ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបអំណោយសប្បុរសធម៌នូវអង្ករ០៧តោន ភួយ២០០ និងផើងចម្រោះទឹកស្អាត៦០ របស់រ៉ូតារីក្លឹបតៃវ៉ាន់ ផ្តល់តាមរយៈលោកស្រី អា ណា ប្រធានអង្គររ៉ូតារីនាំយកមកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋទទួលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យ ចាស់ជរា ពិការ កុមារកំព្រា រួមទាំងស្ត្រី និងទារក តាមមូលដ្ឋាន ដែលមានវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាខេត្តជាច្រើននាក់ផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តសៀមរាប បានឲ្យ ដឹងអំពីសកម្មភាព ក្នុងការផ្តល់អំណោយមនុស្សធម៌ ដល់ជនរងគ្រោះ និងងាយរងគ្រោះទូទាំងខេត្ត ក្នុងឆ្នាំ២០១៧ និង ការចូលរួមសកម្មភាពរបស់អង្គររ៉ូតារីក្លឹប ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាមួយសាខាកាកបាទក្រហមខេត្ត ។
មានមតិនាឱកាសនោះលោកស្រី អា ណា ប្រធានអង្គររ៉ូតារី តំណាង រ៉ូតារីក្លឹបតៃវ៉ាន់ បានបញ្ជាក់ថា រ៉ូតារី តែងតែបានចូលរួមជាមួយចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈអង្គររ៉ូតារីក្លឹប ដោយផ្ទាល់ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋទទួលរងគ្រោះដោយគ្រោះធម្មជាតិ អគ្គីភ័យ ចាស់ជរា ពិការ កុមារកំព្រា រួមទាំងស្ត្រី និងទារក ។
ថ្ងៃនេះក្រុមរ៉ូតារីតៃវ៉ាន់ ក៏បាននាំយក អំណោយសប្បុរសធម៌ ជាអង្ករ ចំនួន២តោន ភួយ ២០០ និង ផើងចម្រោះទឹកស្អាត ៣៥ បានចែកជូនប្រជាជន និង សិស្សានុសិស្សក្រីក្រ ព្រមទាំងធ្វើការព្យាបាលដោយគ្រូពេទ្យចាប់សរសៃ និងកាត់សក់ឱ្យសិស្ស នៅស្រុកក្រឡាញ់ខេត្តសៀមរាប ក្នុងការចូលរួមជាមួយសកម្មភាពនៃចលនាកាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។
លោកស្រីក៏បានបញ្ជាក់ផងដែរថា នៅពេលដែល ប្រជាពលរដ្ឋកម្ពុជា ជួបនូវទុក្ខលំបាក ក្រុមរ៉ូតារី តែងតែចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយ រ៉ូតារី តៃវ៉ាន់ គឺនៅតែបន្តចូលរួម កិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្តផងដែរ ។
ក្នុងនាមលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តសៀមរាបសម្តែងនូវអំណរ គុណដល់ទឹក ចិត្តដ៏សប្បុរសធម៌ របស់លោកស្រីនាយក និង បុគ្គលិក រ៉ូតារីតៃវ៉ាន់ ដែលសបញ្ជាក់ពីទឹកចិត្តដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋកំពុងជួប ការលំបាកនិងជនងាយរងគ្រោះ មានជីវភាពខ្វះខាតក្រីក្រ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះគឺជាការចូលរួមក្នុងសកម្មភាពកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន ។
លោកជំទាវក៏បានគូសបញ្ជាក់ថា ដោយតម្រូវការក្នុងការជួយសង្គ្រោះបងប្អូនរងគ្រោះ សាខាកាកបាទក្រហមខេត្តក៏បានធ្វើការអំពាវនាវដល់សប្បុរសជនដែលមានសណ្តានចិត្តសប្បុរសធម៌ ក្នុងការបរិចាកនូវធនធាន ជាស្បៀង អាហារ សម្ភារចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើម្បីមានលទ្ធភាព ជួយដល់គ្រួសារជនរងគ្រោះ នៅតាមបណ្តាមូលដ្ឋានទូទាំងខេត្តសៀមរាប ។
លោកជំទាវ គួយ ណាលីន ក៏បានគូសបញ្ជាក់ថា ការបរិចាកនូវធនធាន ជាស្បៀងអាហារ សម្ភារក្នុងស្មារតីលើកកម្ពស់ចលនាមនុស្សធម៌ របស់ក្រុមអង្គររ៉ូតារីក្លឹប និង រ៉ូតារីតៃវ៉ាន់ ចូលរួមជាមួយសាខាកាកបាទក្រហមខេត្ត ដើម្បីមានលទ្ធភាពជួយដល់ក្រុមគ្រួសារ និង ជនរងគ្រោះដោយគ្រោះមហន្តរាយនូវគ្រោះធម្មជាតិនៅតាមបណ្តាក្រុង ស្រុកក្នុងខេត្ត ។
ម្យ៉ាងទៀតអំណោយទាំងនេះ សាខាកាកបាទក្រហមកម្ពុជា និង យកទៅប្រើប្រាស់ផ្តល់ជូនដល់ដៃបងប្អូនរងគ្រោះ នៅពេលដែលមានកើតគ្រោះមហន្តរាយណាមួយនៅក្នុងខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ