ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះសក់​ស្ទើរ​លស់​ព្រលឹង​ ទៅ​បង់សំណាញ់​រក​ត្រី​ធ្វើ​ម្ហូបបែរជា​ប្រទះ​ក្រពើ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ទៅ​អូស​កំប្លោក និង​បង់សំណាញ់​យក​ត្រី​ធ្វើ​ម្ហូប​នៅ​ក្នុង​អូរ​មួយ​កន្លែង ជិត​ភូមិ​របស់​គាត់ ដែល​អូរ​នោះ​ឈ្មោះ​អូរ តា​គឹ​ម បាន​ទទួល​រង​នូវ​ការ​ភ័យ​ខ្លាច​ស្ទើរ​លស់​ព្រលឹង និង​រត់​បាតជើង​ស​ព្រាត បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​ដ៏​ធំ​១​ក្បាល…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ទៅ​អូស​កំប្លោក និង​បង់សំណាញ់​យក​ត្រី​ធ្វើ​ម្ហូប​នៅ​ក្នុង​អូរ​មួយ​កន្លែង ជិត​ភូមិ​របស់​គាត់ ដែល​អូរ​នោះ​ឈ្មោះ​អូរ តា​គឹ​ម បាន​ទទួល​រង​នូវ​ការ​ភ័យ​ខ្លាច​ស្ទើរ​លស់​ព្រលឹង និង​រត់​បាតជើង​ស​ព្រាត បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​សត្វ​ក្រពើ​ដ៏​ធំ​១​ក្បាល ហេតុ​ការណ៍​​ប្រទះ​ឃើញ​សត្វ​ក្រពើ​នោះ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា​នេះ នៅ​ក្នុង​អូរ​តា​គឹ​ម ស្ថិត​នៅ​ជាប់​និង​ដី​លោក​ហែម ដា​រិ​ទ្ធិ ភិ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខ​វត្ត​ទាន់​អរ ក្នុងភូមិ​ឪឡោក សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​ទើប​មានការ​ភ្ញាក់ផ្អើល និង​ដឹង​ដល់​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ​នេះ ។ អាជ្ញាធរ​បាន​ឲ្យ​ប្រជា​ការពារ​ភូមិ​នាំ​អ្នកជំនាញ​ខាង​ចាប់​ក្រពើ​ចុះ​ទៅ ដើម្បី​ចាប់​​ក្រពើ​នោះ​យក​ទៅ​ដាក់​នៅ​សួនសត្វ​ផង​ដែរ ។ នេះ​គឺជា​ក្រពើ​ទី​៤​ហើយ ដែល​បង្ហាញខ្លួន​នៅ​ក្នុង​​ទឹកអូរ​នោះ បន្ទាប់​ពី​កូន​ក្រពើ​៣​ក្បាល​ចាប់​បាន​មុន ដែល​ត្រូវ​បាន​អ្នកនេសាទ​ត្រី​ចាប់​បាន​ជា​​បន្តបន្ទាប់ ។

អ្នក​ភូមិ​បាន​និយាយ​ថា កាលពី​២​ថ្ងៃមុន ចំ​ថ្ងៃអាទិត្យ​មាន​បុរស​ម្នាក់​ដែល​ជា​កម្មករ​រោងចក្រ​កាត់​ដេរ ឆ្លៀតពេល​ទំនេរ​ពី​ការងារ​១​ថ្ងៃ បាន​ចេញពីផ្ទះ​ទៅ​បង់សំណាញ់ និង​អូស​កំប្លោក​នៅ​ក្នុង​អូរ​​នោះ ដើម្បី​យក​ត្រី​ធ្វើ​ម្ហូប ។ ខណៈនោះ​ស្រាប់តែ​បាន​ប្រទះ​ឃើញ​ក្រពើ​១​ក្បាល​ធំ​បាន​បង្ហាញខ្លួន និង​បាន​ប្រើ​កន្ទុយ​របស់​វា វាយ​ទឹក​លាន់​សូរ​គ្រាំ​ៗ​បែក​ទឹក​ខ្ចាយ ព្រមទាំង​ហែល​បោះពួយ​ប្រុង​ចាប់​បុរស​នោះ​ធ្វើ​ចំណី ប៉ុន្តែ​ពេល​នោះ គាត់​បាន​រត់​ឡើងគោក​ទាន់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​បុរស​ខាងលើ​បាន​រត់​ចោល​សំណាញ់ និង​ទៅ​ប្រាប់​អ្នក​ភូមិ​ឲ្យ​ទៅ​មើល​ម្ដង​មក​ហើយ ប៉ុន្តែ​អត់​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឡើយ ។ រឿង​នោះ​ត្រូវ​បាន​ពួក​គាត់​នាំ​គ្នា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត ហើយ​២​ថ្ងៃ​ក្រោយមក​ទើប​ដឹង​ដល់​អាជ្ញាធរ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​បែប​នេះ​តែ​ម្ដង ។

ប្រភព​ខាងលើ​បាន​បន្ត​ថា អូរ​តា​គឹ​ម​នេះ គឺជា​អូរ​ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ មិន​មែន​​អូរ​ទើប​កើត​ថ្មី​នោះ​ឡើយ ដែល​បាន​ត​ភ្ជាប់​ពី​អូរ​ដែល​ចេញពី​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ។ ហើយ​​ហូរ​ធ្លាក់​ទៅ​ដល់​អូរ​ត្រពាំង​អណ្ដើក ទៅ​ដល់​បឹង​តា​មោក ហើយ​កាលពីដើម​ឡើយ​មាន​កន្លែង​ខ្លះ​រាក់ និង​កន្លែង​ខ្លះ​ជ្រៅ ប៉ុន្តែ​កាលពី​២​ឆ្នាំ​មុន ត្រូវ​បាន​គេ​ស្ដារ​ដោយ​គ្រឿងចក្រ មាន​ជម្រៅ​ដល់​ទៅ​២​ប្រ​ម៉ោ​យ​អេ​ស្កា​វ៉ា​ទ័​រ​ឯណោះ ហើយ​តាំងពី​ដើម​រៀង​មក​អូរ​នេះ មានទឹក​ខួប​វស្សា ខួប​ប្រាំង​មិន​ដែល​រីង​ដាច់​ឡើយ ។

អ្នក​ភូមិ​ដដែល​បាន​និយាយ​ទៀត​ថា រាប់​សិប​ឆ្នាំ​មក​ហើយ​ពួក​គាត់​មិន​ដែល​ឃើញ​មាន​ក្រពើ​នៅ​ក្នុង​អូរ​នោះ​ទេ និង​បាន​ចុះ​ងូតទឹក​អូរ​ទាំង​ក្មេង​ទាំង​ចាស់​ព្រមទាំង​នេសាទ​ត្រី​ជា​ហូរហែរ​មក​ហើយ មិន​ដែល​ជួប​ក្រពើ​ទេ ទើបតែ​នៅ​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨​នេះ​ទេ ដែល​បាន​បាន​ឃើញ​ក្រពើ​នៅ​ក្នុង​អូរ​នេះ ។ ប៉ុន្តែ​ជា​កូន​ក្រពើ​ដែល​ចាប់​លើក​មុន​បាន​២​ក្បាលមាន​ទំហំ​ដងខ្លួន​​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ ។ លុះដល់​ចុង​ក្រោយ​កាលពី​១​អាទិត្យ​មុន អ្នក​ភូមិ​ទួល​លៀប ខណ្ឌ​ពោធិ៍​​សែន​ជ័យ ចាប់​បាន​១​ក្បាល​ទៀត ដែល​មាន​ទម្ងន់​១៣​គីឡូក្រាម ហើយ​ក្រពើ​ទាំងនោះ​ត្រូវ​​បាន​គេ​យក​ទៅ​លក់​អស់ហើយ និង​សង្ស័យ​ថា ជា​កូន​ក្រពើ​ធំ​១​ក្បាល​នេះ ។

ដោយឡែក​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​ខាងលើ​បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នោះ​បាន​ឲ្យ​កម្លាំង​ប្រជា​ការពារ និង​យក​អ្នកជំនាញ​ខាង​ចាប់​ក្រពើ​ម្នាក់​ទៅ​ដើម្បី​ចាប់​ក្រពើ​នោះ យក​ទៅ​ដាក់​នៅ​សួនសត្វ​បញ្ចៀស​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​សត្វពាហនៈ​របស់​ពួក​គាត់​ផង​ដែរ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ដើរ​រក​ជាង​១​ម៉ោង​មិន​បានឃើញ​ក្រពើ​បង្ហាញខ្លួន​នោះ​ឡើយ ទើប​ដកថយ​សិន​រង់ចាំ​វា​បង្ហាញខ្លួន​ជា​ថ្មី​នៅ​ពេល​ក្រោយ​ទៀត ។ ចំណែក​អាជ្ញាធរ​ក៏​បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ហាម​កុំ​ឲ្យ​កូ​ម​ចៅ​ទៅ​ងូតទឹក​ទីនោះ​ឲ្យ​សោះ រង់ចាំ​ចាប់​ក្រពើ​ចេញ​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ