ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ នាំ​សិល្បៈ​បុរាណ​ផ្សព្វផ្សាយ​ទូ​ទាំង​ប្រទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ប្រកាស​រួម​គ្នា​អំពី​កិច្ចសហការ​៥​ឆ្នាំ ដែល​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ នឹង​ក្លាយជា​កម្មវិធី​មួយ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​នៅ​ទូ​ទាំង​ប្រទេស ។ ការ​ចូលរួម​នេះ​នឹង​ធ្វើ​ឲ្យ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​កាន់តែ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​នាំ​ទម្រង់​សិល្បៈ​ខ្មែរ កម្រ​ៗ​ទៅ​ផ្សព្វផ្សាយ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បាន​ប្រកាស​រួម​គ្នា​អំពី​កិច្ចសហការ​៥​ឆ្នាំ ដែល​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ នឹង​ក្លាយជា​កម្មវិធី​មួយ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​បុរាណ​នៅ​ទូ​ទាំង​ប្រទេស ។

ការ​ចូលរួម​នេះ​នឹង​ធ្វើ​ឲ្យ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​កាន់តែ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​នាំ​ទម្រង់​សិល្បៈ​ខ្មែរ កម្រ​ៗ​ទៅ​ផ្សព្វផ្សាយ និង​សម្ដែង​ទូ​ទាំង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជាង​មុន ក៏​ដូច​ជា​អភិរក្ស​ទម្រង់​សិល្បៈ​ទាំងនោះ​ឲ្យ​គង់វង្ស​ស្ថិត​ស្ថិរ​សម្រាប់​កូន​ខ្មែរ​ជំនាន់​​ក្រោយ ជា​ពិសេស​គម្រោង ថ្មី​ៗ​របស់​ខ្លួន​ដូច​ជា​ការ​ផលិត​ឧបករណ៍​ភ្លេង និង​ការ​ឧបត្ថម្ភ​សកម្មភាព​សិល្បករ​នៅ​សហគមន៍​ចំនួន​ពីរ​នៅ​អា​រ៉ែ​ង និង​ខេត្តឧត្តរមានជ័យ ។

កាន់តែ​ពិសេស ទាំង​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ និង​សិល្បៈ​ខ្មែរ​អមតៈ នឹង​រួម​គ្នា​លើ​ការ​ពង្រីក​ការ​ទាក់ទង​ជាមួយ​សហគមន៍​ខ្មែរ​នៅ​បរទេស ដូច​ជា​គម្រោង​នាំ​យក​សិល្បករ​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​ទៅ​ធ្វើ​បទ​បង្ហាញ និង​សម្ដែង​ទម្រង់​សិល្បៈ​ខ្មែរ​កម្រ​ៗ​នៅ​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​។ ព្រមទាំង​ការ​អនុវត្ត​បច្ចេកវិទ្យា​ទំនើប (​កាមេរ៉ា​៣៦០) ក្នុង​ការ​រក្សា​ទុក និង​ផ្សព្វផ្សាយ​អំពី​ទម្រង់​សិល្បៈ និង​ឧបករណ៍​ភ្លេង កម្រ​ៗ​ផង​ដែរ ។ តាម​រយៈ​ការងារ​ទាំងនេះ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​នឹង​អាច​រក្សា​បេសកកម្ម​របស់​ខ្លួន​ប្រកបដោយ​និរន្តរភាព និង​ពេញលេញ​ក្នុង​រយៈពេល​វែង ។

ក្រៅពី​ការ​ប្រកាស​នេះ​ក៏​នៅ​មានការ​ប្រគំ​ឧបករណ៍​តន្ត្រី កម្រ​ៗ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​ឧបករណ៍​គែន ដោយ​សិល្បករ​ពី​ខេត្តឧត្តរមានជ័យ ដែល​ជា​សិល្បករ​តែ​មួយ​គត់​នៅ​កម្ពុជា​ចេះ​ចាំ និង​អាច​ប្រគំ​ឧបករណ៍​នេះ​បាន ។

ចាប់តាំងពី​ការ​បង្កើត​ឡើង​នៅ​ចុងឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី ធំ​ៗ៣០​ដង និង​សកម្មភាព​សិល្បៈ​រយៈពេល​ខ្លី​ជា​ច្រើន​នៅ​តាម​តំបន់ និង​សហគមន៍​នានា​ទូ​ទាំង​ប្រទេស ។

រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​មាន​បេសកកម្ម​នាំ​យក​តន្ត្រីបុរាណ​ទៅ​កាន់​ភូមិ​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ជា​ពិសេស​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​ពុំ​សូវ​មានឱកាស​បាន​ទស្សនា​ផ្ទាំង​ទស្សនីយភាព ។ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ ជា​គម្រោង​ឯករាជ្យ​បង្កើត​ឡើង​ដោយ​លោក​អាន ច​ន​ផ​ន ជា​ស្ថាបនិក និង​Steve RIEGE ក្នុង​ឆ្នាំ​២០១២ ។

ពួក​គាត់​ធ្លាប់​បាន​ទស្សនាការ​សម្ដែង​របស់​តា​ហៃ នៅ​តំបន់​ដាច់​ស្រយាល​មួយ​ខេត្ត​ឧត្តរ​មានជ័យ និង​បានឃើញ​អ្នក​ភូមិ​ចេញ​មក​ស្ដាប់​ការ​ប្រគំ​តន្ត្រីបុរាណ​ដោយ​ផ្ទាល់​ជា​លើក​ទី​មួយ​ក្នុង​ជីវិត ។ ដូច្នេះ​គម្រោង​រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ​ក៏​ចាប់ផ្ដើម​ឡើង​ដោយ​ចេញ​សម្ដែង​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​មាន​អ្នក​នាង​ថន សី​ម៉ា ដឹកនាំ ។ រហូត​មក​ដល់​ពេល​នេះ​គម្រោង​បាន​ចេញ​សម្ដែង​គ្រប់​ខេត្ត​នៅ​ប្រទេស​កម្ពុជា​ហើយ​រថយន្ត​តន្ត្រី​ទិព្វ​បាន​ក្លាយ​ជា​​កម្មវិធី​មួយ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ក្នុង​ឆ្នាំ​២០១៧ ដូច្នេះ​អាច​ធ្វើការ​រួម​គ្នា​ដើម្បី​ពង្រីក​វិសាលភាព​ការងារ​និង​ឱកាស​សម្ដែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ