កីឡាករ​ប្រណាំង​ម៉ូតូ​នៅ​ទូ​ទាំង​ប្រទេស​ដូច​ការ​ប្រកាស​ឡើង ។ ប្រភព​នោះ​បន្ត​ថា បើ​ការ​ប្រណាំង​ម៉ូតូ​អាច​បើក​ការ​ប្រកួត​បាន​រាល់ស​ប្ដា​ហ៍ ហើយ​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ធំ​បាន នោះ​មាន​ន័យ​ថា អ្នក​ចូល​ចិត្ត​ប្រណាំង​ម៉ូតូ​នឹង​បង្ហាញ​សមត្ថភាព​ដោយ​បើកចំហ​ហើយ​ទីលានប្រណាំង​ម៉ូតូ​មួយ​នេះ ក៏​ពិតជា​មាន​សកម្មភាព​ខ្លាំងក្លា​ជួយ​ដល់​វិស័យ​នេះ​ផង​ដែរ​។

ឆ្លើយ​តប​នឹង​ករណី​នេះ លោក គង់ ធា​រ៉ា មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ ប៉ុន្តែ​អ្នក​ជំនិត​របស់​លោក​មួយ​រូប​បាន​អះអាង​ថា ហេតុផល​ដែល​កម្មវិធី​គ្រោង​ធ្វើ​នោះ​រំសាយ​ទៅ​វិញ គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​ដែល​ចង់​បើក​ព្រឹត្តិការណ៍​ចាប់ដៃ​ជាមួយ​លោក​តម្រូវ​ឱ្យ​លោក​ចំណាយ​ទុន​ក្នុង​ការ​កែកុន​នៅ​លើ​ទីលាន​ច្រើន​ពេក ក្នុង​ពេល​ដែល​លោក​គិត​ថា​មិន​ទាន់​ចង់​បោះទុន​សង់​នេះ​សង់​នោះ​បន្ថែម​ទៀត ក្នុង​ពេល​ដែល​ទីលាន​មិន​ទាន់​អាច​ជួយ​ឱ្យ​លោក​បាន​រក​ចំណូល​។

យ៉ាងណាមិញ ប្រភព​នោះ​បញ្ជាក់​ថា បើ​ការ​ប្រកួត​ធំ​ៗ​មិន​មាន​លទ្ធភាព​ក៏​ទីលាន King Track Circuit នឹង​អាច​ដំណើរការ​ប្រណាំង​ម៉ូតូ​ជា​ទ្រង់ទ្រាយ​តូច​ៗ​ដោយ​មិន​ចាំបាច់​ដល់​ថ្នាក់​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​យូរ​ៗ​ម្ដង​តាម​ភាព​ជាក់ស្ដែង​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ