ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោច​ម្កុដ​៣​ក្បាល​ទៀត​លែងឱ្យ​រស់នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សត្វ​ទោច​ម្កុដ​គូ​ទី​៣ ត្រូវ​អាជ្ញាធរ​ជ​អប្សរា​សហការ​ជាមួយ​អង្គការ​ដៃគូ​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​នៃ​ឧទ្យាន​អង្គរ កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ នៅ​ខ្លោង​ទ្វារ​តា​កាវ នៃ​ទីក្រុង​អង្គរធំ ក្នុង​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ សត្វ​ទោច​ម្កុដ​គូ​ទី​៣ ត្រូវ​អាជ្ញាធរ​ជ​អប្សរា​សហការ​ជាមួយ​អង្គការ​ដៃគូ​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​នៃ​ឧទ្យាន​អង្គរ កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៨ នៅ​ខ្លោង​ទ្វារ​តា​កាវ នៃ​ទីក្រុង​អង្គរធំ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​យិ​ន សូ​វ៉ា​ត អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិ​ស្ថាន​​នៃ​អាជ្ញាធរ​អប្សរា​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​ព្រៃ​ឧទ្យាន​អង្គរ​មាន​សត្វ​ទោច​ចំនួន​១០​ក្បាល​ហើយ ។ ទោច​ម្កុដ​ដែល​លែង​ចំនួន​៣​នេះ គឺ​មេ​មួយ ឈ្មោល​មួយ និង​កូន​មួយ ដែល​កូន​បាន​កើត​ក្នុង​ទ្រុង ហើយ​ក្រុមការងារ​ផ្ស៊ាំ​ក្នុង​ទ្រុង​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ មុន​ពេល​លែង ។

ចំណែក​លោក​និក ម៉ាក នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ឱ្យ​ដឹង​ដែរ​ថា សត្វ​ទោច​ម្កុដ​ដែល​យក​លែង​នេះ គឺ​នាំ​យក​ពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ។ ការ​លែង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ជោគជ័យ​ក្នុង​ការ​លែង​សត្វ​ទោច​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​នា​ពេល​កន្លង​មក ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ឃើញ​ថា តំបន់​អង្គរ​ធ្លាប់​មាន​ប្រភេទ​សត្វ​ទោច​រស់នៅ ប៉ុន្តែ​វា​ផុត​ពូជ​ទៅ​វិញ​នៅ​អំឡុង​ពេល​មាន​សង្គ្រាមស៊ីវិល ។ ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា សហ​ការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​ចាប់ផ្តើម​គម្រោង​ស្ដារ​សត្វព្រៃ​ឡើង​វិញ​ក្នុង​តំបន់​អង្គរ ហើយ​បាន​នាំ​ប្រភេទ​សត្វព្រៃ​ដែល​ធ្លាប់​មាននៅ​តំបន់​អង្គរ​មក​វិញ ដូច​ជា​សត្វ​ទោច​ជាដើម ។

សត្វ​ទោច​ជា​ប្រភេទ​សត្វព្រៃ​ចូល​ចិត្ត​រស់នៅ​ដាច់​ឆ្ងាយ​ពី​គេឯង ឬ​អាច​និយាយ​បាន​ថា ចន្លោះ​ព្រៃ​២០​ហិ​កតា រស់នៅ​បាន​មួយគូ ។ ចំណី​របស់​វា រួម​មាន​ស្លឹកឈើ ផ្លែ​ឈើ និង​ប្រភេទ​សត្វល្អិត ផ្សេង​ៗ ។ សត្វ​ទោច​ចាប់ផ្តើម​មានកូន​នៅ​អាយុ​៥​ឆ្នាំ ហើយ​ចន្លោះ​ពេល​នោះ វា​នឹង​មានកូន​ម្តងទៀត ក្រោយ​កូន​របស់​វា​មាន​អាយុ​ពី​៣​ឆ្នាំ​ឡើង​ទៅ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​លែង​ទោច​ម្កុដ​គូ​ដំបូង​នៅ​តំបន់​ប្រាសាទ​តា​នៃ​នា​ខែមិថុនា ឆ្នាំ​២០១៣ និង​មួយគូ​ទៀត នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ខ្លោងទ្វារ​ខ្មោច​ខាងកើត​ប្រាសាទបាយ័ន ។ ចំណែក​ទោច​ម្កុដ​មួយគូ​នៅ​ម្តុំ​ប្រាសាទ​តា​នៃ បាន​បង្កើតកូន​ចំនួន​ពីរ​លើក គឺ កូន​ទី​មួយ​ជា​កូនញី នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥ និង​កូន​ទី​២ កើត​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៧ ។ ចំណែក​គូ​ទី​២ នៅ​ខ្លោងទ្វារ​ប្រាសាទ ក៏​បាន​បង្កើតកូន​មួយ​ក្បាល​ផង​ដែរ​។ សរុប​ទាំងអស់ សព្វថ្ងៃ​នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​មាន​សត្វ​ទោច​ចំនួន​១០​ក្បាល រាប់​ទាំង​ការ​លែង​ជា​លើក​ទី​៣​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ