ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​2​ដួង រស់នៅ​បរទេសអាល័យ​អាជីព តែ​ថា ​នៅ​មាន​ឧបសគ្គ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​២​ដួង​រស់នៅ​បរទេស​ចង់​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​វិញ ដោយ​រំភើបចិត្ត​ពេល​ឃើញ​ឃើញ​អ្នក​នាង​អម្ពរ ទេវី ឆ្លៀត​មក​ចូលរួម​សម្តែង ។ អតីត​តារា​សម្តែង​ទាំង​ពីរ​ដួង​នោះ គឺ​អ្នក​នាង​ម៉ៅ សុខ​ចាន់​ធី…

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​២​ដួង​រស់នៅ​បរទេស​ចង់​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​វិញ ដោយ​រំភើបចិត្ត​ពេល​ឃើញ​ឃើញ​អ្នក​នាង​អម្ពរ ទេវី ឆ្លៀត​មក​ចូលរួម​សម្តែង ។

អតីត​តារា​សម្តែង​ទាំង​ពីរ​ដួង​នោះ គឺ​អ្នក​នាង​ម៉ៅ សុខ​ចាន់​ធី និង​លោក​យស បូ​វណ្ណៈ បច្ចុប្បន្ន​រស់នៅ​សហរដ្ឋអាមេរិក ។

អ្នក​នាង​ម៉ៅ សុខ​ចាន់​ធី នៅ​តែ​នឹករលឹក​ការ​សម្តែង​របស់​ខ្លួន​ដដែល បើ​ទោះបីជា​ពេល​នេះ​នាង​ប្រកប​មុខរបរ​ថ្មី​ក្រៅពី​អាជីព​សិល្បៈ​នៅ​ប្រទេស​គេ​ក៏​ដោយ ។ កន្លង​មក​នាង​តែងតែ​ចូលរួម​ក្នុង​វិធី​ជួបជុំ​អ្នកសិល្បៈ ផ្សេង​ៗ ដែល​ទៅ​ពី​ប្រទេស​កម្ពុជា ។

អ្នក​នាង​ម៉ៅ សុខ​ចាន់​ធី និយាយ​ថា «​រហូត​មក​ដល់​ពេល​នេះ​នាង​ខ្ញុំ​នៅ​តែ​នឹករលឹក​ដល់​ការ​សម្តែង ពី​មុន​ៗ​មក ហើយ​មាន​អារម្មណ៍​ចង់​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី ។ បន្ទាប់​ពី​ឃើញ​អ្នក​នាង​អម្ពរ​ទេវី ចូលរួម​សម្តែង​ជា​ថ្មី​នាង​ខ្ញុំ​ក៏​មាន​បំណង​ចង់​សម្តែង​ដែរ ប្រសិន​បើ​មានឱកាស »​។

បើ​តាម​អ្នក​នាង​ម៉ៅ សុខ​ចាន់​ធី ឲ្យ​ដឹង​ថា កន្លង​មក​មាន​ចាងហ្វាង​ផលិតកម្ម​មួយ​ចំនួន​ទាក់ទង​នាង​ឲ្យ​ចូលរួម​ថតកុន​ដែរ ប៉ុន្តែ​ការ​ចរចា​តម្លៃ​មិន​ត្រូវ​គ្នា ។ ម្យ៉ាង​នាង​មមាញឹក​ច្រើន​ទៅ​លើ​ការងារ​នៅ​អា​មេ​រិ​ក ទើប​ដកឃ្លា​សិន ប៉ុន្តែ​បើ​មានឱកាស ហើយ​ចាងហ្វាង​ផលិតកម្ម​អាច​ព្រមព្រៀង​ក្នុង​តម្លៃ​មួយ​សមរម្យ​នោះ នាង​នឹង​ឆ្លៀត​ចូលរួម​សម្តែង ។

អ្នក​នាង​ម៉ៅ សុខ​ចាន់​ធី និយាយ​ថា «​ខ្ញុំ​នៅ​តែ​សន្សំ​ចិត្ត​ចង់​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ​ដដែល ព្រោះ​នៅ​តែ​ស្រឡាញ់ បើ​ទោះបីជា​បច្ចុប្បន្ន​នាង​ខ្ញុំ​បាន​ឃ្លាតឆ្ងាយ​ពី​ប្រទេស​កំណើត និង​បាន​សាង​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នេះ​ក៏​ដោយ​» ។

ចំណែក​អតីត​តារាភាពយន្ត​លោក​យស បូ​វណ្ណៈ ក៏​បាន​បង្ហាញ​អារម្មណ៍​ចង់​វិល​មក​ចូលរួម​សម្តែង​ភាព​ជា​ថ្មី​ដែរ បើ​ទោះបីជា​ពេល​នេះ​លោក​កំពុង​សាង​ជីវិត​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ។

ថ្វី​ដ្បិតតែ​មិន​ទាន់​មានឱកាស​ដូច​តារា​សម្តែង​រួម​ជំនាន់​អ្នក​នាង​អម្ពរ ទេវី ដែល​បាន​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​ក៏​ដោយ ប៉ុន្តែ​លោក​យស បូ​វណ្ណៈ ហាក់​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​ដែរ​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​នោះ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន លោក​យស បូ​វណ្ណៈ តែងតែ​បង្ហោះ​ពី​សកម្មភាព​នៃ​ការ​ច្រៀង​រាំ សម្តែង​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​រយៈ​ជាមួយនឹង​អ្នកសិល្បៈ ចាស់​ៗ​មួយ​ចំនួន​ទៀត ដូច​ជា​អ្នក​នាង​អ៊ុំ សុវណ្ណ​នី លោក​សុវណ្ណ​មុន្នី ជាដើម ។

លោក​យស បូ​វណ្ណៈ ធ្លាប់​អះអាង​ថា លោក​មាន​បំណង​ចូល​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ បើ​ទោះបីជា​ការ​សម្តែង​នោះ​អាច​ត្រឹម​ជា​តួ​ឪពុក​ក៏​ដោយ ។

ក្នុង​នាម​ជា​អ​តី​តារាភាពយន្ត​ខ្មែរ​ដែល​ទទួល​បាន​កិត្តិនាម និង​មានការ​គាំទ្រ​ពី​មហាជន​លោក​យស បូ​វណ្ណៈ នៅ​តែ​មាន​បំណង​ចូលរួម​ថតកុន​ជា​ថ្មី ។ ប្រសិនបើ​ទៅ​ថ្ងៃ​ខាង​មុខ​មានការ​ស្នើ​សុំ​ពី​ម្ចាស់​ផលិតកម្ម​ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​នឹង​ត្រៀមខ្លួន​ស្វាគមន៍​ចំពោះ​ការ​វិល​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ បើ​ទោះបី​ត្រូវ​សម្តែង​ជា​តួអង្គ​បែប​ចាស់ទុំ​ក៏​ដោយ​។ លោក​សង្កេត​ឃើញ​ថា​ក្នុង​ចំណោម​តួ ចាស់​ៗ​ជំនាន់​លោក​ទាំងអស់ គឺ​ហាក់​នៅ​តែ​ពេញ​និយម​សម្រាប់​ទស្សនិកជន​ខ្មែរ​ដដែល ព្រោះ​តួ​ជំនាន់​លោក​សុទ្ធតែ​ចេញពី​ការ​ជ្រើសរើស និង​ហ្វឹកហាត់​យ៉ាង​ត្រឹមត្រូវ ។

លោក​យស បូ​វណ្ណៈ បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​សិល្បៈ​ភាពយន្ត​ខ្មែរ ហើយ​វា​ជំរុញ​ចិត្ត​ឲ្យ​លោក​មាន​បំណង​វិល​មក​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ ប្រសិនបើ​មានឱកាស ។

ទោះជា​យ៉ាងណា​ក្តី​អ្នកដឹកនាំ​រឿង​លោក មុត ថា​រី យល់​ថា​ប្រសិនបើ​ពួក​គាត់​មាន​បំណង​ចង់​វិល​មក​សម្តែង​វិញ​នោះ​គឺជា​ការ​ល្អ​ប្រសើរ​មួយ ប៉ុន្តែ​ទាមទារ​ឲ្យ​យល់​ពី​តម្លៃ​ដែល​ត្រូវ​ផ្តល់​ឲ្យ ។ លោក​បញ្ជាក់​ថា​«​ជា​ធម្មតា​តារា ចាស់​ៗ​ដែល​វិល​មក​ថត​នោះ​គឺ​មិន​អាច​សម្តែង​ជា​តួឯក​ដូច​មុន​ឡើយ ហេតុនេះ​តម្លៃ​គឺ​គិត​ទៅ​តាម​ហ្នឹង ។ បើសិនជា​គាត់​ទាមទារ​ក្នុង​តម្លៃ​មួយ​ខ្ពស់ ដោយ​យល់​ថា គាត់​ធ្លាប់​ល្បី​ពី​មុន​មក​នោះ​គឺជា​បញ្ហា​សម្រាប់​ម្ចាស់​ផលិតកម្ម​ដែល​គ្មាន​លទ្ធភាព​ហៅ​ពួក​គាត់​មក​ថត ។

ខ្ញុំ​សាទរ​ចំពោះ​អ្នកសិល្បៈ ចាស់​ៗ​ដែល​មាន​បំណង​វិល​ចូលរួម​សម្តែង​ជា​ថ្មី ប៉ុន្តែ​សម្រាប់​ផលិតកម្ម​របស់ខ្ញុំ​គឺ​នៅ​មិន​ទាន់​គិតដល់​ការ​ហៅ​ពួក​គាត់ ចាស់ ៗ​មក​ថត​វិញ​នៅឡើយ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ