ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ខណ្ឌ​ពាណិជ្ជកម្ម​ធំ​ទាំង​4 ខណ្ឌ​សែន​សុខ​កំពុង​លេចធ្លោ​ជាងគេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ខណ្ឌ​ធំ​ៗ​ដែល​ជា​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង ខណ្ឌ​សែន​សុខ កំពុង​តែ​មាន​ភាព​លេចធ្លោ​ជាងគេ​ចាប់ពី​ដើមឆ្នាំ​២០១៧​កន្លង​មកនេះ ដោយសារ​លក្ខខណ្ឌ​ល្អ​ប្រសើរ​មួយ​ចំនួន ។ ខណ្ឌ​ធំ​ៗ​ទាំង​៤​នៅ​កណ្តាល​រាជធានី​ភ្នំពេញ រួម​មាន ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ខណ្ឌ​ធំ​ៗ​ដែល​ជា​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង ខណ្ឌ​សែន​សុខ កំពុង​តែ​មាន​ភាព​លេចធ្លោ​ជាងគេ​ចាប់ពី​ដើមឆ្នាំ​២០១៧​កន្លង​មកនេះ ដោយសារ​លក្ខខណ្ឌ​ល្អ​ប្រសើរ​មួយ​ចំនួន ។

ខណ្ឌ​ធំ​ៗ​ទាំង​៤​នៅ​កណ្តាល​រាជធានី​ភ្នំពេញ រួម​មាន ខណ្ឌចំការមន ដូនពេញ ៧​មក​រា និង​ខណ្ឌទួលគោក គឺជា​តំបន់​សម្បូរ​ទៅ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ប៉ុន្តែ​បច្ចុប្បន្ន ខណ្ឌ​សែន​សុខ​កំពុង​តែ​លេចធ្លោ​បន្ថែម​ទៀត ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​បណ្ឌិត គី​ម ហ៊ា​ង បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ថា ខណ្ឌ​សែន​សុខ ពិតជា​រីក​ចម្រើន​លឿន ដោយសារ​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅ​ឋាន​ជា​ច្រើន​បាន​វិនិយោគ​នៅ​តំបន់​នោះ ។ ខណ្ឌ​នេះ​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ ដូច​ជា ៖ ១-​ហេដ្ឋារចនាសម្ព័ន្ធ​កំពុង​អភិវឌ្ឍន៍ និង​មាន​ភាពល្អ​ប្រសើរ​, ២-​សណ្ឋាន​ដី​ល្អ មិន​ចាំបាច់​ចំណាយ​លើ​ការ​ចាក់​ដី​សម្រាប់​អភិវឌ្ឍន៍ និង​៣-​ជា​តំបន់​គ្មាន​ការ​បំពុល ដោយសារ​តំបន់​នេះ​គ្មាន​រោងចក្រ សហគ្រាស​នានា​ឡើយ ។

លោក​បន្ត​ថា ៖« លក្ខខណ្ឌ​អំណោយផល​ទាំងនេះ បាន​ធ្វើ​ឲ្យ​ខណ្ឌ​សែន​សុខ​សម​ស្រប​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​នានា ជា​ពិសេស លំនៅ​ឋាន​សម្រាប់​អ្នកមាន​ប្រាក់​ចំណូល​មធ្យម » ។

បច្ចុប្បន្ន ខណ្ឌ​សែន​សុខ មាន​ក្រុមហ៊ុន​វិនិយោគ​បុរី និង​គម្រោង​លំនៅ​ឋាន​នានា​ប្រមាណ​​២០ ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​ក្នុង​តំបន់​នោះ ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​មួយ​ចំនួន​ទៀត​បាន​បើក​ដំណើរការ​ដូច​ជា ផ្សា​របោះ​ដុំ MAKRO, AEON Mall2 និង​ផ្សារ​ទំនើប​មួយ​ចំនួន​ទៀត​នឹង​បើក​នៅ​ក្នុងឆ្នាំនេះ ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ ដែល​ទើបបាន​បើក​សម្ពោធ​គម្រោង​ទី​៨​នៃ​បុរី​វិមាន​ភ្នំពេញ នៅ​លើ​ផ្ទៃដី​ប្រមាណ​២០​ហិ​កតា បាន​មាន​ប្រសាសន៍​ថា ខណ្ឌ​សែន​សុខ​ពិតជា​រីក​ចម្រើន​លឿន ដោយសារ​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​និង​កំពុង​វិនិយោគ​នៅ​តំបន់​នេះ ។ ហេតុនេះ ទើប​លោក​បាន​និង​កំពុង​វិនិយោគ​សាងសង់​បុរី​នៅ​តំបន់​នេះ ខណៈ​ទីផ្សារ​បុរី​បន្ត​ល្អ​ប្រសើរ ដោយ​អត្រា​លក់​នៅ​តែ​មាន​កំណើន​ខ្ពស់ ។

លោក​បន្ត​ថា ៖« ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ ការ​មិន​បំពុល​ពី​ផ្សែង​រោងចក្រ សហ​គ្រាស​​នានា និង​កត្តា​សណ្ឋាន​ដី​ល្អ​ប្រសើរ គឺជា​កត្តា​ជំរុញ​ល្បឿន​អភិវឌ្ឍន៍​នៅ​តំបន់​នេះ»។

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Hutton CPL បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ភោជនីយដ្ឋាន​ទំនើប​ៗ និង​ហាង​កាហ្វេ​ឆ្ងាញ់​ៗ​ជា​ច្រើន​បាន​ចូល​ទៅ​តំបន់​នេះ គឺ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តាម​តំបន់​លំនៅ​ឋាន ដែល​ពី​មុន​មាន​តម្លៃ​ត្រឹម​ចន្លោះ​ពី​៦០​ទៅ​៩០​ដុល្លារ កើនឡើង​ដល់​៣០០​ទៅ​៤០០​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស ដី​នៅ​ជុំវិញ​តំបន់​ផ្សារ​ទំនើប AEON និង Mall2 ពី​មុន​មាន​តម្លៃ​ត្រឹម​៤០០​ទៅ​៥០០​ដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន បាន​កើន​ដល់​១.០០០​ទៅ​១.២០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ។

លោក​បន្ត​ថា ៖« តំបន់​នេះ​មានការ​រីក​ចម្រើន​សម​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង និង​សក្តានុពល​ក្នុង​តំបន់ ហើយ​កំណើន​ប្រជាសាស្ត្រ​ក៏​បាន​កើនឡើង​ខ្ពស់​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ