ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាយ​មូលហេតុ​នៅ​ពីក្រោយ​លទ្ធផល​ស្មើ​រវាង​មឿ​ន សុខ​ហ៊ុ​ច និង​ជើង​ខ្លាំង​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ​ទី​២៨ មក​រា គេឃើញ​កីឡាករ​កម្ពុជា និង​ថៃ​២​រូប​ធ្វើ​ឱ្យ​បែក​ផ្កាភ្លើង​ពេញ​​ក្នុង​សង្វៀន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​បាន​បញ្ចេញ​សមត្ថ​ភាពហើយ​ប្រឹងប្រែង​ប្រកួត​រៀងខ្លួន​ធ្វើ​ឱ្យ​អ្នក​ទស្សនាពេញចិត្ត ។ ការ​ប្រកួត​មួយ​នេះ មនុស្ស​១០ទាំង​១០​បាន​អះអាង​ថា កីឡាករ​កម្ពុជា​នឹងឈ្នះ​ការ​ប្រកួត​១០០​ភាគរយ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃអាទិត្យ​ទី​២៨ មក​រា គេឃើញ​កីឡាករ​កម្ពុជា និង​ថៃ​២​រូប​ធ្វើ​ឱ្យ​បែក​ផ្កាភ្លើង​ពេញ​​ក្នុង​សង្វៀន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​បាន​បញ្ចេញ​សមត្ថ​ភាពហើយ​ប្រឹងប្រែង​ប្រកួត​រៀងខ្លួន​ធ្វើ​ឱ្យ​អ្នក​ទស្សនាពេញចិត្ត ។ ការ​ប្រកួត​មួយ​នេះ មនុស្ស​១០ទាំង​១០​បាន​អះអាង​ថា កីឡាករ​កម្ពុជា​នឹងឈ្នះ​ការ​ប្រកួត​១០០​ភាគរយ ប៉ុន្តែ​នៅ​ពេល​ការប្រកួត​ជាក់ស្ដែង​បែរជា​បាន​ត្រឹម​ស្មើគ្នា​ហើយស្មើ​ទាំង​ត្រូវ​គេ​មើល​ឃើញ​​ថា ចាញ់​ប្រៀបថៃ​នោះ​ទៅ​ទៀត ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​ពាក់ព័ន្ធ​២​រូប​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​អាថ៌​កំបាំង​។

គ្មាន​អ្នក​ណា​មិន​ស្រែក​ហ៊ោកញ្ជ្រៀវ​ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​ដែល​ត្រូវ​គេ
ស្គាល់​ថា​ធ្លាប់​ទទួល​ខ្សែក្រវាត់​អន្តរជាតិ​មក​ពី​ប្រទេស​ថៃ មឿ​ន សុខ​ហ៊ុ​ច ជាមួយ​នឹង​កីឡាករ​ថៃ​ឈ្មោះ​Yorth Sensak កាល​ពី​រសៀល​ថ្ងៃអាទិត្យ​ទី​២៨ មក​រា នោះ​ទេ ដោយ​សារ​តែ​កីឡាករ​ទាំង​ពីរ​គឺ​គ្រាន់តែ​បើក​ឆាក​ភ្លាម​ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រឡាំងកាំង​មិន​ហ៊ាន​ប្រិច
ភ្នែក​តែ​ម្ដង ។ កីឡាករ​កម្ពុជា​ហាក់​បង្ហាញ​អំនួត​ថា នឹង​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់ ឬ​ឱ្យ​បោះបង់​មុន​ចប់​ទឹក ហើយ​ក៏​ប្រើ​បច្ចេកទេស​វាយ​សម្រុក​ធ្វើ​ឱ្យ​គូភាគី​ម្ខាង​ទៀត​ក្ដៅ​ស្លឹកត្រចៀក ។ ប៉ុន្តែ​គោលបំណង​មិន​បាន​សម្រេច​ងាយ​ៗ​នោះ​ទេ ដោយសារ​តែ​កីឡា​ករ​ថៃ​ក៏​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​ខកចិត្ត​ចំពោះ​ការ​បង្ហាញខ្លួន​ដូច​គ្នា ដោយ​បាន​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​បះជើង​តាំងពី​ទឹក​ទី​២ និង​ត្រូវ​រាប់​ដល់​៨ ប៊ិះ​នឹង​បោះបង់​ការ​ប្រកួត​នោះ​ផង ។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ក្ដៅ​គគុក​ចាប់ពី​ទឹក​ទី​៣ ដោយ​កីឡាករ​កម្ពុជា​បើក​ឆាកប្រយុទ្ធ​ញាក់សាច់​ទៅ​លើ​គូប្រកួត ហើយ​ធ្វើ​ឱ្យ​ផ្ទុះ​សម្រែក​ហ៊ោកញ្ជ្រៀវ​យ៉ាង​កងរំពង​តែ​ម្ដង ដោយសារ​តែ​លោក​ងើប​ពី​រាប់​គឺ​ពោរពេញ​ដោយ​កម្លាំង​ និង​កំហឹង​ក្នុង​ការ​វាយលុក​តែ​ម្ដង ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្លាយជា​ឆាកប្រយុទ្ធ​ទាក់ទាញ​សម្រាប់​ជំនួប​នោះ​។

យ៉ាងណាមិញ ក្នុង​ទឹក​ទី​៤ កីឡាករ​ថៃ​បាន​ក្លាយជា​អ្នក​វាយ​សង្គ្រុប​បាន​ល្អ​វិញ ដែល​រឹតតែ​ធ្វើ​ឱ្យ​សំឡេង​គាំទ្រ​ផ្ទុះ​ពេញ​សង្វៀន​ព្រោះតែ​កញ្ជ្រោល​នឹង​គូប្រកួត​ទាំងមូល ។ ក្នុង​ទឹក​ទី​៥ ថ្វី​ដ្បិតថា​ម្នាក់​ៗ​អស់កម្លាំង​រៀងខ្លួន ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ខកចិត្ត​នឹង​ការ​អត់​ប្រយោជន៍​ដូច​ជំនួប​កីឡាករ​ផ្សេង​នោះ​ទេ ដោយសារ​តែ​អ្នក​ទាំង​ពីរ​នៅ​តែ​ខ្លាំង​ដដែល
ក្នុង​ការ​បើក​ឆាកប្រយុទ្ធ ។

យ៉ាងណាមិញ គេ​នៅ​តែ​មើលឃើញ​ថា កីឡាករ​កម្ពុជា​ចាញ់​ប្រៀប​សម្រាប់​ការ​ប្រកួត ដោយ​ទី​១​ត្រូវ​រាប់​មួយ​លើក ទី​២​ដួល​ច្រើន​លើក​នៅ​លើ​សង្វៀ​ន ហើយ​បើ​ទោះជា​លោក​វាយ​ល្អ​នៅ​ទឹក​ទី​៣ និង​ដើម​ទឹក​ទី​៤ តែបើ​សម្លឹង​មើល​ការ​ប្រកួត​ទាំង​៥​ទឹក​គឺ​កីឡាករ​ថៃ​ឈ្នះ​ដាច់ ។ អ៊ីចឹង​ហើយ​ទើប​ការ​ផ្ដល់​ពិន្ទុ​ឱ្យ​ស្មើ​បាន​ក្លាយជា​ប្រធានបទ​មួយ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​សប្បាយចិត្ត នៅ​ពេល​ភាគី​ទាំងនោះ​យល់​ថា​ការ​ផ្ដល់​ពិន្ទុ​គួរតែ​កុំ​យោគ​យល់ ។ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​មួយ​ក្រុម​ទៀត ក៏​យល់​ថា ការ​ផ្ដល់​ពិន្ទុ​ដែល​បាន​​ធ្វើ​ឡើង​គួរ​សម្រេច​បែប​នេះ​ផង​ដែរ ដោយសារ​តែ​កីឡាករ មឿ​ន សុខ​ហ៊ុ​ច បញ្ចេញថ្វីដៃ​បាន​ល្អ ។

ពាក់ព័ន្ធ​នឹង​ហេតុ​ផល​ឱ្យ​ស្មើ​នេះ​ក៏​មានការ​បញ្ជាក់​ពី​គណៈ​កម្ម​ការ​ដែល​បើក​ការ​ប្រកួត​ផង​ដែរ ថា​ហេតុ​អ្វី​បានជា​សម្រេច​ឱ្យ​ស្មើ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ថៃ​ដែល​បាន​មក​ប្រកួត​ជាមួយ​កីឡាករ មឿ​ន សុខ​ហ៊ុ​ច គឺ​ជា​កីឡាករ​គូ​ឯក​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​តម្លៃ​ខ្លួន​របស់​កីឡាករ​រូប​នេះ​ក៏​ខ្ពស់​ជាង​កីឡាករ​ថៃ​ដែល​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ធ្លាប់​បាន
យក​មក​ផង​ដែរ ។ លោក​ថា នៅ​ក្នុង​ប្រទេស​ថៃ កីឡាករ Youth Sensak ឡើង​ប្រកួត​តែ​គូ​ឯក​លើ​សង្វៀន និង​គូ​ឯក​អន្តរជាតិ​ប៉ុណ្ណោះ ដោយ​ការ​ប្រកួត​របស់​គេ​ក៏​ត្រូវ​អ្នកគាំទ្រ​ប្រដាល់​ថៃ​កត់សម្គាល់ និង​គាំទ្រ​ខ្លាំង​ដែរ ។

អ៊ីចឹង​ហើយ​ទើប​កីឡាករ​ថៃ​រូប​នេះ​កម្រ​ទទួល​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ការ​មក​ប្រកួត​ម្ដង​ៗ​ក៏​លុះត្រាតែ​ខាង​សង្វៀន​នៅ​កម្ពុជា​ហ៊ាន​ចំណាយ​ខ្ពស់​លើ​តម្លៃ​ខ្លួន ហើយ​​កីឡាករ​ដែល​ត្រូវ​ប្រកួត​ជាមួយ​គេ​ក៏​ត្រូវ​តែ​ជា​កីឡាករ​ល្បីឈ្មោះ និង​ខ្លាំង​ដូច​ជា​មឿ​ន សុខ​ហ៊ុ​ច ជាដើម ។ លោក​ថា ហេតុផល​ដែល​គូ​នេះ​ត្រូវ​ស្មើ​គឺជា​រឿង​សម​ស្រប​បំផុត ដោយសារ​តែ​កីឡាករ​ថៃ​គឺជា​ជើង​ខ្លាំង​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ការ​ឱ្យ​ចាញ់​លុះត្រាតែ​ចាញ់​ប្រៀប​ច្រើន ខណៈ​ដែល​កីឡាករ​កម្ពុជា​ក៏​ជា​កីឡាករ​ល្បីឈ្មោះ​ដែល​ពិបាក​បំបាក់ទឹកចិត្ត ។

លោក​ថា ផ្អែក​តាម​ការ​ប្រកួត កីឡាករ​ថៃ​ពិតជា​មាន​ប្រៀប​ជាង​ទាំង​សន្ទុះ​ក្នុង​ការ​វាយលុក និង​មាន​ប្រៀប​ជាង​ទាំង​ការ​ឱ្យ​កីឡាករ​កម្ពុជា​ត្រូវ​រាប់​មួយ​លើក តែ​កីឡាករ​កម្ពុជា​ក៏​ល្អ​ក្នុង​ទឹក​ទី​៣ និង​ដើម​ទឹក​ទី​៤​ដោយ​វាយ​សន្ធាប់​បាន​ល្អ និង​ត្រូវ​ចំ​គោលដៅ​ផង​ដែរ ទើប​លោក​សម្រេច​ឱ្យ​ស្មើ​ដើម្បី​ឱ្យ​ភាគី​ខាង​ណា​ក៏​អស់ចិត្ត​សម្រាប់​ការ​ប្រកួត​ក្រោយ​ត្រូវ​បញ្ចប់ ។

លោក​អះអាង​ថា ការ​ប្រកួត​គូ​នេះ បើ​ឱ្យ​កីឡាករ​ថៃ​ឈ្នះ​នោះ​កីឡាករ​ខាង​កម្ពុជា​នឹង​រិះគន់​ថា​មិន​យល់មុខ​កីឡាករ​ជាតិ​សាសន៍​ខ្លួនឯង ហើយ​បើ​ឱ្យ​កីឡាករ​ខាង​កម្ពុជា​ឈ្នះ ក៏​ពិតជា​ថា​ស្ថាប័ន​របស់​លោក​ជា​ស្ថាប័ន​អយុត្តិធម៌​ដូច​គ្នា​ផង​ដែរ ។ អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា មាន​តែ​លទ្ធផល​ស្មើគ្នា​តែ​មួយ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ឱ្យ​ភាគី​អ្នកគាំទ្រ​ទាំង​២​អស់​ចិត្ត ហើយ​មិន​មាន​ប្រតិកម្ម​ណាមួយ បើ​ទោះជា​ការ​ផ្ដល់​ពិន្ទុ​បែប​នេះ​អាច​ធ្វើ​ឱ្យ​កីឡាករ​ថៃ និង​ក្រុម​ដែល​ដឹកនាំ​មក​ថា​មិន​សម​បន្តិច​ក៏​ដោយ​។

លោក រាជ សូ​ផែន ប្រធាន​គណៈកម្មការ​វិនិច្ឆ័យ​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា កីឡាករ​ទាំង​ពីរ​បើ​ឱ្យ​អ្នក​ណា​ចាញ់​គឺ​ពិតជា​មាន​ប្រតិកម្ម ហើយ​លោក​នៅ​​តែ​មានការ​គាំទ្រ​ដើម្បី​ឱ្យ​ស្មើ ដោយសារ​តែ​ការ​ប្រកួត​ជាក់ស្ដែង​គឺ​អត់​មាន​អ្នក​ណា​ចាញ់​ប្រៀប​អ្នក​ណា​ទេ ទាំង​បច្ចេកទេស និង​ការ​វាយ​សម្រុក ។

លោក​អះអាង​ថា បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​រាប់​មួយ​លើក​ដែល​នាំ​ឱ្យ​មានការ​កាត់​ពិន្ទុ ប៉ុន្តែ​សន្ទុះ​ក្នុង​ការ​វាយ​ចេញ និង​ត្រូវ​គោលដៅ​ក៏​លុប​នឹង​អ្វី​ដែល​បាន​កាត់​ពិន្ទុ​ផង​ដែរ ទើប​លោក​យល់​ថា មាន​តែ​លទ្ធផល​ស្មើ​ប៉ុណ្ណោះ​ដែល​អាច​ជម្រះ​មន្ទិល​ហ្មងសៅ​របស់​កីឡាករ​ទាំង​ពីរ​ឱ្យ​ចប់​សព្វគ្រប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ