ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា​កោតសរសើរ​ពី​កំណើនសេដ្ឋកិច្ច​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក H.E Eng Yousef Ibrahim Al Abdulrahman Al…

រាជធានី​ភ្នំពេញ ៖ លោក H.E Eng Yousef Ibrahim Al Abdulrahman Al Bassam អគ្គនាយក​មូលនិធិ​អា​រ៉ា​ប៊ី​សា​អូឌីត (SFD) សម្រាប់​ការ​អភិវឌ្ឍន៍​ដែល​ជា​ស្ថាប័ន​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៨​បាន​ថ្លែង​ថា «​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល និង​សូម​កោតសរសើរ​ដោយ​ស្មោះ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​បាន​អនុវត្ត​គោលនយោបាយ​ដ៏​ល្អ​ឥត​ខ្ចោះ​កម្រ​នឹង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ធ្វើ​បាន​ដូច ។ សម្តេច​បាន​ដឹកនាំ​កម្ពុជា ដែល​ជា​ប្រទេស​ធ្លាប់​រង​វិនាសកម្ម​នៃ​មហា​សង្គ្រាមស៊ីវិល​ក្នុង​តំបន់​បែរ​ទៅ​ជា​ប្រទេស​មាន​សុខ​សន្តិភាព និង​សុខដុម​រម​នី​យ៍​កម្ម​ជាតិ​សាសន៍ និង​សាសនា ហើយ​ក៏​ក្លាយជា​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ល្អ​បំផុត​» ។

លោក​អគ្គនាយក​មូលនិធិ​នៃ​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ជួប​សំណេះសំណាល​នឹង​ថ្នាក់ដឹកនាំ​ខ្មែរ​អ៊ិ​ស្លា​ម ដែល​ទទួល​បដិសណ្ឋារកិច្ច ដោយ​លោក​ឧកញ៉ា​អូ​ស្មាន​ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ។

នៅ​ក្នុង​ជំនួប​នោះ​មាន​វត្តមាន​លោក​ឧកញ៉ា សុះ កំ​រ៉ី ចាងហ្វាង​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ិ​ស្លា​ម​កម្ពុជា លោក ហ្សា​ការី​យ៉ា អា​ដាម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង មាន​វត្តមាន​ពី​មន្ត្រី​រាជរដ្ឋាភិបាល​នៃ​ក្រសួង និង​ស្ថាប័ន​នានា​ជា​ច្រើន​ទៀត ។
មូល​នី​ធិ​អា​រ៉ា​ប៊ី​សា​អូឌីត (SFD) សម្រាប់​ការ​អភិវឌ្ឍន៍​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​៨២​លើ​សកលលោក ។

លោក​អគ្គនាយក​បាន​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​ជាក់ស្តែង​ឃើញ​ថា កម្ពុជា​កំពុង​មាន​សន្ទុះ​ឡើង​យ៉ាង​ខ្លាំង វា​ពិតជា​ជៀស​មិន​ផុត​ពី​តម្រូវការ​ហិរញ្ញប្បទាន សម្បទាន​ពី​ប្រទេស​ជា​ដៃគូ​ដែល​អភិវឌ្ឍន៍​នោះ​ទេ ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មាន​មូល​នី​ធិ​មាន​ដើមទុន រាប់​ពាន់​លាន​ពិតជា​រីករាយ និង​បើកទ្វារ​ស្វាគមន៍​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់ពេលវេលា ដែល​ត្រូវការ​កម្ចីសម្បទាន​ដែល​មាន​លក្ខខណ្ឌ​លើកលែង​ច្រើន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់​បាន​លើក​ឡើង​ថា កម្ពុជា​ស្វាគមន៍​រាល់​ការ​វិនិយោគ​បរទេស ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​ពិតជា​មាន​កំណើនសេដ្ឋកិច្ច​មិន​ខុស​ពី​ការ​លេចឮ​ដល់​បណ្តា​ប្រទេស​ក្នុង​ពិភពលោក ។ ជាក់ស្តែង​ទោះបី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​ជា​ច្រើន ដែល​រួម​មាន​ទាំង​ហានិភ័យ និង​បញ្ហា​ប្រឈម​ទាំង​ក្នុង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​អាច​បន្ត​កំណើន​ខ្ពស់ និង​រឹង​មាំ​ក្នុង​រយៈពេល​ខ្លី និង​មធ្យម​ខាង​មុខ​នេះ ។

ជាមួយនឹង​សមិទ្ធផល​នេះ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ចាត់​ទុក​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​នៅ​តំបន់​អាស៊ី ហើយ​បាន​ប្រសិទ្ធ​នាម​ប្រទេស​កម្ពុជា ជា «​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី » ទៀត​ផង ។
លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ ក៏​បាន​ស្នើ​ឲ្យ​មូលនិធិ​អា​រ៉ា​ប៊ី​សា​អូឌីត សម្រាប់​ការ​អភិវឌ្ឍន៍ ជួយ​គិតគូរ​លើ​ផ្នែក​ណាមួយ​ដែល​ជា​ជំនួយ​ឥត​សំណង​ជូន​កម្ពុជា រួម​មាន​វិស័យ​អប់រំ និង សុខាភិបាល ដែល​ជា​វិស័យ ចាំបាច់​ក្នុង​ចំណោម​វិស័យ​នានា តាម​រយៈ​មូលនិធិ​ផ្ទាល់ រឺ​តាម​រយៈ​ស្ថាប័ន​អង្គការ​សប្បុរសជន​នានា​ដែល​ជា​ដៃគូ​នឹង SFD ។

ទោះបី SFD មិនមែន​ធ្វើការ​លើ​វិស័យ​មនុស្សធម៌​ដែល​ផ្តល់​ជំនួយ​ឥត​សំណង​ក្តី អគ្គនាយក SFD សន្យា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ណ៍​ទាំង​ហិរញ្ញប្បទាន​សម្បទាន និង​គៀងគរ​ជំនួយ​ឥត​សំណង​ពី​បណ្តា​មូលនិធិ​សប្បុរសធម៌​ជា​ដៃគូ ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ជា​ច្រើន​លើសលប់ ទៅ​កាន់​បណ្តា​ប្រទេស​ក្រី​ក្រី​ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​មក​សហការ​ផ្តល់​ជំនួយ​ដល់​ភាគី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ